ភ្នំពេញៈ​ ប្រធាន​នាយក​ដ្ឋាន​ប្រ​ឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​អគ្គ​ស្នង​កា​រ​ដ្ឋា​ន​​ន​គ​រ​បា​ល​ជាតិ​បាន​អះ​អាង​ថា​​​សេ​ចក្តី​ព្រាងអនុក្រឹ​ត្យ​ស្តីពី​ការ​គ្រប់​គ្រង​អា​កាស​យាន​គ្មាន​មនុស្ស​បើក (ដ្រូន) គឺដើម្បី​ការពារ​សន្តិ​សុខ​ជាតិ​ ហើយក៏​មាន​ចែង​ពី​ការ​ផ្ដន្ទា​ទោស​ផង​ដែរ​ ប៉ុន្តែមន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​យល់​ថា អនុក្រឹត្យ​នឹង​រឹត​បន្តឹង​សេរី​ភាពអ្នក​​សារ​ព័​ត៌​មាន​ និង​ក្រុម​ប្រឆាំង។

ក្រសួង​មហា​ផ្ទៃ កាលពី​ទី ១០ ខែ ​កក្កដា ឆ្នាំ​នេះ បាន​ប្រជុំ​ពិភា​ក្សា​សេច​ក្តីព្រាង​អនុ​ក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​អាកាស​យានគ្មាន​មនុស្ស​បើក (ដ្រូន) នៅ​ក្រសួង​មហា​ផ្ទៃ​ ដឹក​នាំ​ដោយ លោក ប៊ុន ហុន រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ។

លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងថាសេចក្តីព្រាងអនុក្រឹត្យ​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ។

លោក​ថា៖ «ពីព្រោះ​តែ (ដ្រូន) នេះ​បាន​មកដល់​ស្រុក​ខ្មែរ​យើង​បាន​ជា​យើង​ចាប់​ផ្តើម​ធ្វើ (សេចក្តី​ព្រាង​អនុ​ក្រឹត្យ) ។នៅ​ពេល​ដែល​មាន​គេ​ប្រើ​ប្រាស់ ​យើង​ក៏​ចាប់​ផ្តើម​គ្រប់​គ្រងយើង​ត្រូវ​ដេញ​តាម​សភាព​ការណ៍​ហើយ​យើង​ត្រូវតែ​ធ្វើ​ដើម្បី​សន្តិ​សុខ​ជាតិ​ និង​ការ​ពារ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​ឲ្យ​មាន​សុខសន្តិភាព»។

បើ​តាម​លោក​ ជា​ ពៅ​ សេចក្តី​ព្រាង​អនុ​ក្រឹត្យ​នេះ ក៏​មាន​ចែង​អំ​ពី​ការ​ផ្ដន្ទាទោ​ស​ផង​ដែរ​ តែ​លោក​មិន​បាន​ប​ញ្ជា​ក់​ពី​ពេល​វេលា​ប​ញ្ច​ប់​ការ​ព្រាង​នេះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖​ «តែមាន​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ​ហើយ​ ត្រូវ​តែ​មាន​ទោស​ទណ្ឌ​ហើយ ​កាល​ណា​ធ្វើឲ្យប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​ត្រូវ​តែ​មាន​ទោស​ទណ្ឌ»​។

លោក ​ជិន​ ម៉ា​លីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​បាន​ថ្លែង​កាល​ពី​ថ្ងៃចន្ទ​ថា​ សេចក្តី​ព្រាង​អនុ​ក្រឹត្យ​នេះ​មាន​គោល​បំណង​រក្សា​សណ្តាប់​ធ្នាប់​សា​ធា​រណៈ​ និង​សន្តិសុខ​សង្គម។

លោក​​ថា៖​ «​ការ​បង្ហោះ​ដ្រូន​បែបអនាធិ​បតេយ្យ​ វា​អាច​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរី​ភាព ​និង​ជីវិត​ឯក​ជនទី​ ២ វា​អាច​ប៉ះ​ពាល់ ការ​ងារ​សណ្តាប់​ធ្នាប់​សា​ធារ​ណៈ​ ដូច្នេះ​វា​ទាម​ទារ​ឲ្យ​មាន​ការ​គ្រប់​គ្រងតាម​បទ​ប្បញ្ញត្តិ​ច្បាស់លាស់»។

យ៉ាង​ណា​ក្ដី ​លោក ​ស៊ឹង​ សែន​ករុណា​ អ្នក​នាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​សម្តែង​ក្តី​បារម្ភ​ទាក់​ទង​នឹង​អនុ​ក្រឹត្យ​នេះ​ដោយ​បាន​អះ​អាង​ថា​ អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​រឹត​ត្បិត​សេរី​ភាព​អ្នក​សារ​ព័ត៌​មាន​ និង​ក្រុម​ដែល​មាន​មតិ​ផ្ទុយ​​នឹង​រាជរដ្ឋាភិបាល។​

លោក​ថា៖ ​«ទីតាំង​ទាំង​អស់ មិន​មែន​​ប៉ះ​ពាល់​សន្តិ​សុខ​ជាតិ​គ្រប់​ទី​តាំង​នោះ​ទេ​ ហើយ​ទី​កន្លែង​ខ្លះអាច​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​អាច​ថត ​និង​យក​ព័ត៌​មាន។ កន្លង​មក​យើង​ឃើញ​ថា​កន្លែង​មួយ​ចំនួន​ដែល​​ហាម​ឃាត់​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ងារ​របស់​អ្នក​សារព័ត៌​មានអនុ​ក្រឹត្យ​នោះ​គួរ​តែប​ង្កើត​មក​ដើម្បី​បម្រើ​សង្គ​មជាតិ​ជា​ជាង​ដើ​ម្បី​​រឹ​តប​ន្តឹង​ទៅ​លើ​ក្រុមមួយ»។

លោក​បាន​ស្នើ​ក្រសួង​ពាក់ព័​ន្ធ​ដាក់​អនុ​ក្រឹត្យ​នេះ​ឲ្យ​ប្រជា​ជន​ និង​សង្គម​ស៊ីវិល​ចូលរួម​ផ្តល់​យោ​បល់ឲ្យ​ទូលាយ។ ក៏​ប៉ុន្តែ​លោក​ ជិន ម៉ាលីន ​បាន​ច្រាន​ចោល​​ការ​បារម្ភដែលថា​​អនុ​ក្រឹត្យនេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិសេរី​ភាព​។

លោក​បានបញ្ជាក់​ថា៖ «សង្គម​ស៊ីវិល​ចេះតែ​បារម្ភ​បែប​នេះ តែ​អាជ្ញា​ធរ​សា​ធារណៈ​ មាន​កាតព្វ​កិច្ច​ថែរ​ក្សាសណ្តា​ប់ធ្នាប់​សន្តិ​សុខ​សង្គម​ គឺ​ត្រូវ​តែ​រៀបចំ​ហើយ​ ហើយ​សេរី​ភាព​ក៏​ត្រូវ​មាន​ដែន​កំណត់​ដែរ»៕