
សសរថ្មដែលមន្ត្រីអះអាងថា មានអាយុកាលខ្ទង់ ១ លានឆ្នាំ ដែលគេប្រទះឃើញនៅដែនជម្រកសត្វព្រៃកែវសីមា។ រូបថត ក្រសួងបរិស្ថាន
មណ្ឌលគិរីៈ សសរថ្មបាសាល់រាប់រយដើមត្រូវប្រទះឃើញស្ថិតនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃកែវសីមាក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីដោយមន្ត្រីអះអាងថា ថ្មដែលកើតចេញពីកម្អែភ្នំភ្លើងនេះមានអាយុកាលខ្ទង់ ១ លានឆ្នាំមកហើយ។
លោក កែវ សុភ័ក្ដ្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ប្រភេទថ្មបាសាល់នេះត្រូវបានមន្ត្រីក្រសួងបរិស្ថានប្រទះឃើញកាលពីសប្ដាហ៍មុន។ លោកបន្តថា សសរថ្មស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះគឺដូចគ្នាទៅនឹងសសរថ្មដែលត្រូវបានគេរកឃើញកាលពីខែមករា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរក្នុងភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដាដែលខាងនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងបរិស្ថានវាយតម្លៃថា គឺមានអាយុកាលខ្ទង់ ១ លានឆ្នាំមកហើយ។
លោកបន្តថា៖ «នៅមណ្ឌលគិរីទើបរកឃើញ ២ កន្លែងហ្នឹងទេហើយតាមពិត គឺគេឃើញវារាល់ដងដែរ តែគេមិនសូវចាប់អារម្មណ៍។ ទីតាំងហ្នឹងវានៅតំបន់ស្នូលនៃដែនជម្រកដែលយើងត្រូវការពារជាប្រចាំ»។
លោក កែវ សុភ័ក្ដ្រ បានបញ្ជាក់ថា ទីតាំងរបស់ថ្មដែលស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកនេះគឺមិនមានពលរដ្ឋអាចចេញចូលបានឡើយ។ លោកលើកឡើងទៀតថាថ្មទាំងនោះគឺមានប្រវែងខុសៗគ្នាគឺចាប់ពី ១ ម៉ែត្រទៅដល់ ៣ ម៉ែត្រ ដោយសសរខ្លះគឺស្ថិតនៅក្នុងដីនៅឡើយ ហើយមួយចំនួនដែលផុសឡើងមកលើដីគឺអាចដោយសារបន្ទាប់ពីមានភ្លៀងធ្លាក់ធ្វើឱ្យដីហូរច្រោះអស់រាប់ពាន់ឆ្នាំមកនេះ។
កាលពីដើមខែមករាកន្លងទៅក្រុមជនជាតិដើមភាគតិច នៅឃុំប៊ូស្រា ក៏បានរកឃើញទីតាំងដុះសសរថ្មប្រភេទនេះនៅក្នុងដែន ជម្រកសត្វព្រៃភ្នំណាមលៀរដែលមានចម្ងាយពីផ្ទះពលរដ្ឋប្រហែល ១០ គីឡូម៉ែត្រ និងពីព្រំដែនវៀតណាមប្រហែល ៤០ គីឡូម៉ែត្រ។ ជនជាតិដើមភាគតិចអះអាងថា ថ្មទាំងនោះត្រូវបានគេព្យាយាមលួចគាស់ដើម្បីដឹកយកទៅលក់នៅក្នុងប្រទេសវៀតណាម។
ក្រោយពីមានការលើកឡើងពីជនជាតិដើមភាគតិចនេះ ក្រសួងបរិស្ថានក៏បានចាត់មន្ត្រីមួយក្រុមឲ្យចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងមានដុះសសរថ្មធម្មជាតិរាប់ពាន់ដើមនេះ។ ក្រសួងបានចាប់ផ្ដើមសិក្សា ដើម្បីបង្កើតទៅជាតំបន់អភិរក្សបេតិកភណ្ឌឈ្មោះ «ឡាំមេះ» និងអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍នាពេលខាងមុខក្រោយពីពិនិត្យឃើញនៅទីតាំងដុះថ្មទាំងនោះមានទាំងដើមឈើប្រភេទប្រណីតដូចជាដើមរកា ដើមជ្រៃលាភ នាងនួន ធ្នង់ ស្រឡៅ ឈើទាល ដើមឫស្សី និងឈើផ្សេងទៀត រួមទាំងសត្វព្រៃជាច្រើនប្រភេទ ដូចជា ក្ដាន់ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មាបា សត្វកេងកង ជាដើម។
លោក គ្រើង តុលា សកម្មជនព្រៃឡង់នៅខេត្តមណ្ឌលគិរីបានលើកឡើងថា តាមព័ត៌មានដែលលោកទទួលបានគឺប្រភេទថ្មបាសាល់នេះកំពុងត្រូវបានក្រុមឈ្មួញជនជាតិវៀតណាម និងចិនត្រូវការខ្លាំងដោយក្នុង ១ ដើមដែលមានទទឹងចាប់ពី ៤០ សង់ទីម៉ែត្រ និងមានប្រវែងបណ្ដោយ ៣ ម៉ែត្រគឺអាចលក់បានក្នុងតម្លៃចាប់ពី ២ ទៅដល់ ៤ ពាន់ដុល្លារ។
លោកថា៖ «កាលពីមុនមានបទល្មើសព្រៃឈើឥឡូវដល់ពេលឈើកាប់អស់ហើយចូលដល់ទន្ទ្រានយកដីម្ដងរហូតធ្វើឱ្យរឿងដីហ្នឹងក្លាយជាបញ្ហាជំងឺរ៉ាំរ៉ៃ។ ឥឡូវនេះកាលពីពេលថ្មីៗនេះមានឈ្មួញវៀតណាម និងចិន កំពុងនិយមចង់បានថ្មហ្នឹង។ អ៊ីចឹង!ខ្ញុំចង់ឱ្យក្រសួងបរិស្ថានត្រូវមានវិធានការដោយភាពម៉ឺងម៉ាត់ដោយត្រូវមានឆ្មាំអភិរក្សឱ្យបានត្រឹមត្រូវ និងត្រូវលើកទឹកចិត្តសហគមន៍ការពារព្រៃឈើដែលចូលរួមការពារថ្មទាំងនេះ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា សសរថ្មទាំងនេះគឺជាផ្នែកមួយដ៏សំខាន់នៃអេកូទេសចរណ៍ និងបេតិកភណ្ឌ ហើយក្រសួងកំពុងបន្តសិក្សានៅឡើយអំពីទីតាំងថ្មទាំងនោះ ដើម្បីរៀបចំប្លង់សម្រាប់ការងារអភិរក្សផង និងរៀបចំជាតំបន់ទេសចរណ៍ផង។
លោកថា៖ «ពីព្រោះថ្មទាំងអស់មានតម្លៃសម្រាប់ការសិក្សាអំពីប្រវត្តិសាស្ដ្រ អំពីជីវចម្រុះ និងអំពីបេតិកភណ្ឌរបស់យើងដែលជាផ្នែកមួយដ៏សំខាន់អ៊ីចឹងនៅក្នុងតំបន់ការពារធម្មជាតិហ្នឹងគឺមិនមែនត្រឹមតែសម្បូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះទេ ប៉ុន្តែក៏មានបេតិកភណ្ឌប្រវត្តិសាស្ដ្រផងដែរ ដែលយើងត្រូវការពារ»៕
វីដេអូ៖