ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ បាន​អះអាង​កាលពី​ម្សិលមិញ​ថា​សមត្ថកិច្ច​នឹង​ស៊ើបអង្កេត​ករណី​ក្លែង​លិខិត​របស់​សមាជិក​គណបក្ស​ប្រជាជន​ខេត្ត​បាត់ដំបង​ដែល​បាន​អំពាវ​ឲ្យ​ដក​លោក​ ហ៊ុន សែន ពី​ប្រធាន​គណបក្ស​ និង​ពី​នាយករដ្ឋមន្ត្រី ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់ទុក​លិខិត​នោះ​ថា មាន​ចេតនា​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។

ការលើក​ឡើង​របស់​ថ្នាក់ដឹកនាំ​​ក្រសួងមហាផ្ទៃ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​លិខិត​មាន​បន្លំ​ត្រា​គណបក្ស​ប្រជាជន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា​ឆ្នាំនេះ​ ទាក់ទង​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​របស់​សហគមន៍​អឺរ៉ុប​ដែលថា នាំ​ឲ្យ​កម្ពុជា​ខាតបង់​ចំណូល​ជាតិ​​នូវ​ទឹកប្រាក់​ជាង​ ២ ​ពាន់​លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ​។ ​លិខិត​ដដែល​ក៏បាន​អំពាវនាវ​ដល់​សមាជិក​គណៈ​អចិន្រៃ្តយ៍​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​លោក ហ៊ុនសែន ផងដែរ​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ​។

យ៉ាងណាក្ដី​ជា​ការឆ្លើយតប​នឹង​លិខិត​ខាងលើ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​កាលពី​ទី​ ១៥ ខែ​វិច្ឆិកា​ដោយ​លោក​បាន​ចាត់ទុក​លិខិត​​ខាង​លើ​ថា​ជា​ទង្វើ​របស់​គណបក្ស​ប្រឆាំង​ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​ជំទាស់​ហើយ​មកពី​មជ្ឈដ្ឋាន​ប្រឆាំង​ហើយ ហើយ​ខ្ញុំ​ព្រះកុរណា​ខ្ញុំ​បាន​ចាត់ចែង​ឲ្យ​គ​ ៨៥ ហើយ គណបក្ស​នៅ​បាត់ដំបង​ធ្វើការ​បដិសេធ​រួចហើយ​។ ​គឺថា​បំណង​មិនល្អ​របស់​អ្នកប្រឆាំង​ក្នុង​ន័យ​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​ដែល​យើង​ប្រឆាំង​ដាច់ខាត ហើយ​មិនអាច​ទទួល​យក​បានទេ​»​។

ទន្ទឹមនឹងនេះ​កាលពី​ថ្ងៃ​ ១៥ ​វិច្ឆិកា​ដដែល​នោះ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​បាត់ដំបង​ក៏បាន​ចេញ​សេចក្ដី​ប្រកាស​បដិសេធ​ផងដែរ​ដោយបាន​ចាត់ទុក​លិខិត​ខាងលើ​ថា​​ក្លែងក្លាយ​ដែល​ធ្វើឡើង​ដោយ​ក្រុម​ពួកអគតិ​ក្នុង​បំណង​បំភាន់​​មតិ​ជាតិ​អន្ដរជាតិ និង​សាធារណជន​ឲ្យ​មាន​ការយល់ច្រឡំ​​ និង​បំបែកបំបាក់​សាមគ្គីភាព​​ឯកភាព​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​គ្រប់លំដាប់​ថ្នាក់​។

សេចក្តី​ប្រកាស​នោះ​បញ្ជាក់ថា​៖ «​សូម​ស្នើសុំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​ចំពោះ​សកម្មភាព​ខ្មៅ​កខ្វក់​ប្រកប​ដោយ​ឧបាយកល​ញុះញង់​បែប​ថ្មី​ដ៏ពិសពុល​ដែល​មិនអាច​ទទួល​យក​បាន​​ជាដាច់ខាត​...»​។

ដោយឡែក​លោក ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ការហួសចិត្ត​ចំពោះ​ការចេញលិខិត​ក្លែងក្លាយ​នេះ ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​នឹង​ស៊ើបអង្កេត​​រក​បុគ្គល​មុខសញ្ញា​ដែល​បាន​បង្កើត​លិខិត​ញុះញង់​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​នោះ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​គួរ​ឲ្យ​អស់សំណើច​ណាស់​ចំពោះ​អ្នក​ដែល​បានធ្វើ​។​...​វា​ពូកែ​ជ្រើសរើស​ខេត្ត​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ខេត្ត​ដទៃ​ទៀត វា​មិន​យក​ទេ​។

ការពិត​ហើយ​វា​ជា​លិខិត​ក្លែងក្លាយ​សុទ្ធសាធ​។ គ្រាន់តែ​ចេញ​​មក​គេ​ដឹង​បាត់​ហើយ និង​គ្មាន​គេ​ចាប់អារម្មណ៍​ទេ​។ លិខិត​នេះ​មានបំណង​ដើម្បី​បំបែក​បំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន ហើយ​ការព្យាយាម​បំបែកបំបាក់​បែបនេះ​មាន​តាំងពី​ឆ្នាំ​ ១៩៧៩​។ ​មិនយូរ​មិនឆាប់​យើង​គង់តែ​រកឃើញ​។ ​យើង​ស៊ើបអង្កេត​រក​អ្នក​ដែល​បាន​ប្រព្រឹត្ត​យកមក​ផ្តន្ទាទោស​»​។

លោក​ ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​ករណី​ខាង​លើ​បាន​ទេ​កាលពី​ម្សិលមិញ​៕