The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីថា អនុក្រឹត្យ​គ្រប់គ្រង​តាម​បុរី ផ្ទះសំណាក់​ និង​សណ្ឋាគារ​នឹង​ជួយ​ពង្រឹង​សន្តិសុខ

មន្ត្រីថា អនុក្រឹត្យ​គ្រប់គ្រង​តាម​បុរី ផ្ទះសំណាក់​ និង​សណ្ឋាគារ​នឹង​ជួយ​ពង្រឹង​សន្តិសុខ

Content image - Phnom Penh Post
កិច្ចប្រជុំរបស់មន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃ ៨ ខែកក្កដាថ្មីៗនេះ។ ក្រសួងមហាផ្ទៃ

មន្ត្រីថា អនុក្រឹត្យ​គ្រប់គ្រង​តាម​បុរី ផ្ទះសំណាក់​ និង​សណ្ឋាគារ​នឹង​ជួយ​ពង្រឹង​សន្តិសុខ

ភ្នំពេញៈ រដ្ឋ​លេ​ខាធិ​ការ​ក្រសួង​មហា​ផ្ទៃលោក​ សក់ សេដ្ឋា ​​អះ​អាង​ថា កា​របង្កើត​សេចក្តី​ព្រាង​អនុ​ក្រឹត្យស្តីពី​ការ​គ្រប់​គ្រង​សន្តិសុខ​នៅតាម​បុរី សណ្ឋា​គារ​ និង​ផ្ទះ​សំណាក់​ មាន​សារៈ​សំខាន់​ដើម្បី​ពង្រឹង​សន្តិ​សុខ​ និង​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ផ្សេងៗ​ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​ យ​ល់​ឃើញ​ស្រ​ដៀង​គ្នា​ដោ​យរំ​ពឹ​ង​ថា នឹង​ជួយ​ដ​ល់​សម​ត្ថ​កិច្ច​ក្នុង​ការ​ទប់ស្កាត់​បទល្មើ​សនានា។​

លោក​ សក់ សេដ្ឋា បាន​លើក​ឡើង​បែប​នេះ​កាល​ពី​ថ្ងៃ​ពុធ​ គឺ​ ២ ​ថ្ងៃ ប​ន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ពិនិត្យ​សេចក្តី​សម្រេច​ស្តីពី​កា​របង្កើត​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​ការ​គ្រប់​គ្រង​សន្តិ​សុខ​នៅ​តាម​បុរី សណ្ឋា​គារ និង​ផ្ទះ​សំ​ណាក់​ កាល​ពី​ថ្ងៃទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០១៩ ​នៅ​ទីស្តី​ការ​ក្រសួង​មហាផ្ទៃ។

លោក​ សក់ សេដ្ឋា ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា អនុក្រឹត្យ​ស្តីពី​ការ​គ្រប់​គ្រង សន្តិសុខ​នៅតាម​បុរី សណ្ឋា​គារ និង​ផ្ទះ​សំ​ណាក់​នឹងជួយ​ពង្រឹង​សន្តិ​សុខ​ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​អាច​កើត​មាន​នៅតាមខុន​ដូអា​ផាត​មិន ​សណ្ឋាគារ និង​ផ្ទះសំណាក់។

លោក​បាន​បញ្ជាក់​ថា៖ «ដោយ​សារ​មា​ន​ភាព​រី​កចម្រើន​លឿន​ទៅ ​នៅតាម​បុរី ​ខុន​ដូនិ​ងអ​គារ​ទំនើ​ប​ៗ សម​ត្ថកិច្ច​មានការលំបាក​ក្នុង​ការ​ទាក់​ទង។យើង​ធ្វើ​ការជជែក​គ្នា​ជា​គោល​ការណ៍ ហើយ​យើង​នឹង​តាក់​តែ​ងទៅជា​អនុ​ក្រឹ​ត្យ ហើយ​នេះគឺជា​ការចាប់​ផ្តើ​ម​ប្រជុំ​លើក​ដំបូង​តែ​មិន​ទាន់​បាន​ចេញ​ជា​លទ្ធផល​អ្វី​ទេ»។

បើ​តាម​​លោក​ សក់​ សេដ្ឋា ការ​ប្រជុំ​នេះ​គឺ​ជា​ការ​ពិ​គ្រោះ​គ្នាដើ​ម្បី​រ​ក​វិ​ធីដោះ​ស្រា​យ​ប​ញ្ហាមុ​ន​ពេ​ល​​វាអា​ច​កើ​ត​ឡើ​ង​ក្នុងពេ​ល​ណា​មួ​យ​នៅ​តាម​​គោលដៅ​ទាំង​នោះ។​

លោក​បាន​បន្ថែម​ថា៖ «​នៅ​ពេល​មានរឿង​អ្វីមួយ​កើតឡើង តើ​មន្ត្រី​អាជ្ញាធរ​នឹងធ្វើ​បែប​ម៉េច​ទៅ?យើង​ជជែកផ្នែក​ច្បាប់​ទេ​ថា​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​នៅ​ពេល​ដែល​វា​កើត​មាន?»។

លោក​បាន​បន្ត​ទៀត​ថា​​​ ក្រុម​​ការ​ងារ​នឹង​​សិក្សា​លើ​បទពិ​សោធ​ និង​ច្បាប់​ពី​បណ្ដា​​ប្រ​ទេ​ស​​ក្នុ​ង​តំបន់​អា​ស៊ា​ន និ​ង​ប្រ​ទេសផ្សេងៗថា​ តើ​ប្រទេស​ទាំង​នោះ​ គេគ្រប់​គ្រង​ និង​ដោះ​ស្រាយ​​បញ្ហាដែល​អាច​កើត​មាន​របៀប​ណា​ហើយ​ថា​ ក្រុម​ការងារ​នឹង​ពិនិត្យ​ និង​កត់​ត្រា​បញ្ហា​ប្រឈម​ផ្សេងៗ។

លោក​ ស៊ឹង សែន​ករុណា អ្នកនាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ស្វា​គមន៍​និងបាន​ចាត់ទុក​អ​នុក្រឹត្យនេះ​ថា នឹង​ជួយ​ដល់​សមត្ថ​កិច្ច​ក្នុង​ដោះស្រា​យ​ប​ញ្ហាប្រ​ឈ​ម​ផ្សេ​ងៗដូច​ជា បញ្ហា​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ជាដើម។

លោក​បញ្ជាក់​ថា៖​ «កន្លង​មក​យើង​ឃើញ​មាន​វិធានការ​ច្រើន​ដូ​ចជា​ ភូមិ​ឃុំ​ មាន​សុ​វត្ថិភាព​ ក៏ប៉ុន្តែ​យើង​នៅ​ឃើញ​មានបញ្ហា​នៅតែ​មាន​ទាក់ទង​រឿង​គ្រឿង​ញៀន អ​សន្តិ​សុខ​សង្គម បទ​ល្មើស​ផ្សេងៗ ​ចោរ​កម្ម​ និង​លួច​ប្លន់ផ្សេងៗ យើងសង្ឃឹមថា​ វិធាន​ការ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​សន្តិ​សុខ​ប្រ​ទេស​ជាតិ​មាន​លក្ខណៈ​ល្អ​ប្រសើរ»។

កន្លង​ទៅថ្មី​ៗនេះ ​​បើ​តាម​រ​បាយកា​រណ៍​​ក្រសួង​មហា​ផ្ទៃ​និង​ស្នង​ការ​ដ្ឋា​ន​រាជ​ធានី​ភ្នំពេញ​ឲ្យដឹង​ថា​ នៅតាម​សណ្ឋាគា​រ​និ​ង​​ផ្ទះសំណាក់​គឺជា​គោល​ដៅ​​មួយ​ដែល​ទាម​ទារ​ការយ​ក​ចិត្តទុក​​ដា​ក់​ពី​សម​ត្ថកិច្ច​ក្នុងការ​ទប់ស្កាត់​ប​ទល្មើស​ដោ​យសារ​ទីតាំង​ទាំង​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការជួញដូរ​មនុស្ស ​ជួញ​ដូរ​ផ្លូវភេ​ទ ឬ​រំលោភ​បូក រួម​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ផងដែរ៕

អត្ថបទគួរចាប់អារម្មណ៍