ភ្នំពេញ: អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច (FUNCINPEC) លោក ណុប សុធារិទ្ធិ បានអះអាងកាលពីម្សិលមិញថា គណបក្សហ៊្វុនស៊ិនប៉ិចគ្មានគម្រោងបង្រួបបង្រួមគ្នាជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទេ ដោយសារលក្ខន្តិកៈគណបក្សមិនមានចែង ប៉ុន្ដែលោកថា គណបក្សបានស្វាគមន៍សមាជិកពីបក្សផ្សេងមកចូលរួមក្នុងជីវភាពនយោបាយជាមួយហ៊្វុនស៊ិនប៉ិច។
លោក ណុប សុធារិទ្ធិ បានថ្លែងថាលោក ញឹក ប៊ុនឆៃ បានទៅសួរសុខទុក្ខសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាធម្មតាកាលពីថ្ងៃទី ១៣ កញ្ញា ប៉ុន្ដែមិនបាននិយាយអំពីរឿងបង្រួបបង្រួមគណបក្សឡើយ។ រីឯសម្ដេចក្រុមព្រះក៏មិនមានបន្ទូលជុំវិញរឿងនេះដែរ។
លោកបន្តថាគណបក្សហ៊្វុនស៊ិនប៉ិចមិនមានផែនការចង់បង្រួបបង្រួម ឬច្របាច់បញ្ចូលគ្នាជាមួយគណបក្សផ្សេងៗទេដោយសារការបង្រួបបង្រួមគ្នាអាចធ្វើឲ្យមានការពិបាកក្នុងការគ្រប់គ្រងគណបក្ស និងមានការទាមទារប្រយោជន៍រៀងៗខ្លួនដោយមិនគិតគូរពីផលប្រយោជន៍រួមជាធំឡើយ។
លោកបញ្ជាក់ថា៖ «យើងបើកចំហចំពោះសមាជិកមកពីគណបក្សផ្សេងដែលចង់មកធ្វើការតស៊ូជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយយើងបាននិងកំពុងចាប់ផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដើម្បីស្ដារមុខមាត់យើងឡើងវិញ ហើយពេលនេះយើងបានស្គាល់ពីកម្លាំងពិតខ្លួនឯងច្បាស់ណាស់ យើងចាប់ផ្ដើមធ្វើកំណែទម្រង់ចាប់ពីពេលនេះតទៅ»។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក រុណ មាត្រា អ្នកនាំពាក្យគណបក្សកាលពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
ប៉ុន្ដែលោក ញឹក ប៊ុនឆៃ ត្រូវបានសារព័ត៌មានរស្មីកម្ពុជាដកស្រង់សម្ដីកាលពីថ្ងៃទី ២១ កញ្ញាថា លោកពិតជាបានជួបជាមួយសម្តេចក្រុមព្រះនៅដំណាក់វាលស្បូវមែន ដោយជំនួបនោះបានធ្វើឡើងកាលពី ៣ ឬ ៤ ថ្ងៃមុននេះតាមរយៈព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ជាអ្នកណាត់ឲ្យមានជំនួបនេះ។
លោកបញ្ជាក់ថា៖ «សម្ដេចក្រុមព្រះជាអ្នកមានព្រះរាជបន្ទូលចង់បង្រួបបង្រួមបក្សនៅពេលខ្ញុំចូលជួបទ្រង់កាលពីថ្ងៃមុនតាមរយៈម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ ប៉ុន្ដែសម្ដេចក្រុមព្រះបានប្រាប់ខ្ញុំឲ្យនៅរង់ចាំជជែកជាមួយបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច ដែលនឹងត្រឡប់ពីក្រៅប្រទេសវិញជាមុនសិន»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយបានលើកឡើងថា គណបក្សទាំង ២ នេះបានប្រកាសរួបរួមគ្នាច្រើនលើកមកហើយ ប៉ុន្ដែគេមិនទាន់ឃើញមានលទ្ធផលគួរឲ្យកត់សម្គាល់ទេ។
លោកបន្តថា បច្ចុប្បន្នគណបក្សហ៊្វុនស៊ិនប៉ិចបានបាត់បង់ប្រជាប្រិយភាពស្ទើរទាំងស្រុងថែមទាំងបម្រុងលក់ទាំងទីស្នាក់ការបក្សចោលទៀត។ រីឯគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានបង្កើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានអ្នកគាំទ្រគួរឲ្យចាប់អារម្មណ៍ផងដែរ «ខ្ញុំថា គណបក្សលោក ញឹក ប៊ុនឆៃ គួររកដៃគូផ្សេងដែលមានគោលនយោបាយប្រហែលគ្នាទៅ ហើយរាជវង្សនៅក្នុងបក្សហ៊្វុនស៊ិនប៉ិចគួរឈប់ធ្វើនយោបាយទៅធ្វើការងារមនុស្សធម៌ក្នុងសង្គមយើងវិញល្អជាង»។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ធ្លាប់បានបែកបាក់គ្នាកាលពីឆ្នាំ ២០០៦ ដោយលោក ញឹក ប៊ុនឆៃ នៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឯសម្ដេចក្រុមព្រះបានបង្កើតគណបក្សថ្មីជាបន្តបន្ទាប់ឈ្មោះ គណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ។
ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គឺនៅឆ្នាំ ២០១៥ សម្ដេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ បានបង្រួបបង្រួមគ្នាឡើងវិញ ដោយតែងតាំងសម្ដេចក្រុមព្រះជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចវិញ។ ប៉ុន្តែនៅឆ្នាំ ២០១៦ លោក ញឹក ប៊ុនឆៃ បានបែកពីសម្ដេចក្រុមព្រះម្ដងទៀតទៅបង្កើតគណបក្សខ្មែររួបរួមជាតិរហូតដល់សព្វថ្ងៃនេះ៕