ថៃៈ ​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស ​ថៃ​ ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចាត់​មន្ត្រី​របស់​ខ្លួន​ចុះទៅ​ខេត្ត​ឈុន​បុរី​ ​(Chon Buri)​ ដើម្បី​ជួយ​អន្តរាគមន៍​ឃ្លាំ​មើល​អំពី​ករណី​ពល​ករ​ខ្មែរ​ ២ នាក់​ ដែល​ក្រុម​អាជ្ញាធរ​ថៃ​នៅ​ក្នុង​ខេត្ត​នោះ​ចាប់​ឃុំ​ខ្លួន​ ពាក់​ព័ន្ធ​ក​រ​ណី​រំលោភ​សេព​សន្ថវៈ​លើ​កូន​ស្រី​អ្នក​ជិត​ខាង​​របស់​ខ្លួន​ដែល​ជា​អនីតិជ​អាយុ ១៣ ឆ្នាំ។​

​យោង​តាម​សេច​ក្ដី​រាយ​ការណ៍​របស់​​កាសែត ​The Nation ​កម្លាំង​តម្រួត​ថៃ​នៃ​ខេត្ត​ឈុន​បុ​រី​ កាល​ពី​ថ្ងៃ​ទី​ ២២​ ​ខែ​កក្កដា​ ឆ្នាំ ២០១៩​ ​បាន​ចាប់​ខ្លួន​បុរស​ខ្មែរ​ ២ ​នាក់​ ​និង​ក្មេង​ប្រុស​ជន​ជាតិ​ថៃ​ ២ ​នាក់​ តាម​បណ្ដឹង​កុមារី​រង​គ្រោះ ​ដែល​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ចាប់​រំលោភ​នាង​បាន​សម្រេច​ជា​ច្រើន​ដង ​និង​ថត​ជា​ឃ្លីប​វី​ដេ​អូ ​យក​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​នាង​ចំនួន​ ៣ ០០០ ​បាត​ ​ជា​ថ្នូរ​មិន​បង្ហោះ​ឃ្លីប​វីដេអូ​នោះ។​

​នាយ​ស្នង​ការ​តម្រួត​ខេត្ត​ឈុន​បុរី​ ​លោក​ Nanthachat Supamongkol​ ត្រូវ​បាន​កា​សែត ​The Nation​ ដក​ស្រង់​សម្ដី​ថា បុរស​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​នោះ​រួម​មាន​ឈ្មោះ ​ណាតា​ផាត់​ ​​នី​វង្ស ​(Natthapat Neewong)​ អាយុ​ ២៩ ​ឆ្នាំ ​និងម្នាក់​ទៀត​ ​ឈ្មោះ ​​ឡឺត ​(Lert)​ ​អាយុ​ ១៨ ​ឆ្នាំ ​ពួក​គេ​ត្រូវ​បាន​ជួល​មក​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ដែលមិ​ន​​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ខេត្ត​នោះ។​ ​ចំណែក​ក្មេង​ប្រុស​ជន​ជាតិ​ថៃ​ ២ នាក់​​ទៀត​ ​ដែល​មាន​អាយុ​ ១៦ ឆ្នាំ​ម្នាក់​ និង​ ១​៤ ​ឆ្នាំ​ម្នាក់​ រួ​ម​ទាំង​កុមា​រី​រ​ង​គ្រោះ មិន​ត្រូវ​បាន​ប្រាប់​អំពី​អត្ត​សញ្ញាណ​នោះ​ឡើយ ​ដោយ​សារ​តែ​អាយុ​របស់​ពួកគេ។​

​លោ​ក​ ​Supamongkol​ ​បាន​បញ្ជាក់​​ថា​៖ ​«​ពួក​គេ​បាន​សារ​ភាព​ចំពោះ​ប​ទល្មើ​​ស​នេះ​ហើយ ​នឹង​ត្រូវ​បាន​ចោទ​​ប្រកាន់​​ពីបទ​ល្មើស​ជា​ច្រើន​រួម​ទាំង​ការ​ចាប់​រំលោភ​អនី​តិជន​។​ ​ប៉ុន្តែ​សមត្ថ​កិច្ច​នៅ​មិនទាន់បាន​រក​ឃើញ​វីដេ​អូ​ដែល​ត្រូវ​បាន​គេ​​ចោទ​ប្រកាន់​ថា​បាន​ប្រើ​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ជំរិត​ឪពុកម្ដាយ​របស់​កុមារី​រងគ្រោះ​ទេ»។​

​យោង​តាម​ពាក្យ​បណ្ដឹង​របស់​កុមារី​រ​ង​គ្រោះ ​កាល​ពី​ថ្ងៃ​ទី​ ២ ​ខែ​ កក្កដា​ ​ឆ្នាំ ២០១៩​ ក្រុម​ជន​សង្ស័យ​បាន​ចាប់​កុមារី​រ​ងគ្រោះ​​ទៅ​ឃុំ​ទុក​នៅ​ក្នុង​បន្ទប់​ជួល​របស់​ពួក​គេ ​ដោយ​បាន​ដាក់​ខ្នោះ​ដៃ​របស់​នាង​ ហើយ​បាន​នាំ​គ្នា​ចាប់​​រំលោភ​លើរា​ង​កាយ​នាង​​​ម្នាក់​ម្ដងៗ​ ដោយ​ម្នាក់ៗ​បាន​សម្រេច​ជា​ច្រើន​ដង​។​ ​មិន​តែ​ប៉ុណ្ណោះ​ពួ​ក​​គេ​បាន​ថ​ត​ជាវី​ដេអូ​ឃ្លីប​ ដើម្បីទុ​ក​ជំរិត​យ​ក​ប្រាក់​ពី​ឪ​ពុក​ម្ដាយ​របស់​នាង​ថែម​ទៀត​។​ ​​ក្រុម​អ្នក​​ភូមិ​ដែល​បាន​តាម​ឃ្លាំ​មើ​ល​អំពី​ហេតុ​ការណ៍​នោះ ​បាន​ទាម​ទារ​​ឲ្យ​សមត្ថ​កិច្ច​ផ្ដន្ទា​ទោ​ស​ពួក​គេដាក់​​ពន្ធនាគារ​ឲ្យ​ច្រើន​ឆ្នាំ។​ ​

​ជុំវិញ​ករណី​នេះ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ​នៃ​ព្រះរា​​ជា​​ណាច​ក្រកម្ពុជា​ ​លោក​ ​កេ​ត ​សោ​ផាន់​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ទី​ក្រុង​បាង​កក​ បាន​ចាត់​ឲ្យម​ន្ត្រី​ទូត​មួយ​ចំនួន​ចុះ​ទៅ​​ខេត្ត​ឈុន​បុរី​ដើម្បី​ឃ្លាំ​មើល​ និង​ជួយ​អន្តរា​គមន៍​ផ្នែក​ច្បាប់​ដល់​ពលករ​ខ្មែរ​ទាំង​ ២ ​នោះ​។​

​លោក​ថ្លែង​​ថា​៖​ «​រហូត​មក​ទល់​ពេល​នេះ ​សមត្ថ​កិច្ច​យើង​នៅ​មិ​ន​ទាន់​ទទួល​បានរ​បាយ​ការណ៍​លម្អិត​ជុំវិញ​ករណី​​នោះ​នៅ​ឡើយ​ទេ។ ​អគ្គ​កុង​ស៊ុល​យើង​ប្រចាំ​ទី​ក្រុង​បាង​កក ​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​យើង​ចុះ​ទៅ​កាន់​ទី​នោះ​ហើ​យ​ ដើម្បី​ទាក់​ទង​ស្នើ​សុំ​ព័ត៌​មាន​លម្អិត​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ក្នុង​តំបន់​នោះ ​និង​ដើម្បី​ជួយ​អន្តរាគមន៍​ផ្នែក​ច្បាប់​ដល់​ពួកគេ»៕