The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​ដែល​លេង​ទូរស័ព្ទ​ក្នុង​ម៉ោង​ការងារ​ ត្រូវ​បាន​ប្ដូរ




មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​ដែល​លេង​ទូរស័ព្ទ​ក្នុង​ម៉ោង​ការងារ​ ត្រូវ​បាន​ប្ដូរ

Content image - Phnom Penh Post
រូបភាពពី​វីដេអូឃ្លីប​មួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​សកម្មភាព​របស់​កញ្ញា ខេង សុខកញ្ញា កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន។

មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​ដែល​លេង​ទូរស័ព្ទ​ក្នុង​ម៉ោង​ការងារ​ ត្រូវ​បាន​ប្ដូរ

ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​លិខិត​ឆ្លងដែន​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​របស់​ខ្លួន​ម្នាក់​បន្ទាប់ពី​មាន​ការ​បង្ហោះ​វីដេអូឃ្លីប​មួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​សកម្មភាព​មន្ត្រី​រូប​នោះ​អង្គុយ​ចុច​ទូរស័ព្ទ​ខណៈ​​ពលរដ្ឋ​កំពុង​ឈរ​រង់ចាំ​ទទួល​សេវា​ពី​មន្ត្រី​នោះ​។

ក្នុង​លិខិត​បង្គាប់​ការ​មួយ​ចុះ​ថ្ងៃ​ទី ៥​ ខែ​សីហា​ឆ្នាំ ២០១៦ ប្រធាន​នាយកដ្ឋាន​លិខិត​ឆ្លងដែន​លោក ព្រហ្ម ចាន់សុខា បាន​សម្រេច​ផ្ទេរ​ភារកិច្ច​កញ្ញា ខេង សុខកញ្ញា ​ពី​មន្ត្រី​ការិយាល័យ​បែបបទ​ទៅ​កាន់​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន។

ការ​សម្រេច​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​វីដេអូឃ្លីប​មួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​សកម្មភាព​របស់​កញ្ញា ខេង សុខកញ្ញា កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​ខណៈ​មាន​មនុស្ស​កំពុង​ឈរ​រង់ចាំ​ទទួល​សេវា​ពី​នាង​។

មន្ត្រី​ក្នុង​នាយកដ្ឋាន​លិខិត​ឆ្លងដែន និង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​មិន​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​សាទរ​ចំពោះ​ការ​ផ្ទេរ​ភារកិច្ច​មន្ត្រី​ការិយាល័យ​លិខិត​ឆ្លងដែន​នេះ​ដោយ​លោក​ថ្លែង​ថា​នេះ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​គណនេយ្យភាព​នៅ​កន្លែង​ធ្វើការ​។ ​

លោក​បន្ថែម​ថា៖ «ការ​រិះគន់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​នេះ​វា​រួម​ចំណែក​ក្នុង​ការ​កែប្រែ​ឥរិយាបថ​របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន»។

ទោះ​យ៉ាង​នេះ​ក្តី​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​កូរ៉េ​ម្នាក់​លោក គង់ សារី ដែល​បាន​ទៅ​ធ្វើ​លិខិត​ឆ្លងដែន​ប្រហែល​ជា​ ២ ​ឆ្នាំ​មុន​ឲ្យ​ដឹង​ថា​មន្ត្រី​នៅ​ទី​នោះ​បំពេញ​តួនាទី​ជា​ធម្មតា​ដោយ​លោក​មិន​បាន​ឃើញ​មន្ត្រី​ណា​មួយ​​អង្គុយ​ចុច​ទូរស័ព្ទ​នោះ​ទេ។ ​

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ចំពោះ​លោក​សេវា​នៅ​ទី​នោះ​អាច​ទទួល​យក​បាន៕

អត្ថបទគួរចាប់អារម្មណ៍