សៀមរាបៈ សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ​នៃ​ខេត្ត​សៀមរាប​បាន​ទុក​ពេល​មួយ​ខែ​ឱ្យ​ម្ចាស់​គោយន្ត​កន្ត្រៃ​ដែល​ដឹក​ឈើ​ខុស​ច្បាប់​ឱ្យ​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​ បន្ទាប់​ពី​បាន​ឃាត់​ទុក​កាល​ពី​សប្ដាហ៍​មុន និង​បាន​ព្រមាន​ថា បើ​មិន​ដូច្នោះ រដ្ឋបាល​ព្រៃឈើ​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​សម្រេច​តាម​នីតិវិធី។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ដ​សៀមរាប លោក ទា គឹមសុទ្ធ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​នេះ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កាល​ពី​សប្តាហ៍​មុន​បាន​ចាប់​ឃាត់​គោយន្ត​កន្ត្រៃ​ចំនួន ៦ គ្រឿង ​ស្ថិត​នៅ​ភូមិ​ចាន់ហៀ ឃុំ​បឹងមាលា ស្រុក​ស្វាយលើ ដែល​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​មូល​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ។

បើ​តាម​របាយការណ៍​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឈើ​ហ៊ុប​មូល​ទាំង​នេះ​មាន​មុខ​កាត់​ចាប់​ពី ០,២៥ ម៉ែត្រ ទៅ ០,៣០ ម៉ែត្រ ប្រវែង​ចាប់​ពី ៤ ម៉ែត្រ ទៅ ៦ ម៉ែត្រ ជា​ប្រភេទ​ឈើ​លេខ ១ លេខ ២ និង​លេខ ៣ ចំនួន ៣៦ ដើម ​ស្មើ​នឹង ៩,០៤ ម៉ែត្រ​គុប។ វត្ថុតាង​ទាំង​អស់​នេះ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ ដើម្បី​រៀបចំ​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ស្តីពី​ព្រៃ​ឈើ។

លោក ទា គឹមសុទ្ធ ​បាន​បញ្ជាក​ថា៖ «នៅ​ពេល​ដែល​ចាប់​ហើយ​នេះ ម្ចាស់​គោយន្ត​កន្ត្រៃ​ត្រូវ​តែ​បង់​ពិន័យ​ទៅ​តាម​ច្បាប់ ទើប​អនុញ្ញាត​ឱ្យ​យក​គោយន្ត​ចេញ​វិញ​បាន។ ចំណែក​ឈើ​មិន​អនុញ្ញាត​ឱ្យ​យក​ទៅ​វិញ​ទេ គឺ​តម្រូវ​រឹប​អូស​ទុក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ»។

បើ​តាម​លោក ទា គឹមសុទ្ធ ប្រសិន​បើ​ម្ចាស់​គោយន្ត​ទាំង​នេះ មិន​បាន​បង់​ពិន័យ​ទេ សង្កាត់​រដ្ឋបាល​ព្រៃឈើ​នឹង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ម្ចាស់​គោយន្ត​ទាំង​នោះ​មិន​ទាន​បាន​មក​បង់​ពិន័យ​នៅ​ឡើយ​ទេ ខណៈ​តាម​ច្បាប់​គឺ​ម្ចាស់​គោយន្ត​មាន​រយៈពេល ១ ខែ ដើម្បី​ឱ្យ​ម្ចាស់​គោយន្ត​ទាំង​នោះ​មក​បង់​ពិន័យ។

លោក ទា គឹមសុទ្ធ ​ថ្លែង​ថា៖ «យើង​ចាប់​ភ្លាមៗ​បែប​នេះ គឺ​គាត់​មិន​អាច​រកលុយ​មក​បង់​ភ្លាមៗ​បាន​ទេ បើ​ពិន័យ​គុណ​នឹង ៣។ គាត់​ទិញ​តម្លៃ​ប្រហែល ៣០ ទៅ ៤០ ម៉ឺន​រៀល ហើយ​យើង​ពិន័យ​គាត់​ប្រហែល ៣ លាន​រៀល​ឯណោះ»។

លោក ទា គឹមសុទ្ធ បញ្ជាក់​ថា សម្រាប់​មនុស្ស គឺ​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ទេ ហើយ​បើ​តាម​ច្បាប់ គឺ​ពួក​គាត់​ក៏​មិន​ត្រូវ​បាន​ជាប់​គុក​ដែរ ព្រោះ​វា​ជា​ការ​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ បើ​គាត់​បង់​ពិន័យ​ គឺ​អាច​យក​គោយន្ត​ទៅ​វិញ បើ​គាត់​មិន​បង់ គឺ​តុលាការ​សម្រេច​ហើយ​រឹប​អូស​គោយន្ត និង ឈើ​ទាំង​អស់​ជា​សម្បត្តិ​រដ្ឋ៕