
លោក អ៊ិត សំហេង ថ្លែងក្នុងពិធីកាលពីចុងសប្តាហ៍មុននៅកោះពេជ្រ។ រូប ហ្វេសប៊ុក អ៊ិត សំហេង
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ក្នុងឆ្នាំនេះដោយសារវិស័យការងារបន្តអភិវឌ្ឍរីកចម្រើនបានបង្កើតឲ្យមានការងារធ្វើរហូតដល់ជាង ៩០ ភាគរយនៃកម្លាំងពលកម្មសរុបប្រមាណជិត ១០ លាននាក់ទូទាំងប្រទេស ប៉ុន្តែអ្នកឃ្លាំមើលចាត់ទុកការលើកឡើងនេះគឺជាទិន្នន័យដែលមិនបានសិក្សាស្រាវជ្រាវច្បាស់លាស់ និងគិតសរុបទាំងអ្នកមានការងារតិចតួច។
ថ្លែងក្នុងកម្មវិធី «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០១៨» នាកោះពេជ្រ រាជធានីភ្នំពេញកាលពីថ្ងៃទី ២៧ ខែតុលារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងថាឆ្នាំ ២០១៨ នេះ វិស័យការងារបន្ដអភិវឌ្ឍរីកចម្រើន អត្រាមានការងារធ្វើ «៩៩,៣ ភាគរយនៃកម្លាំងពលកម្មសរុបប្រមាណជិត ១០ លាននាក់» ទូទាំងប្រទេស។
លោកអះអាងថា៖ «ការបន្ដរីកលូតលាស់ផ្នែកសេដ្ឋកិច្ចក៏បានបន្ដលទ្ធភាពឲ្យរាជរដ្ឋាភិបាលអាចអភិវឌ្ឍ និងពង្រីកជាបន្ដបន្ទាប់នូវប្រព័ន្ធគាំពារសង្គម សម្រាប់កម្មករនិយោជិតសំដៅធានាឲ្យកាន់តែបាននូវស្ថិរភាព សន្ដិសុខ និរន្ដរភាពការងារ ប្រាក់ចំណូល ភាពកក់ក្ដៅក្នុងចិត្ដសម្រាប់កម្មករនិយោជិត និងគ្រួសារដោយបានដាក់ឲ្យអនុវត្ដនូវរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ»។
លោកឲ្យដឹងថា សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីក្នុងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានចំនួនសរុប ១២០០០ គ្រឹះស្ថាន និងមានកម្មករនិយោជិតចំនួន ១ លាន ៥ សែននាក់។ សហគ្រាស គ្រឹះស្ថាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ៦ សែនគ្រឹះស្ថាន មានកម្មករនិយោជិតប្រមាណ ២ លាន ៤ សែននាក់។ វិស័យកសិកម្មមានកម្មករនិយោជិតជាង ៤ លាននាក់ ពលករធ្វើការនៅក្រៅប្រទេសមាន ១ លាន ២ សែននាក់ និងមន្ដ្រីសាធារណៈប្រមាណ ៥ សែននាក់។
ប៉ុន្តែលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាថ្លែងថាប្រទេសកម្ពុជាបច្ចុប្បន្នអ្នកគ្មានការងារធ្វើច្រើន ទាំងអ្នកមានជំនាញ ទាំងសិស្សនិស្សិត កំពុងសិក្សានៅសាកលវិទ្យាល័យ ហើយការងារដែលធ្វើនោះក៏គ្មានគុណភាពថែមទៀត។
លោកបញ្ជាក់ថា៖ «អ្វីដែលរាជរដ្ឋាភិបាលចាត់ចូលជាអ្នកមានការងារធ្វើរហូតដល់ជាង ៩០ ភាគរយនេះគឺគិតសរុបទាំងអ្នកលក់ដូរ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់៣ និងអ្នកមានរបរតិចតួចជាដើមនោះ រាជរដ្ឋាភិបាលមិនគួរផ្ដោតអារម្មណ៍ទៅលើលទ្ធផលនេះពេកទេ»។
លោកថាដើម្បីលើកទឹកចិត្ដចំពោះការអភិវឌ្ឍវិស័យការងារនៅកម្ពុជានេះរដ្ឋាភិបាលគួរគិតគូរបង្កើតឱកាសឲ្យយុវជន និងសហគ្រាសមូលដ្ឋានមកអភិវឌ្ឍ ឬបង្កើតជាសហគ្រិនភាពដើម្បីបង្កើតការងារនៅក្នុងស្រុកឲ្យបានច្រើន ហើយទាក់ទាញកម្មករជំនាញឲ្យធ្វើការងារនៅក្នុងស្រុក បង្កើតជាផលិតកម្មឱ្យបានច្រើនជាជាងបញ្ជូនកម្មករទៅក្រៅប្រទេស។
លោកបន្ដថា៖ «បើយើងយកទិន្នន័យបែបនេះ តើការងារដែលប្រជាពលរដ្ឋជួយធ្វើនៅក្នុងគ្រួសារ ១ ម៉ោង ២ ម៉ោងនោះ តើគាត់ទទួលបានចំណូលមកពីណា។ វាគ្រាន់តែជាកម្លាំងពលកម្មជួយគ្នាក្នុងគ្រួសារប៉ុណ្ណោះ។ ដូចរបាយការណ៍របស់អង្គការ ILO ក៏ដូចជារបស់រាជរដ្ឋាភិបាលបានបង្ហាញថា ក្នុង ១ គ្រួសារមានប្រជាពលរដ្ឋជាមធ្យម ៥,៣ នាក់ក្នុងនោះអត្រាអ្នកមានការងារធ្វើ ២,៥០ ជាងភាគរយអ៊ីចឹងមានន័យថា ១ នាក់កន្លះ។ តាមទិន្នន័យនេះក្នុងមនុស្សម្នាក់ត្រូវចិញ្ចឹមមនុស្សម្នាក់ទៅហើយ។ បើយើងយករបាយការណ៍នោះមកប្រៀបធៀបអត្រាអត់ការងារធ្វើ ០,៧ គឺមិនត្រូវទេ»។
លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំអង្គការពលករអន្តរជាតិ (ILO) នៅកម្ពុជាបានយល់ស្របថាតាមទិន្នន័យជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៩០ ភាគរយគឺជាអត្រាមានការងារធ្វើពិតមែន។
លោកបន្ដថា៖ «ប៉ុន្ដែសំខាន់ជាងគេគឺគុណភាពនៃការងារនោះដែលយើងចង់និយាយ ព្រោះប្រទេសកម្ពុជាយើងដែលយើងហៅថា (Open unemployment) មានន័យថា ទិន្នន័យអត់ការងារធ្វើនោះគឺទាប តែក្នុងចំណោមអ្នកគ្រប់អាយុធ្វើការចាប់ពី ១៥ ឆ្នាំដល់ ៦៥ ឆ្នាំ បញ្ហាមិនមែនមកពីរឿងអត់ការងារធ្វើទេ តែមកពីគុណភាពនៃការងារទៅវិញ»។
លោកបានលើកឡើងថាបញ្ហាប្រឈមនៅកម្ពុជាគឺនៅមានប្រជាជនក្រីក្រច្រើន គឺមានន័យថាពួកគាត់ធ្វើការងារហើយ ប៉ុន្ដែនៅរងគ្រោះក្រោមបន្ទាត់ក្រីក្រ។
លោក សោភ័ណ បន្ដថា៖ «មួយទៀតប្រទេសកម្ពុជានៅមានអ្នកធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះច្រើន អ៊ីចឹងទាល់តែយើងត្រូវការយកចិត្ដទុកដាក់ ធ្វើម៉េចឲ្យអ្នកធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ទទួលបានសេវាការពារផ្នែកច្បាប់ ទទួលបានប្រាក់ឈ្នួលកំណត់ត្រឹមត្រូវ និងទទួលបានសេវាគាំពារសង្គមផងដែរ»។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមថ្លែងថាការលើកឡើងខាងលើជាទិន្នន័យដែលមិនបានសិក្សាស្រាវជ្រាវច្បាស់លាស់។
លោកថា៖ «ប្រទេសគេដែលជឿនលឿនដូចជាប្រទេស អាមេរិក សិង្ហបុរីក៏ប្រទេសគេមិនមានទិន្នន័យប្រជាពលរដ្ឋដែលអត់ការងារធ្វើធ្លាក់ទាបដល់ប៉ុណ្ណឹងដែរ។ យើងអត់ចង់ឃើញមន្ដ្រីរាជរដ្ឋាភិបាលបង្កើតវប្បធម៌មួយគឺវប្បធម៌គ្រាន់តែនិយាយ ហើយមិនមានការសិក្សាដែលនាំឲ្យមានការរិះគន់ពីបណ្ដាសាធារណជន ព្រោះតែចង់ចំណេញផ្នែកនយោបាយនោះទេ»៕