ភ្នំពេញៈ បក្សកាន់អំណាចអះអាងថា ខ្លួនមិនខ្វល់រឿងសម្ពាធអន្តរជាតិដែលចង់ឲ្យមានការព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិនោះទេ ព្រោះថាការសម្រេចបែបនេះគឺលុះត្រាតែមានការគាំទ្រពីមហាយក្សចិន និង រុស្ស៊ី បើមិនដូច្នោះទេគឺមិនអាចធ្វើទៅរួចឡើយ ប៉ុន្តែអ្នកវិភាគថា ចិន រុស្ស៊ី អាចនឹងពិបាកទប់ ប្រសិនបើមានចលនាពិភពលោកខ្លាំង។
តាមលទ្ធផលប្រជុំរបស់សភាសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន សមាជិកសភាសហភាពអឺរ៉ុបស្នើឲ្យមានទណ្ឌកម្មលើប្រទេសកម្ពុជាដែលពួកគេយល់ថាដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសនេះកំពុងដើរថយក្រោយ និងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនោះ។
សភាសហភាពអឺរ៉ុប បានប្រជុំសម្រេចស្នើសុំឲ្យរដ្ឋាភិបាលសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើកម្ពុជានូវលក្ខខណ្ឌជាច្រើនចំណុចដូចជាចង់ឲ្យមានការបិទប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms, EBA) និងជំនួយ...ជាដើម។
ប៉ុន្តែទណ្ឌកម្មដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងនោះគឺការព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិឲ្យនៅទំនេរ និង ទណ្ឌកម្មតាមរយៈបង្កកទ្រព្យសម្បតិ្តមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមមិនឲ្យពួកគេចូលទឹកដីអឺរ៉ុប និងសហរដ្ឋអាមេរិក។
ជាមួយនឹងលក្ខខណ្ឌនៃការដាក់សម្ពាធនេះសភាអឺរ៉ុបទុកពេល ៣ ខែឲ្យរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ស្តារស្ថានភាពឲ្យមានភាពប្រក្រតីឡើងវិញ បើមិនដូច្នោះទេជម្រើសចុងក្រោយកម្ពុជានឹងទទួលរងទណ្ឌកម្មជាបន្តបន្ទាប់។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចលោក សុខ ឥសាន អះអាងថាលទ្ធភាពក្នុងការព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ នោះ គឺមិនអាចធ្វើទៅបានឡើយដរាបណាមិនមានការយល់ព្រមពីប្រទេស ចិន និង រុស្ស៊ី ហើយថា ការសម្រេចផ្សេងៗរបស់សភាអឺរ៉ុបមកលើកម្ពុជាគឺមិនអាចទទួលយកបានឡើយ ពីព្រោះនេះជារឿងផ្ទៃក្នុងរបស់កម្ពុជាមិនអាចរំលោភលើដែនអធិបតេយ្យភាពកម្ពុជាទេ ហើយមិនមែនដូចក្នុងសម័យខ្មែរក្រហម និង លន់ នល់ នោះដែរ។
លោក សុខ ឥសាន ថ្លែងថា៖ «អត់មានធ្វើកើតទេ ហើយប្រសិនណាជាមានការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងគឺត្រូវហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងកោះប្រជុំទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ មិនមែនភ្លាមអង្គការសហប្រជាជាតិព្យួរអាសនៈកម្ពុជាមិនបានទេ»។
លោក ឥសាន បញ្ជាក់ថា៖ «លទ្ធភាព [ព្យួរអាសនៈ] អត់បានហ្នឹងក្នុងសមាជិក ២ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមាន ២ រួចទៅហើយដែលយើងមើលឃើញច្បាស់ហ្នឹង [ថាពួកគេ] វេតូ [គឺ] រុស្ស៊ី និងចិន»។
ទាក់ទងនឹងការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់លោក សុខ ឥសាន ថានេះជារឿងផ្ទៃក្នុង និងសិទ្ធិរបស់អឺរ៉ុប ឬក៏សហរដ្ឋអាមេរិក ដែលចង់ដាក់ទណ្ឌកម្មដោយលោកថានេះគ្រាន់តែមានចរិតនយោបាយតែប៉ុណ្ណោះ ប៉ុន្តែមិនមានប្រសិទ្ធភាពទេព្រោះមិនមានមន្ត្រីណាមានទ្រព្យសម្បត្តិទុកនៅក្រៅប្រទេស ឬពួកគេចង់ទៅក្រៅប្រទេសនោះដែរ។
ឯការចរចានយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង លោក សុខ ឥសាន បញ្ជាក់ថានៅតែថាមិនអាចទៅរួចឡើយ មានតែការអនុវត្តច្បាប់ស្របតាមនីតិរដ្ឋ ហើយម្យ៉ាងទៀតអតីតបក្សប្រឆាំងមិនមានរចនាសម្ព័ន្ធដែលត្រូវចរចាទេដោយហេតុថាបក្សនេះបានបាត់ពីបញ្ជីឈ្មោះទៅហើយ។
ទោះជាយ៉ាងណាក្រុមអ្នកវិភាគលោក សុខ ទូច និងលោក មាស នី នៅតែមានឆន្ទៈចង់ឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំងវិលរកតុចរចា។
ប៉ុន្តែលោក សុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាផងនោះថ្លែងថា កម្ពុជាត្រូវតែតស៊ូរស់ដោយមិនចាំបាច់ពឹងលើទីផ្សារអឺរ៉ុប ប្រសិនបើមានការបិទទីផ្សារសម្រាប់កម្ពុជាព្រោះកម្ពុជាមានទីផ្សារច្រើនណាស់ជាមួយចិន ដែលមានប្រជាជនជាង ១ ពាន់លាននាក់នោះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយលោក សុខ ទូច ហៅការព្រមានដាក់សម្ពាធមកលើកម្ពុជា ថាជារលកនយោបាយ ដោយសារតែកម្ពុជាត្រូវការទីផ្សារអឺរ៉ុប ហើយថា ប្រសិនបើអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានព្យួរមែននោះគឺជារឿងចម្លែកណាស់សម្រាប់កម្ពុជា ដោយលោកសំដៅទៅរបបខ្មែរក្រហមដែលសម្លាប់មនុស្សរង្គាលនោះ ចុះហេតុអ្វីកៅអីរបស់ខ្មែរក្រហមនៅតែរក្សាទុកនៅអង្គការសហប្រជាជាតិ។
លោក សុខ ទូច ថ្លែងថា៖ «អ៊ីចឹងកុំឲ្យអឺរ៉ុបអនុម័តអីទៅជាន់ប្រវត្តិសាស្ត្រដើម ទុកឲ្យកម្ពុជាជាអ្នកសម្រេចចិត្ត។ ខ្ញុំជឿជាក់ថាអឺរ៉ុបចំណុចរួម [មើល] ឃើញទេរវាងអ្នកនយោបាយនោះ។ [លោក] កឹម សុខា ក៏បានចេញមកដែរហើយ សំខាន់ ថា តើអ្នកនយោបាយខ្មែរនៅអង្គុយចរចាគ្នាទេ»។
លោកបញ្ជាក់ថា៖ «យើងមានទីផ្សារច្រើនណាស់ យើងបង្កើតទីផ្សារសម្រាប់ចិនបាន យើងមានជប៉ុន យើងមានកូរ៉េខាងត្បូងយើងមានរុស្ស៊ី យើងមានឥណ្ឌា។ រឿងអីដែលយើងត្រូវបារម្ភ យើងត្រូវឈរលើជំហរហ្នឹង»។
ដោយឡែកអ្នកស្រាវជ្រាវកិច្ចការសង្គម និងជាអ្នកវិភាគនយោបាយលោក មាស នី មានប្រសាសន៍ថាពេលនេះកម្ពុជាដែលហាក់ដូចជាដើរឆ្ងាយពីគន្លងប្រជាធិបតេយ្យគឺដោយសារកម្ពុជាងាកចេញពីអាមេរិក ហើយបែរទៅអោបចិនដោយលោកថាវាមានភាពឆ្គងនឹងរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យរដ្ឋាភិបាលមានពហុបក្ស ប៉ុន្តែរដ្ឋាភិបាលឯកបក្សក្រោយរំលាយគណបក្សសង្គ្រោះជាតិ។
លោក មាស នី ថ្លែងថា៖ «ដល់អ៊ីចឹងទៅវាធ្វើឲ្យការស្វែងរកមធ្យោបាយដើម្បីគាំទ្រពីអន្តរជាតិហ្នឹងវាមានភាពលំបាកច្រើនជាងមុន ហើយប្រសិនជារដ្ឋាភិបាលកម្ពុជានៅតែជម្នះ ខ្ញុំគិតថាវាជារឿងគួរឲ្យអាណិតមួយសម្រាប់ប្រទេសជាតិយើង។ បើសិនជាគេវិលទៅរកមើលឯកសារដើមអ្វីដែលជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសវិញ យើងមានការពិបាក សូម្បីតែចិន និងរុស្ស៊ីខ្លួនឯងដែលចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងហ្នឹងក៏មានការពិបាកដែរបើសិនជាមានចរន្តពិភពលោក»។
លោកបន្ថែមថា៖ «ខ្ញុំនៅតែរក្សាជំហរថាមានតែការនិយាយគ្នារវាងខ្មែរ និងខ្មែរ។ ប្រសិនជាអ្នកដឹកនាំណាមួយចង់ក្លាយខ្លួនជាវីរជនដែលមានគេសរសើររាប់ជំនាន់តទៅទៀតមានតែការផ្សះផ្សាជាតិទេ។ នេះវាអាស្រ័យលើឆន្ទៈនយោបាយទេបើគេថាអត់ [បក្សង្គ្រោះជាតិ] វាអត់ហើយ តែបើគេថាមាន [បក្សសង្គ្រោះជាតិ] មានមកវិញហើយ»។
ការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាដែលបក្សកាន់អំណាចឈ្នះកាន់កាប់អាសនៈទាំងអស់ ១២៥ ក្នុងសភាត្រូវបានប្រទេសលោក សេរី ចាត់ទុកជាការបោះឆ្នោតមិនត្រឹមត្រូវ និងមិនយុត្តិធម៌ ដោយសារតែការបោះឆ្នោតនោះហាមគណបក្សសង្គ្រោះជាតិចូលរួមប្រកួត៕