ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើវិស័យឌីជីថលនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាជាប្រទេសមានអត្រាអ្នកប្រើប្រាស់ទូរស័ព្ទច្រើនមួយនៅក្នុងតំបន់ដែលអាមេរិកមានបំណងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកនេះឲ្យរឹតតែប្រសើរថែមទៀត ។
ការលើកឡើងរបស់លោក Patrick Murphy នេះបានធ្វើឡើង ខណៈលោកជួបជាមួយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលថ្ងៃទី ៤ ខែធ្នូ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គឺដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងផ្នែកផ្សេងទៀតជាមួយកម្ពុជា។
បើតាមគេហទំព័ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃពុធ បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់នៃវិស័យទូរស័ព្ទចល័តនៅកម្ពុជា និងចំពោះកិច្ចសហការល្អរវាងក្រសួង និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិកហៅកាត់ (USABC) នាពេលកន្លងមកព្រមទាំងមានក្ដីរំពឹងថានឹងមានការិយាល័យតំណាង USABC នៅកម្ពុជានាពេលខាងមុខ ។
តាមគេហទំព័រដដែលលោករដ្ឋមន្ត្រី ត្រាំ អ៊ីវ តឹក បានស្វាគមន៍វត្តមានរបស់លោក Patrick Murphy ដែលមកបំពេញបេសកកម្មក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។
លោកបានបញ្ជាក់ថា៖ «វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀតរវាងប្រទេសទាំង ២»។
ដោយឡែកនៅក្នុងហ្វេសប៊ុកស្ថានទូតអាមេរិកកាលពីថ្ងៃពុធបានឲ្យដឹងថា ភាគីទាំង ២ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគមនាគមន៍និងបច្ចេកវិទ្យា ការជំរុញនីតិរដ្ឋ សិទ្ធិជាឯកជន អភិបាលកិច្ច និងសេរីភាពអ៊ីនធឺណិត។
លោក Murphy បានបញ្ជាក់ក្នុងហ្វេសប៊ុកនោះថា៖ «នៅព្រឹកនេះ (ថ្ងៃពុធ) ខ្ញុំបានជួបរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហើយបានពិភាក្សាអំពីវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាកំពុងរីកចម្រើនឡើងព្រមទាំងសារៈសំខាន់នៃការជំរុញនីតិរដ្ឋ សិទ្ធិជាឯកជន អភិបាលកិច្ច និងសេរីភាពអ៊ីនធឺណិត អេកូទេសចរណ៍ឌីជីថលដ៏រឹងមាំ និងការវិនិយោគ»។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក មាស ប៉ូ បានបដិសេធផ្តល់ព័ត៌មានលម្អិតជុំវិញជំនួបរវាងលោក Patrick Murphy និងលោក ត្រាំ អ៊ីវតឹក ដោយលោកថាកំពុងរវល់កាលពីម្សិលមិញ ។
រីឯលោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកនៅកម្ពុជាក៏បានបដិសេធផ្តល់ព័ត៌មានលម្អិតផងដែរតាមរយៈ Email កាលពីម្សិលមិញជុំវិញជំនួបនេះ ។
សូមបញ្ជាក់ថាកាលពីជំនួបជាមួយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ពីថ្ងៃទី ៣ ធ្នូ លោក Patrick បានសន្យាជួយបណ្តុះបណ្តាលដល់កងទ័ពមួកខៀវកម្ពុជា និងផ្នែកផ្សេងទៀតក្នុងវិស័យយោធាកម្ពុជា និងបានពិភាក្សាពីការបន្តសហការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាផងដែរ៕