ព្រះសីហនុៈ អនុប្រធានបេសកកម្មស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Michael Newbill បានជួបជជែកគ្នាជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃពុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ខណៈអាមេរិកចង់នាំក្រុមហ៊ុនឲ្យមកវិនិយោគក្នុងខេត្តនេះជាអ្វីដែលមន្ត្រីថាជាជំនួបបឋម មុនមានកិច្ចពិភាក្សាមួយទៀតរវាងលោក គួច ចំរើន និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ។
លោក ឃាង ភារម្យ មន្ត្រីនាំពាក្យខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា លោក Michael Newbill បានប្រាប់ទៅលោក គួច ចំរើន ពីបំណងរបស់អាមេរិកដែលចង់ជួយ និងចង់វិនិយោគនៅក្នុងព្រះសីហនុដូចជា ការចង់ផ្ដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាអង់គ្លេស និងកីឡា និងបំណងនាំក្រុមហ៊ុនអាមេរិកមកវិនិយោគលើវិស័យថាមពលអគ្គិសនីនៅក្នុងខេត្តនេះ។
លោក ភារម្យ បន្តថា បើតាមលោក Michael Newbill គឺនៅពេលខាងមុខដ៏ខ្លី លោក Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានឹងជួបជាមួយលោក គួច ចំរើន ដើម្បីពិភាក្សាគ្នា ប៉ុន្តែលោក ភារម្យ មិនទាន់ដឹងច្បាស់ពីប្រធានបទអ្វីឡើយ។
លោកថា៖ «នេះគឺជាជំនួបមួយដែលជាចំណុចផ្ដើមដំបូងគេ ហើយបន្ទាប់មកនឹងមានជំនួបមួយទៀតរវាងឯកឧត្តមអភិបាលខេត្តជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក។ ពេលវេលាមិនទាន់កំណត់ទេ ប៉ុន្តែប្រហែលមិនយូរទេ »។
មន្ត្រីនាំពាក្យខេត្តព្រះសីហនុរូបនេះបានបន្ថែមថា លោក គួច ចំរើន បានស្វាគមន៍ចំពោះបំណងរបស់អាមេរិកដែលចង់ផ្ដល់អ្នកជំនាញខាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលភាសាអង់គ្លេស និងកីឡានៅខេត្តព្រះសីហនុ។ ប៉ុន្តែចំពោះការចង់វិនិយោគលើវិស័យថាមពលអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិកវិញ គឺជាឆន្ទានុសិទ្ធិរបស់ថ្នាក់ជាតិ មិនមែនថ្នាក់ខេត្តឡើយ។
លោក ឃាង ភារម្យ បានបន្ថែមថា សម្រាប់លោក គួច ចំរើន វិញគឺបានសំណូមពរឱ្យអាមេរិកផ្ដល់ជំនួយសម្រាប់អភិវឌ្ឍវិស័យធនធានមនុស្ស និងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរ និងស្នើឱ្យស្ថានទូតអាមេរិកជួយផ្សព្វផ្សាយកៀរគរអ្នកទេសចរ និងអ្នកវិនិយោគអាមេរិកឲ្យមកបោះទុនលើវិស័យនានាដែលកំពុងមានសក្ដានុពលក្នុងខេត្តព្រះសីហនុ។
ដោយឡែកនៅលើហ្វេសប៊ុករបស់លោករដ្ឋបាលខេត្តព្រះសីហនុបានចុះផ្សាយដែរថា រដ្ឋាភិបាលកម្ពុជា និងអាមេរិកគឺមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ។ សម្រាប់ខេត្តព្រះសីហនុគឺអាមេរិកបានជួយដល់កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ ការសាងសង់ និងជួសជុលអគារសម្រាប់បម្រើដល់វិស័យអប់រំ និងវិស័យសុខាភិបាល និងជួយបញ្ជាទិញទំនិញពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុតាំងពីឆ្នាំ ២០០០ ជាដើម។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកលោកស្រី Emily Zeeberg បញ្ជាក់តាមអ៊ីមែលកាលពីម្សិលមិញថា លោក គួច ចំរើន និងលោក Michael Newbill បានពិភាក្សាពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅខេត្តព្រះសីហនុ និងពិភាក្សាពីរបៀបដែលភាគីទាំងអាចធ្វើការរួមគ្នាដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការការពារបរិស្ថាន សុវត្ថិភាពសាធារណៈ និងច្បាប់។
លោកស្រីបន្ថែមថា៖ «ស្ថានទូតសហរដ្ឋអាមេរិកបានរៀបចំដើម្បីសម្របសម្រួលការទាក់ទងសម្រាប់ក្រុមជំនាញដែលអាចជួយសិក្សាពីប៉ះពាល់បរិស្ថាន ផែនការគ្រប់គ្រងកាកសំណល់ និងបញ្ហាសំខាន់ៗផ្សេងទៀត ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពដែលនាំផលប្រយោជន៍ដល់ពលរដ្ឋនៅក្នុងតំបន់»។
លោក ឃាង ភារម្យ មន្ត្រីនាំពាក្យខេត្តព្រះសីហនុបានឲ្យដឹងដែរថា លោក គួច ចំរើន ក៏បានប្រាប់ទៅលោក Michael Newbill មន្ត្រីស្ថានទូតអាមេរិកអំពីផែនការដ៏ច្បាស់លាស់ក្នុងការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយទៅជា Smart City ផងដែរដើម្បីឱ្យរាល់ការគ្រប់គ្រងទាំងអស់គឺត្រូវប្រើដោយប្រព័ន្ធបច្ចេកវិទ្យា ដូចជា ការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព និងទេសចរណ៍ជាដើម។ លោកបន្តថា៖ « ផែនការនេះគឺយើងបានរៀបចំ និងកំពុងធ្វើជាបណ្ដើរៗហើយ»៕