កំពង់ឆ្នាំងៈ មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា សត្វគោ ក្របី​ ១៩២ ​ក្បាល​ ដែល​ត្រូវបាន​ឃាត់​ពេល​កំពុង​ដឹក​តាម​រថយន្ត​ធុន​ធំ​ ៤ ​គ្រឿង ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នោះ​មិន​មាន​បញ្ហា​សុខភាព​​នោះទេ ខណៈ​ម្ចាស់​ក្រុមហ៊ុន​ដែល​ដឹកជញ្ជូន​សត្វ​ទាំង​ទើប​បាន​ចូលខ្លួន​មក​បង់ពិន័យ​អន្តរកាល​ពាក់ព័ន្ធ​ករណី​ដឹក​លើស​ការស្នើសុំ​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​យប់​ថ្ងៃទី​ ១ ខែ​ឧសភា កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បាន​ឃាត់​រថយន្ត​ដឹក​សត្វ​គោក្របី ៤ ​គ្រឿង​ក្នុងនោះ​ ៣ ​គ្រឿង​ដឹក​ចេញ​ពី​​ថៃ ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ ១ ​គ្រឿង​ទៀត​ដឹក​ចេញ​ពី​ខេត្តបាត់ដំបង​ឆ្ពោះ​ទៅ​ខេត្តតាកែវ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយ​​ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លិខិតស្នាម​ផ្សេងៗ សមត្ថកិច្ច​យើង​បាន​រកឃើញ​នូវ​ភាពមិន​ប្រក្រតី​មួយ​ចំនួន​រួមមាន កង្វះ​លិខិត​បញ្ជាក់​អំពី​សុខភាព​សត្វ​​ពី​ដើមទី និង​ដឹកជញ្ជូន​សត្វ​គោ ក្របី លើសពី​ចំនួន​ដែល​ត្រូវ​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​»​។

លោក​បាន​បន្ថែមថា រថយន្ត​មួយ​ស្នើសុំ​ដឹក​តែ​ ១០ ​ក្បាល​ តែ​ដឹក​រហូត​ដល់​ ៣៨ ​ក្បាល រីឯ​រថយន្ត​មួយទៀត​សុំ​ដឹក​ ២០ ​ក្បាល ​តែ​ដឹក​រហូត​ដល់​ ៥៤ ​ក្បាល​។ ​ចំណែក​រថយន្ត​ ២ ​គ្រឿង​ទៀត សុំ​ដឹក​ ៣០ ​ក្បាល តែមួយ​ដឹក​រហូត​ដល់​ ៤៨ ​ក្បាល និង​មួយទៀត​ដឹក​ដល់​ ៥២ ​ក្បាល​។ ការប្រព្រឹត្ត​ផ្ទុយ​ពី​លិខិត​ស្នើសុំ​នេះ​ជា​អំពើ​ល្មើសច្បាប់ ដែល​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​គោក្របី​នីមួយៗ​ត្រូវ​បង់ប្រាក់​ផាក​ពិន័យ​ពី​ ១០ ​លាន​រៀល​ដល់​ ១៥ ​លាន​រៀល​ ក្នុង​រថយន្ត​ ១ ​គ្រឿង​។

លោក​បាន​ថ្លែងថា​៖ «​សំណាង​ហើយ​ដែល​ក្រោយ​ពី​មន្ត្រី​ជំនាញ​យើង​បាន​បូម​ឈាម​ពី​សត្វ​គោក្របី​ទាំងនោះ ទៅ​ពិសោធ​រក​មិនឃើញ​មាន​មេរោគ ឬ​ជំងឺឆ្លង បើ​ពុំនោះ​វា​​នឹង​បង្ក​ការរាតត្បាត​ដល់​សត្វ​គោក្របី​នៅក្នុង​ស្រុក​របស់​យើង​ថែមទៀត​»​។

បើ​តាម​លោក ផាន់ ណារ៉ា ទាំង​រថយន្ត និង​គោក្របី​ទាំងនោះ​កំពុង​ត្រូវបាន​ឃាត់ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ខេត្តកំពង់ឆ្នាំង​ដើម្បី​រង់ចាំ​ម្ចាស់​អាជីវកម្ម​ចូលខ្លួន​មក​ដោះស្រាយ និង​បង់ប្រាក់​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​។

ជុំវិញ​ករណីនេះ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ស្វែង​ប្រភព​ដើម្បី​ទាក់ទង​ម្ចាស់​អាជីវកម្ម​សុំ​ការបំភ្លឺ​​បានទេ ខណៈ​សមត្ថកិច្ច​អះអាង​ថា រថយន្ត​ដឹកគោ​ក្របី​ទាំង​ ៤ ​គ្រឿង​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អង្គរ​សុខសែនជ័យ​ដែល​មាន​ម្ចាស់​ឈ្មោះ​​ ជឹម សុខ​។

យ៉ាងណា​ក៏ដោយ​លោក ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​បាន​បញ្ជាក់ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ករណី​​នេះ តំណាង​ក្រុមហ៊ុន​អង្គរ​សុខសែនជ័យ​បាន​ចូលខ្លួន​មក​​បង់ប្រាក់​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​រួចហើយ បន្ទាប់ពី​សន្យា​ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់​​រថយន្ត​ទាំងនោះ​៕