ភ្នំពេញ: មន្ត្រី និង​អ្នកច្បាប់​បាន​ព្រមាន​ដល់​អ្នក​ប្រើ​ហិង្សា​លើ​អ្នកបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​អះអាង​ថា នឹង​ទទួល​ទោស​ធ្ងន់​ជាង​អ្នក​បង្ក ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​អ្នកបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​ហ៊ាន​ដោះស្រាយ​តាម​ច្បាប់ ចៀស​វាង​ការ​រត់​គេច​ខ្លួន​ខណៈ​អ្នក​ជំនាញ​យល់​ថា ការ​គេច​វេះ​នឹងបន្សល់​ទុក​និ​ទ្ទណ្ឌ​ភាព​កាន់​តែច្រើ​ន​ស្រ​ប​ពេល​ដែ​ល​គ្រោះថ្នាក់​ចរាចរ​ណ៍ចេះ​តែ​កើន​ឡើង​រាល់ថ្ងៃ។

ការ​ថ្លែង​បែបនេះ បានធ្វើឡើងក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​​ដឹកនាំ​ដោយ​លោក ផៃ ស៊ី​ផាន ស្ដីពី​ «ទិដ្ឋភាព​ច្បាប់​និង​វិធាន​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍» កាល​ពីម្សិ​ល​មិ​ញនៅ​ទីស្ដី​ការ​គ​ណៈរ​ដ្ឋមន្ដ្រី ដោយ​មាន​កា​រចូល​រួម​ពី​តំណាង​មន្ដ្រីនគ​របាល​នៃ​អគ្គ​ស្នងការ​​ដ្ឋាននគរបា​ល​ជាតិ​និង​តំណាង​អ្នកច្បាប់​ពី​ក្រុមប្រឹក្សា​អ្នក​ច្បាប់។

លោក សុក ផេង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តី​ការ​គ​ណៈរ​ដ្ឋ​​មន្ត្រី​បាន​ថ្លែងថា កន្លងមកនេះគេ​សង្កេតឃើញ​ពល​រដ្ឋ​មួយចំនួន​​តូច​បាន​បង្ក​ហិង្សាឬ​វាយ​តប់​លើ​អ្នកបើកបរ​​រថយន្តដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​តែ​មិន​បាន​យល់​ពី​ច្បាប់ ឬ​ទោស​ទណ្ឌ​ចំពោះ​ខ្លួនឯង។

លោក​បាន​ពន្យល់​ថា បើ​បុគ្គល​ទី១ បាន​បើកបរ​រថយន្ត​ទៅ​បុក​បុគ្គល​ទី២​ ស្លាប់​ ប៉ុន្ដែ​បុគ្គល​ទី៣ រត់​មក​ប្រើ​ហិង្សា​លើ​បុគ្គល​ទី១ ​រហូត​ដល់​ស្លាប់ នោះ​វា​នឹង​ទៅជា​បទ​ឧ​ក្រិដ្ឋ​ធ្ងន់ធ្ងរ​ គឺជា​អំពើ​ឃាត​កម្ម​ដោយ​ចេត​នាគឺ​បុគ្គល​ទី៣ នឹ​ងត្រូវ​ជាប់​គុក​ធ្ងន់​ជា​ង​​បុគ្គល​ទី១ ទៅ​ទៀត។​ឧទា​ហរណ៍​បុគ្គល​ទី១ មានទោស​ត្រឹម ១ ​ឆ្នាំឬ ៣ ឆ្នាំនោះ​បុគ្គល​ទី៣ ដែលជា​អ្នក​វាយ​តប់​អ្នក​បើក​បរ​រថយន្ត​នោះនឹង​ត្រូវ​ទទួល​ទោស​ធ្ងន់​ជាង​នេះ​ទៀត។

លោក សុក ផេង បាន​បញ្ជាក់​ថា៖ «​ជន​ដែល​បង្ក​ហិង្សា​លើ​អ្នក​បើក​បរ​បុក​គេ​នោះ គឺអាច​ចាត់ទុ​កជា​ការធ្វើទារុណកម្ម និង​​បង្ក​របួស​ស្នាម​ដោយ​ចេត​នា ហើយ​ប្រសិន​បើ​គាត់​វាយ​គេ​រហូត​ដល់​ស្លាប់ ​នោះ​វា​នឹង​ទៅជា​បទ​ឧ​ក្រិដ្ឋធ្ង​ន់ធ្ងរ គឺ​ចេត​នាគឺជា​អំពើ​ឃាតកម្ម​ដោយ​ចេតនា ​គឺ​ត្រូវ​ជាប់គុក​ធ្ងន់​ជាង។បើ​អ្នក​បើក​បរ​រថយន្ត​បុក​គេ​ជាប់​គុក​ ៣ ឆ្នាំ​ គឺ​អ្នក​បង្ក​ហិង្សា​លើ​អ្នក​បើក​បរ អាច​លើស​ពី​ ៣ ឆ្នាំ​ទៅ​ទៀត»។

លោក​បន្ថែម​ថា៖ «ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​ចរាច​រណ៍​មួយ​កើត​ឡើង​ ហើយ​យើង​មើល​ស្ថាន​ភាព​ បើ​ស្ថានភាពល្អ​គ្មាន​ហិង្សា​ទេ ចូរ​ជួយ​ជន​រង​គ្រោះ​ភ្លាមៗ ​ហើយ​បើ​មាន​ស្ថាន​ភាព​មិន​ល្អ សូម​ជន​បង្ក​ប្រញាប់​ចេញពី​កន្លែង​កើត​ហេតុ​ ប៉ុន្ដែ​មិន​ឲ្យ​រត់​គេច​ខ្លួន​ទេ គឺ​រត់​ទៅរ​ក​សមត្ថកិ​ច្ចនិង​ទីកន្លែង​សុវត្ថិ​ភាពហើយ​ចូលខ្លួន​មក​ដោះ​ស្រាយ​ និង​ទទួល​ខុស​​ត្រូវ​តាម​ច្បាប់»។

លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាល​ច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​នៃ​អគ្គ​ស្នង​កា​រដ្ឋា​ននគរ​បា​ល​​ជាតិ​បាន​ថ្លែង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ សមត្ថកិ​ច្ច​បាន​ឃាត់​ខ្លួន​អ្នក​​ប្រើ​ហិង្សា​លើ​អ្នក​បើក​បរ​បង្ក​គ្រោះ​ថ្នាក់​ជា​ច្រើន​ករណី​ ព្រោះ​វា​ជា​អំពើ​ខុស​ច្បាប់ គ្មាន​សណ្ដាប់​ធ្នាប់ អសន្ដិ​សុខ​សង្គម។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​ថា ​បង​ប្អូន​យើង បើ​បាន​ជួប​ករណី​គ្រោះថ្នាក់​ចរាច​រណ៍​សូមកុំ​វាយ​ធ្វើបាប​អ្នកបង្ក ព្រោះ​ទុក​ឱកាស​ឲ្យ​គាត់​ចូលខ្លួន​មក​ដោះស្រាយ និង​ទទួលខុសត្រូវ​តាម​ច្បាប់ បើ​នាំគ្នា​វាយ​គាត់​ឲ្យ​របួសឬ​ស្លាប់ តើ​មាន​អ្នក​ណា​​មក​ដោះស្រាយ​សំណង​​ជូន​ជនរងគ្រោះ ហើយ​វា​ក៏​ជា​អំពើ​ខុសច្បាប់​ដែរ។ សូម​ឲ្យ​អ្នក​បើកបរ​ត្រូវមាន​ក្រមសីល​ធម៌ និង​គោរព​សិទ្ធិ​អ្នក​ដទៃ ហើយ​ប្រសិន​បើមាន​បង្ក​ប៉ះ​ទង្គិច​ជន​រង​គ្រោះ​នោះសូមកុំ​រត់គេចខ្លួ​ន ត្រូវ​ជួយ​សង្គ្រោះ​គាត់​ភ្លាម ឬ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​តែម្ដង»។

លោក​បន្ត​ថា ក្នុង​អំឡុង​ខែ​មីនា​ ឆ្នាំ​នេះ មាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នា​ក់ចរា​ច​រណ៍​ប្រមាណ​ជាង​ ២០០​ នាក់ ដោយ​ថ្ងៃ​ខ្លះ​មាន​ស្លាប់ ៩ នាក់ និង​ថ្ងៃ​ខ្លះ​រហូត​ដល់ ​១១ នា​ក់ ដែល​ជាហេតុ​ធ្វើឲ្យ​ថ្នាក់​ដឹ​កនាំ​​បារម្ភ​និង​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់និង​គ្រប់​ស្ថា​ប័ន​ត្រូវ​ពង្រឹង​អនុវត្ត​ច្បាប់​ឲ្យ​តឹង​រ៉ឹង​បំផុត។

លោក អ៊ា ចរិយា នាយក​វិទ្យា​ស្ថានសុវត្ថិ​ភាព​ចរាចរណ៍​បាន​យល់ឃើ​ញថា ការបើកបរ​រថយន្តឬ​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ចរាច​រណ៍ហើយ​រត់គេចខ្លួន​នោះគឺជា​ការ​គេចវេះ​មិនទទួលខុសត្រូវធ្វើឲ្យ​មាន​និ​ទ្ទណ្ឌ​ភាព​ក្នុងសង្គម។ ការធ្វើ​បែបនេះ ក៏​អាច​ជា​​ហេតុ​ផល​ជំរុញ​ឲ្យ​ពល​រដ្ឋ​ខ្លះ​កាត់​ទោស​ក្រៅ​ច្បាប់ ឬ​ក្រៅ​តុលាការ​ផងដែរ។

លោក​បន្តថា អ្នក​បើកបរ​បង្ក​ឲ្យ​មានគ្រោះថ្នាក់ គួរ​កុំ​រត់​គេច​ខ្លួន ហើយ​ចុះ​ពីលើ​យានយន្ត​មកជួយ​ជនរងគ្រោះឬ​អាចជួយ​សង្គ្រោះ​គាត់​ទាន់ពេលវេលា​ផងដែរ «អ្នក​បើកបរ​មួយ​ចំនួន​គឺ​ឲ្យ​តែ​បុក​គេ​ហើយគឺ​រត់​ហើយដល់ពេល​គេ​សួរ ក៏ឆ្លើយថា ខ្លាច​គេ​វ៉ៃ ប៉ុន្ដែ​ខ្ញុំ​ថា ចម្លើយ​នេះគឺ​គ្រាន់តែ​ជា​លេស​ដោះសាទេ បើ​គាត់​បុក​គេ​ហើយ គួរ​ចុះមក​មើលគ្នា​ទៅ គ្មាន​អ្នកណា​វ៉ៃ​គាត់​ទេគឺ​មកពី​គាត់​រត់​គេច ​ឬ​មិន​ទទួល​ខុស​ត្រូវ​ហ្នឹង​ហើយ»។

តាម​របាយ​ការណ៍​រប​ស់​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ម្សិលមិញ​បានបង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ថ្ងៃទី ១-៣១ ខែ មករា​ ឆ្នាំ ២០១៩ មាន​​ចំនួន ៣៣១ លើកបណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ១៤៨​ នាក់ (ស្រី ២៩ នាក់)។

សម្រាប់​ខែកុម្ភៈ​ចាប់ពី​ថ្ងៃទី ១-២៨ មាន​គ្រោះថ្នាក់​ចំនួន​ ៣៦២​ លើក​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៦២ នាក់​បាន​ស្លាប់ (ស្រី ​២៦ នាក់) ខណៈ​ចាប់ពី ១-៣១ ខែ មីនា​ ឆ្នាំនេះ មាន​គ្រោះ​ថ្នាក់​ចំនួន ​៣៨៣​ លើក បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២០៣​ នាក់ បាន​ស្លាប់ (ស្រី ៣០ នាក់)។ រីឯមូល​ហេតុ​ភាគច្រើ​ន​គឺម​កពី​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​សិទ្ធិ​អ្នក​ដទៃប្រ​ជែង​គ្នា ស្រវឹង ងងុយ​គេង និង​មក​ពី​មូលហេតុ​ផ្សេងៗ ទៀត៕