បន្ទាយមានជ័យៈ អ្នកស្រុក​មង្គលបុរី​អាច​នឹង​ប្រឈម​ចំពោះ​កង្វះខាត​ទឹក​ប្រើប្រាស់ ខណៈ​ប្រភពទឹក​នៅក្នុង​ស្ទឹង​មង្គលបុរី គោករីង​យ៉ាង​ឆាប់រហ័ស ដែល​បញ្ហា​កំពុង​ប្រឈម​នេះ​អាច​ធានា​ការប្រើប្រាស់​ក្នុង​រយៈពេល​ប្រហែល​ ៣ ​ថ្ងៃ​ទៀត​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី ​៨ មករា​។

លោក​ ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ប្រភពទឹក​នៅ​ស្ទឹង​មង្គលបុរី​កាលពី​ថ្ងៃទី​ ៨ ខែ​មករា ដើម្បី​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ក្នុង​ស្រុក​មង្គលបុរី និយាយ​ថា​ទឹកស្ទឹង​មង្គលបុរី​អាច​រីងស្ងួត​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខនេះ បើ​គ្មាន​ការ​បូម​បង្វែរ​ប្រភពទឹក​ពី​តំបន់​ផ្សេងទៀត​មកជួយ​ទេនោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​ការពិនិត្យ​ភាពជាក់ស្ដែង​ប្រភព​ទឹក​នៅ​ស្ទឹងមង្គលបុរី​អាច​ធានា​ការប្រើប្រាស់​បាន​តែ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​»​។

បើ​តាម​លោក​ យុត្ថា ភាព​រីងស្ងួត​យ៉ាង​ឆាប់រហ័ស​នៃ​ប្រភព​ទឹកស្ទឹង​មង្គលបុរី​នាពេលនេះ គឺ​ដោយសារ​ប្រជាកសិករ​ធ្វើ​ស្រូវប្រាំង​លើស​ពី​ផែនការ​ដែល​បាន​គ្រោងទុក​ចំនួន​ជាង​ ១០​ ​ដង​។ ផែន​ការដាំដុះ​របស់​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ការធ្វើ​ស្រូវប្រាំង​ក្នុង​ស្រុក​នេះ​មាន​ត្រឹមតែ​ ៧ ​ពាន់​ហិកតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្ដែង​ប្រជាកសិករ​បាន​ដាំដុះ​ស្រូវប្រាំង​រហូត​ដល់​ជិត​ ៨ ​ម៉ឺន​ហិកតា​ក្នុង​នោះ​ការដាំដុះ​ស្រូវប្រាំង​លើក​ទី​ ១ ​មាន​ជាង​ ៥ ​ម៉ឺន​ហិកតា និង​ស្រូវប្រាំង​លើក​ទី​ ២ ​មាន​ជាង​ ២ ​ម៉ឺន​ហិកតា​។

យ៉ាងណា​ក៏ដោយ​នៅ​ចំពោះមុខ​បញ្ហា​នេះ លោក​ យុត្ថា បាន​ដឹកនាំ​ក្រុមការងារ​បូម​បង្វែរ​ទឹក​ពី​ប្រភព​ផ្សេងៗ​មកកាន់​ស្រុក​មង្គលបុរី​ដោយ​ដំឡើង​ស្ថានីយ​បូមទឹក​ចេញពី​ស្ទឹង​សិរីសោភ័ណ​ទម្លាក់​ចូលទៅក្នុង​ប្រឡាយ​មេ ដើម្បី​ឲ្យ​ហូរ​ចូល​ទៅក្នុង​ស្ទឹង​មង្គលបុរី​។ ទន្ទឹមនេះ​លោក​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ និង​កុំ​ធ្វើការ​ដាំដុះ ស្រូវប្រាំង​បន្ថែមទៀត​ព្រោះ​រដូវប្រាំង​នៅ​សល់​រយៈពេល​វែង​ទៀត​។

លោក​ថ្លែងថា​៖ «​ទឹក​ដែល​យើង បូម​បង្វែរ​ទៅនេះ​គឺ​អាច​ឆ្លើយតប​តែ​ទៅលើ​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​មិន​សម្រាប់​ការផ្គត់ផ្គង់ ស្រូវប្រាំង​នោះទេ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ធ្វើការ​ដាំដុះ​ស្រូវប្រាំង​បន្ថែម​ទៀត និង​សូម​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​»​។

លោក​ ស៊ាង វ៉ាន់សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការធ្វើ​ស្រូវប្រាំង​ដែល​រាប់​ចាប់ពី​ចុង​ខែ​វិច្ឆិកា ២០១៩ ​មក​ខាង​មន្ទីរ​បានកំណត់​ផែន​ការដាំដុះ​នៅ​ទូទាំង​ខេត្ត​ត្រឹម​ចំនួន​ ២២០០០ ​ហិកតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រជាកសិករ​បាន​ដាំដុះ​លើ​ផ្ទៃដី​រហូត​ដល់​ជាង​ ៥ ​ម៉ឺន​ហិកតា​ក្នុង​នោះ​ប្រជាកសិករ​នៅ​ស្រុក​មង្គលបុរី​បាន​ដាំដុះ​ស្រូវប្រាំង​ច្រើន​ជាងគេ​គឺ​រហូត​ដល់​ជាង​ ៣ ​ម៉ឺន​ហិកតា​។

លោក​ថ្លែងថា​៖ «​ថ្វីបើ​ប្រភព​ទឹកស្ទឹង​មង្គលបុរី​មាន​ការគោក​រីង​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ពុំទាន់​មាន​ស្រូវ​របស់​ប្រជាកសិករ យើង​ណា​ម្នាក់ រង​ការខូចខាត​ដោយសារ​កង្វះ​ទឹក​ស្រោចស្រព​នោះទេ​។ ទន្ទឹមនឹង​នេះ​ប្រជាកសិករ យើង​ក៏បាន​ប្រមូលផល​ស្រូវប្រាំង​ប្រមាណ​ ៤០ ​ភាគរយ​ហើយ​ដែរ​គិត​ត្រឹម​ថ្ងៃទី​ ៨ ខែ​មករា ឆ្នាំ​ ២០២០​នេះ​»​។

លោក​ កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ៨ មករា ថា​ស្រូវប្រាំង​ប្រជាកសិករ​ចំនួន​ ៣៥០០០ ​ហិកតា​នៅ​ខេត្ត​បាត់ដំបង​បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ កំពត និង​ខេត្តតាកែវ​កំពុង​ប្រឈម​បញ្ហា​កង្វះ​ទឹក​។

លោក​បាន​បន្ត​ថា ខណៈ​នេះ​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​កំពុង​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​ធនធានទឹក​ចុះ​បូមទឹក​បញ្ចូល​ស្រែ ដើម្បី​សង្គ្រោះ​ស្រូវប្រាំង​ទាំងនោះ​ជូន​ប្រជាកសិករ​ជា​បណ្ដើរៗ​ហើយ​។

លោក​ រ័ត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គលបុរី​និយាយ​ថា ការគោក​រីង​ទឹកស្ទឹង​មង្គលបុរី​ដ៏ឆាប់រហ័ស​នេះ​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​ពលរដ្ឋ​ជាង​ ៧០០០ ​គ្រួសារ​នៅក្នុង​ស្រុក​នេះ​។

លោក​ថ្លែងថា​៖ «​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត​នៅពេល​ខាងមុខ​ដ៏ខ្លី​នេះ​គឺ​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ដែល​បញ្ហា​នេះ វា​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​យើង​ជាង ​៧០០០ ​គ្រួសារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ដល់​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ដែល​កំពុង​ផ្ដល់​ការព្យាបាល​ដល់​អ្នកជំងឺ រាប់រយ​នាក់​ក្នុង ១ ​ថ្ងៃៗ​»​។

លោក​បន្តថា នៅពេល​នេះ​ក្រុមការងារ​ថ្នាក់​ខេត្ត​កំពុង​ដំឡើង​ម៉ាស៊ីន​បូមទឹក ដើម្បី​បូមទឹក​ពី​ស្ទឹង​សេរី​សោភ័ណ និង​ប្រព័ន្ធ​ដៃអូរ និង​ព្រែក​មួយ​ចំនួន​ពី​ទំនប់​ស្ទាក់​ទឹក​នៅ​ផ្នែក​ខាងក្រោម ចាក់​មក​ក្នុង​ស្ទឹង​មង្គលបុរី ដើម្បី​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ខាងលើ​។ ប៉ុន្តែ​មិន​ដឹងថា​ការបូមទឹក​ពី​តំបន់​ផ្សេងៗ​មកជួយ​នេះ​អាច​ទប់ទល់​នឹង​ភាពខ្វះខាត​បាន​រយៈពេល​ប៉ុន្មាន​ខែ​នោះទេ ខណៈ​រដូវប្រាំង​នៅ​មាន​រយៈពេល​វែង​៕