ក្រចេះ មន្ដ្រី​នគ​របាល​ខេត្ដ​ក្រចេះ​បាន​អះ​អាង​នៅ​ថ្ងៃ​ទី​ ៤​ ធ្នូ​នេះ​ថា ករណីឃាត​ករ​ស៊ី​ឈ្នួល​សម្លាប់​មនុស្ស​រត់​ចេញ​ពី​ពន្ធ​នាគារ​ខេត្ត​បាន​សម្រេច​កាល​ថ្ងៃ​ទី​២​ ខែធ្នូ​ ខណៈ​ទើប​ជាប់​ឃុំ​បាន​៣​ឆ្នាំ​ក្នុ​ងទោស​អស់​១​ជីវិត​នោះ ជា​ការ​កើត​ឡើង​ដោយ​សារ​ការ​ធ្វេស​ប្រហែស​រប​ស់​ម​ន្ដ្រី​ពន្ធ​នា​គារ ​។

លោក ស៊ុម សុខ​ឃីម ស្នងការរង​នគ​បាល​ខេត្ដ​ក្រចេះ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​បុ​ស្ដិ៍​ថា ករណី​នេះគឺជា​ការធ្វេសប្រហែសរ​បស់​មន្ដ្រី​ពន្ធនា​គារ​ ប៉ុន្ដែ​ពេល​នេះ​នគ​បាល​ខេត្ដ​កំពុង​ការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​ល្មើស​មក​វិញ​។

លោក​ថា​៖«​ករណីនេះ​ជាការ​ធ្វេសប្រហែស​របស់​មន្ដ្រី​ពន្ធនា​គារ គ្មាន​អ្នក​ណា​ទៅ​ហែក​គុក​បាន​ទេ​ មាន​អ្នក​ចាក់សោ​ឲ្យ​​វា​ចេញ​មក ហើយ​និង​ការ​ធ្វេស​ប្រ​ហែស​របស់​គាត់​ម៉ា​តង់​ទៀត អាហ្នឹង​ វា​មាន​ពី​រ​តង់​»។

លោក សុខ​ឃីម បាន​បន្ថែម​ថា៖ «​កម្លាំង​សមត្ថ​កិច្ច​យើង​ជួយ​ស្វែង​រក​ព័ត៌មាន​ហើយ​ ប៉ុន្ដែ​នេះ​ជា​កំហុស​របស់​ពន្ធនា​គារ​សោះ ខាង​យើង​នេះ ​គ្មាន​ពាក់ព័ន្ធ​អ្វី​ទេ ​ព្រោះនេះ​ជា​ករណី​ដែល​យើង​បាន​ចាប់​បញ្ចូនទៅ​តុលា ហើយ​គេ​បាន​កាត់ទោស​រួច​ហើយ​ឲ្យ​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត»​។

លោក ជា សុ​ភ័​ក្ក្រ អ្នកនាំពាក្យ​អយ្យការ​សា​លា​ដំបូង​ខេត្ត​ក្រចេះ បាន​ទទួល​ស្គាល់​ថា ពិតជា​មាន​ករណី​ជន​ល្មើស​លួច​រត់​ចេញពី​គុក​ពិត​មែន ប៉ុន្ដែ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​លម្អិត​​ទេ ព្រោះ​រវល់​បំពេញ​បេស​កកម្ម​នៅ​ភ្នំពេញ ។

លោក​ថា៖​ «ឥឡូវ​ខ្ញុំ​កំពុង​នៅ​តាម​ផ្លូវ​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ច្បាស់​ទេ ប៉ុន្ដែ​មាន​មែន​ មាន​ករណី​រត់ចេញ​ពី​គុក​នេះ​មែន​។ ខ្ញុំ​អត់​ទាន់​ដឹង​ថា ​យ៉ាង​ម៉េច​ខ្លះ​ទៅ​ឡើយ​ទេ តែ​ជា​ធម្មតា​ពេល​ជន​ល្មើស​រត់ចេញ​ពី​គុក​បែប​នេះ ​គឺ​យើង​ត្រូវ​តែ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​វិញ​ហើយ»​។

ភ្នំពេញ​បុ​ស្ដិ៍​មិន​អាច​ទាក់​ទង លោក​ ខ្វា ​សារ៉ន ប្រធាន​ពន្ធនា​គារ​ ខេត្ដ​ក្រចេះ​ដើម្បី​សុំ​បក​ស្រាយពី​​ករណី​ជនល្មើ​ស​រត់​ចេញ​ពី​គុក​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៤​ធ្នូ ​នេះ ។

តាម​របាយ​ការ​ណ៍​នគរ​បាល​ខេត្ដ​ក្រចេះ ​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ដែល​បាន​រត់​គេច​ខ្លួន​ចេញពី​ព​ន្ឋ​នា​គារ​ ឈ្មោះ ​ឡឹ​ក​ ចាន់​វាសនា ​ហៅ​ក្លូ​ អាយុ​ ២៨ ​ឆ្នាំ មាន​លំនៅ នៅ​ភូមិ អូរ​ពោធិ៍ ឃុំ​ក្បាល​ដំរី ស្រុក សំបូរ ខេត្ត​ក្រចេះ​។

ជន​នេះ ត្រូវ​បាន​នគរ​បាល​ស្រុក​សំបូរ ​ចាប់​ខ្លួន​បាន​ កាល​ពី​ដើម ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥​ ពាក់​ព័​ន្ធ​នឹង​ករណី​អំពើ​មនុស្ស​ឃាត ដោយ​ជន​នេះ បាន​ស៊ីឈ្នួល​ធ្វើ​ឃាត​ឲ្យ​គេ ក្នុង​តម្លៃ​ខ្លួន​ ២​លាន​រៀលពី​ស្ត្រី​ម្នាក់​ទៀត​ឱ្យទៅ​សម្លាប់​ស្ត្រី​ជា​ជន​រងគ្រោះ​ ឈ្មោះ ហ៊ិ​ន ភាព ភេទ​ស្រី អាយុ ៦១ ឆ្នាំ ដែល​រស់នៅ​ក្នុង​ភូមិ​ឃុំ ជា​មួយ​គ្នា ក្នុង​ទំនាស់​រឿង​ជំពាក់​លុយ​ចង់​ការ​ប្រាក់​។

របាយ​ការណ៍​ដដែល ​បាន​ឲ្យ​ដឹង​ថា កាល​នោះ ជន​ល្មើស បាន​យក​ថ្នាំ​ដាក់​បំពុល​សម្លាប់​សត្វ​ឆ្កែរ​បស់​ជន​រង​គ្រោះ​ហើយ ចូល​ទៅ​ក្រោមផ្ទះ​យក​ដែក​ចុង​ស្រួច​ចាក់​ចំ​ដើម​ទ្រូង​ខាង​ឆ្វេង​ បណ្ដាល​ឲ្យ​ស្លាប់​នៅ​លើ​ប៉ៅ​អ៊ី​ក្រោម​ផ្ទះ​គាត់​តែ​ម្ដ​ដង​៕