ភ្នំពេញៈ មន្ត្រី​បាន​លើកឡើង​ថា សាលារៀន​ដែល​មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​នឹង​ត្រូវ​បើកទ្វារ​ឡើងវិញ​នៅក្នុង​ខែ​សីហា ខណៈ​សាលារៀន​ដែល​មាន​ស្ដង់ដា​​សុវត្ថិភាព​មធ្យម និង​ស្ដង់ដា​អប្បបរមា​​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​បើកទ្វារ​ជា​បន្តបន្ទាប់​ទៀត​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រសួង​នឹង​ស្នើសុំ​ការសម្រេច​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​អនុញ្ញាត​ឱ្យ​សាលារៀន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​មួយ​ចំនួន​តូច បើក​ដំណើរការ​សាកល្បង​នៅ​អំឡុង​ខែក្រោយ​នេះ ប៉ុន្តែ​សាលា​ទាំងនោះ​ត្រូវតែ​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​បង្ការ​ជំងឺឆ្លង​កូវីដ​១៩​។

លោក​ថា​យោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​អន្តរក្រសួង ក្រសួង​អប់រំ​នឹង​ស្នើសុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នូវ​វិធានការ​ចាំបាច់​សម្រាប់​ការបើក​ដំណើរការ​សាលារៀន​ដំណាក់កាល​ទី​ ១​។

លោក​បន្តថា​៖ «​គ្រឹះស្ថាន​សិក្សា​ត្រូវ​ចុះកិច្ចសន្យា​ទទួល​ខុសត្រូវ​លើ​ការអនុវត្ត​វិធានការ​សុវត្ថិភាព សុខភាព​សិស្ស​ គឺ​ការអនុវត្ត​លក្ខខណ្ឌ​តម្រូវ​នៃ​ការលើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូវីដ​ ១៩ ​ការរៀបចំ​បរិស្ថាន​សាលារៀន និង​ថ្នាក់រៀន​ឲ្យ​ស្រប​តាម​ស្តង់ដា​សុវត្ថិភាព​សុខភាព​សិក្សា​ការរក្សា​គម្លាត​សុវត្ថិភាព ការវាស់​កម្តៅ​បុគ្គល​ជាប្រចាំ និង​ការលាងដៃ​ជាប្រចាំ ការពាក់​ម៉ាស់​ជាដើម​»​។

លោក​បន្តទៀត​ថា គ្រឹះស្ថានសិក្សា​គឺ​ត្រូវ​អនុវត្ត​ការអប់រំ​តាម​គន្លង​ថ្មី គឺ​រៀន​ក្នុង​ថ្នាក់​ខ្លះ និង​រៀន​អនឡាញ​ខ្លះ តាម​គោលការណ៍​ស្ម័គ្រចិត្ត​ និង​ការយល់ព្រម​ពី​មាតាបិតា និង​ត្រូវ​រៀបចំ​ក្រុម​ការងារ​ទទួលបន្ទុក​សុវត្ថិភាព​សុខភាព​សិក្សា​ដើម្បី​ត្រួតពិនិត្យ​ជាប្រចាំ​ក្រោម​ការដឹកនាំ​របស់​ប្រធាន​គ្រឹះស្ថានសិក្សា និង​ម្ចាស់​ភាគហ៊ុន​។

ជាមួយ​គ្នា​នេះ​គ្រឹះស្ថាន​សិក្សា​ក៏ត្រូវ​ធ្វើតេស្ត​ពិនិត្យ​សុខភាព​រក​ជំងឺ​កូវីដ​១៩ លើ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស និង​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា​មួយ​ចំនួន​ដែល​ក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការអនុវត្ត​របស់​គ្រឹះស្ថាន​សិក្សា​ទាំងនេះ​។ ទោះ​យ៉ាងណា​លោក​ រស់ សុវាចា ពុំបាន​បញ្ជាក់​ពី​ចំនួន​សាលា និង​ថ្ងៃ​កំណត់​ពិតប្រាកដ​នៃ​ការបើក​សាលារៀន​ក្នុង​ដំណាក់កាល​ទី​ ១ ​នេះ​ទេ​។

ក្រសួង​អប់រំ​បាន​ប្រកាស​អនុញ្ញាត​រួចហើយ​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​រដ្ឋ​អាច​រៀបចំ​ប្រឡង​បញ្ចប់​ឆ្នាំ​រយៈពេល​ ២ ​ថ្ងៃ​នៅ​តាម​សាលា ហើយ​គ្រឹះស្ថានសិក្សា​ឯកជន​ក៏​អាច​រៀបចំ​ការប្រឡង​ឌីប្លូម បាក់ឌុប និង​ការប្រឡង​បញ្ចប់​ឆ្នាំ​នៅ​តាម​សាលារៀន​រៀងៗ​ខ្លួន​បានដែរ​។

លោក ពឹង គិមឆេន នាយក​សាលាបឋមសិក្សា​វត្តបូព៌​នៅ​ខេត្ត​សៀមរាប ដែល​ជា​សាលារៀន​មួយ​ត្រូវ​បាន​ក្រសួង​អប់រំ​ទទួល​ស្គាល់​ថា ជា​សាលា​គំរូ​ក្នុង​ការបណ្ដុះបណ្ដាល​សិស្ស​មាន​សីលធម៌ សុជីវធម៌ វិន័យ និង​មាន​អនាម័យ​ខុសប្លែក​ពី​សាលាដ​ទៃទៀត​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ត្រៀម​វិធានការ​បង្ការ​ជំងឺ​កូវីដ​​ ១៩​​ មួយ​ចំនួន​រួចរាល់​ហើយ ដើម្បី​អនុវត្ត​ក្នុង​ករណី​ក្រសួង​អនុញ្ញាត​ឱ្យ​បើក​សាលា​វិញ​។

លោក​បញ្ជាក់ថា​៖ «​វិធានការ​របស់ខ្ញុំ​គឺ​ទី​ ១ យើង​ត្រូវ​រៀបចំ​បន្ទប់រៀន​នីមួយៗ ឱ្យមាន​​គម្លាត​សុវត្ថិភាព​ទី​ ២ ​បែងចែក​ពេលវេលា​រៀន​ជា​ ២ ​វេន​សម្រាប់​សិស្ស​ជា​ ២ ​ក្រុម​ឧទាហរណ៍​ថា ថ្នាក់​មាន​សិស្ស​ ៥០ ​នាក់​យើង​ត្រូវ​បែងចែក​ ១ ​ក្រុម ២៥ ​នាក់​ ហើយ​យើង​អប់រំ​គាត់​ឱ្យ​ចេះ​ប្រើប្រាស់​របស់​ណា​ដែល​ជា​របស់ខ្លួន កុំឱ្យ​ប៉ះពាល់​របស់​រួម​នៅក្នុង​ថ្នាក់រៀន​»​។

លោក​បន្ថែមថា​៖«​ចំពោះ​នៅ​ខាងក្រៅ​ថ្នាក់រៀន​វិញ គឺ​យើង​បានរៀបចំ និង​ប្រយ័ត្នប្រយែង​តាំងពី​មុន​ចូល​បរិវេណ​សាលារៀន​ទី​ ១ ​គឺ​យើង​ត្រូវ​វាស់​កម្ដៅ​សិន​គ្រប់​សិស្ស​ទាំងអស់​ទី​ ២ ​ត្រូវ​ឱ្យ​ពួកគេ​លាងដៃ​ជាមួយ​សាប៊ូ និង​អាល់កុល​ដែលមាន​ស្រេច ហើយ​ទី​ ៣ យើង​មាន​ក្រុមការងារ​ប្រចាំការ​ដើម្បី​ណែនាំ​ឱ្យ​ពួកគាត់​ (​សិស្ស​) ​កុំ​ឱ្យ​ដើរ​ប្រកៀកប្រកើយ​គ្នា​»​។

ចំណែក​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា​ ដែល​បាន​លើកឡើង​ពី​ជម្រើស​ដែល​រដ្ឋាភិបាល​គួរ ឬ​មិនគួរ​ធ្វើ​ក្នុង​ការបើក​សាលារៀន​ឡើងវិញ នៅពេល​សាលារៀន​ត្រូវ​បើក​ឲ្យ​សិស្ស​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នាពេល​ខាង​មុខ​។

លោក​បាន​លើកឡើង​ថា​ការបិទ​សាលារៀន​យូរ​ទំនង​មាន​ទំហំ​ខាតបង់​សង្គម​ដែល​ពិបាក​វាស់​បាន ព្រោះ​សិស្ស​រាប់លាន​នាក់​អាច​ប្ដូរ​ឥរិយាបថ​ទៅ​ជា​មិនល្អ ដោយសារ​ទម្លាប់​លេង​ហ្គេម​ជ្រុល​សម្រាប់​សិស្ស​មាន​ស្មាតហ្វូន ឬ​កុំព្យូទ័រ និង​មាន​ទម្លាប់​ដើរលេង​ជ្រុល សម្រាប់​សិស្ស​ក្រីក្រ​មិនមាន​ឧបករណ៍​ទាំងនេះ​ប្រើប្រាស់ ស្រប​ពេល​ដែល​លោក​យល់ឃើញ​ថា ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង​ជំងឺ​កូវីដ ១៩ ​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ឬ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​គឺ​តាមរយៈ​ការធ្វើ​ដំណើរ​របស់​កម្មករ និង​អ្នកទេសចរ​តាម​មធ្យោបាយ​សាធារណៈ​៕