ភ្នំពេញៈ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​លោក កុយ គួង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ កំពុង​​ជួយ​សម្រួល​ឯកសារ​ ដើម្បី​បញ្ជូន​​សព​ស្ត្រី​ខ្មែរ​ម្នាក់​មក​ស្រុក​កំណើត​នៅ​កម្ពុជា​វិញ បន្ទាប់ពី​គាត់​រង​ការបាញ់ប្រហារ​រហូត​​ដល់​ស្លាប់​កាលពី​យប់​ថ្ងៃទី​ ៣ ខែ​សីហា ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។

លោក​បាន​ថ្លែងថា រហូត​មក​ទល់​ពេលនេះ​មន្ត្រី​ស្ថានទូត​កម្ពុជា​កំពុង​ធ្វើការ​ជាមួយ​ប៉ូលិស​ថៃ និង​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​តម្កល់សព​ ដើម្បី​ចូលរួម​សង្កេតការណ៍​ក្នុង​ការធ្វើ​កោសល្យ​វិច័យ​សព​រក​មូលហេតុ​នៅ​ពី​​ក្រោយ​ការបាញ់សម្លាប់​នេះ​។

លោក គួង បាន​បញ្ជាក់​ថា​៖ «​ពេលនេះ​ក្រុមមន្ត្រី​ស្ថានទូត​យើង​ប្រចាំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ កំពុង​ខិតខំ​សម្រប​សម្រួល​ឯកសារ​ និង​ដឹកយក​សព​ស្ត្រី​រងគ្រោះ​មក​កម្ពុជា​វិញ​ ដើម្បី​ប្រគល់​ជូន​ក្រុមគ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​»​។

បើ​តាម​លោក កុយ គួង សព​ស្ត្រី​រងគ្រោះ​នឹង​ត្រូវ​មកដល់​ព្រំដែន​ប៉ោយប៉ែត​នៅវេលា​ម៉ោង​ជិត​ ៨ ​យប់​ថ្ងៃ​ពុធ​ (​ម្សិលមិញ​) ​នេះ​។

តាម​កាសែត Bangkok Post ករណី​បាញ់ប្រហារ​នេះ​​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន ៤ ​នាក់​ស្លាប់ ​ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​មន្ត្រីប៉ូលិស និង​បុរស-ស្ត្រី​ ៣ ​នាក់​ទៀត​ជា​បុគ្គលិក​បម្រើការ​ក្នុង​បនល្បែង​លួចលាក់​នៃ​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​កែង​ផ្លូវ Rama III និង​ផ្លូវ​លេខ​ ៦៦ ​ក្នុង​សង្កាត់​ Chong Nonsi ​នៃ​​ខណ្ឌ​ Yan Nawa ក្រុង​បាងកក​ក្នុង​នោះ​មាន​ស្ត្រី​ខ្មែរ​ផង​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ករណី​បាញ់ប្រហារ​នេះ​បាន​កើតឡើង​បន្ទាប់ពី​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​កាន់​កាំភ្លើង​ហើយ​ស្រែក​ទាមទារ​ប្រាក់​របស់​គាត់​មកវិញ ដោយ​អះអាង​ថា គាត់​ត្រូវបាន​គេ​បោក​»​។

បើតាម​កាសែត Bangkok Post ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ជាតិ​ចិន​នោះបាន​នៅឡើយ​ទេ ខណៈ​អ្នក​លេងល្បែង និង​បុគ្គលិក​បម្រើការ​ឲ្យ​បនល្បែង​នោះ​ប្រមាណ​ជាង​ ៦០ ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​សួរនាំ​។

យ៉ាងណា​ក៏ដោយ​សមត្ថកិច្ច​កំពុង​បន្ត​ហ៊ុមព័ទ្ធ​តំបន់​នោះ​យ៉ាង​តឹងរ៉ឹង ដើម្បី​តាម​ចាប់​ខ្មាន់កាំភ្លើង​ប្រគល់​ឲ្យ​តុលាការ​។

ជុំវិញ​ករណី​បាញ់ប្រហារ​នេះ​ប្ដី​របស់​ស្ត្រី​ខ្មែរ​រងគ្រោះ​គឺ​លោក សាំង សីហា អាយុ ៣៤ ​ឆ្នាំ ​ដែល​មាន​លំនៅ​ក្នុង​ភូមិ​បាលិលេយ្យ​ ១ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ស្ត្រី​រងគ្រោះ​នោះ ឈ្មោះ ម៉ៅ ស្រីពៅ អាយុ ២៩ ​ឆ្នាំ​។

លោក សីហា បាន​ឲ្យ​ដឹងថា ពី​មុន​ប្រពន្ធ​របស់​លោក​ធ្លាប់​ធ្វើការ​ជា​បុគ្គលិក​នៅ​កាស៊ីណូ​ផ្កាយ​ ៥ (DNA Casino) ​ក្នុង​ក្រុង​ប៉ោយប៉ែត​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​១៩​កាស៊ីណូ​នេះ​បាន​ផ្អាក​បណ្ដោះអាសន្ន ក៏ប៉ុន្តែ​ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ ប្រពន្ធ​​របស់​លោក និង​មិត្តភក្ដិ​រួម​ការងារ​មួយចំនួន​បាន​នាំគ្នា​ទៅ​រក​ការងារ​ធ្វើ​នៅក្នុង​បនល្បែង​ ១ ​ទៀត​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

លោក សីហា បាន​បញ្ជាក់​ថា​៖ «​នៅ​យប់​ថ្ងៃ​កើតហេតុ ប្រពន្ធ​ខ្ញុំ​ [​ស្ត្រី​រងគ្រោះ​] ​បាន​ទូរស័ព្ទ​មក​សួរសុខទុក្ខ​ខ្ញុំ​ និង​កូនប្រុស​អាយុ​ ១៣ ​ខែ ​ព្រម​ទាំង​ក្រុមគ្រួសារ​សាច់ញាតិ​។ នាង​បាន​ប្រាប់​ខ្ញុំ កុំឲ្យ​បារម្ភ​អំពី​នាង និង​ប្រាប់​ឲ្យ​ខ្ញុំ​មើលថែទាំ​កូន​ឲ្យ​បាន​ល្អ​ហើយ​ថា នៅ​ខែ​ក្រោយ​នេះ​នាង​នឹង​ដាក់​ច្បាប់​សម្រាក​ ២-៣ ​ថ្ងៃ ដើម្បី​មកលេង​ផ្ទះ​»​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ពួកគាត់​បញ្ចប់​ការសន្ទនា​គ្នា​បាន​ប្រមាណ​ជាង​ ៣០ ​នាទី ស្រាប់តែ​មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា ប្រពន្ធ​គាត់​បាន​ស្លាប់​ក្រោយ​មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ដែល​បង្កឡើង​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ចាញ់​បៀរ​។

លោក​ថា​៖ «​ខ្ញុំ​រក​និយាយ​អ្វី​មិន​ចេញ​ទេ​នៅពេល​ឮដំណឹង​នោះ ព្រោះ​ខ្ញុំ​ទើបតែ​និយាយ​ជាមួយ​ប្រពន្ធ​ខ្ញុំ​តាម​ទូរស័ព្ទ​ប្រមាណ​ ៣០ ​នាទី​មុន​ [​ទទួល​ដំណឹង​] ​នេះ​ប៉ុណ្ណោះ​»​។ លោក​បន្តថា នៅពេល​នេះ​លោក​កំពុង​បំពេញ​បែបបទ​ឯកសារ​មួយ​ចំនួន ដើម្បី​ស្នើសុំ​​កិច្ចអន្តរាគមន៍​ពី​មន្ត្រីការទូត​កម្ពុជា​​ប្រចាំ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ជួយ​នាំ​យក​សព​ប្រពន្ធ​របស់​លោក​មក​កម្ពុជា​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕