ភ្នំពេញ: មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលជាប់កិច្ចសន្យាសរុបចំនួន ៦ នាក់ ត្រូវបានលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញដាក់ពិន័យដោយព្យួរការងារបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបាននាំគ្នាដើរលក់បំពង់អគ្គិភ័យឱ្យប្រជាពលរដ្ឋខុសពីការណែនាំរបស់ថ្នាក់លើ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៦ នាក់ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា បាននាំគ្នាបើកបររថយន្ត និងម៉ូតូដើរលក់បំពង់ពន្លត់អគ្គិភ័យនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលហើយប្រជាពលរដ្ឋម្នាក់រស់នៅមូលដ្ឋាននោះបានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថា មានមន្ត្រីនគរបាលផ្នែកបង្ការពន្លត់អគ្គិភ័យនៅរាជធានីភ្នំពេញមកលក់បំពង់ពន្លត់អគ្គិភ័យខុសពីការណែនាំរបស់ថ្នាក់លើ ទើបសមត្ថកិច្ចបានកោះហៅទៅសាកសួរ។
លោក ស ថេត បានថ្លែងពីម្សិលមិញថា មន្ត្រីនគរបាលទាំង ៦ នាក់នេះ ត្រូវបានអង្គភាពជំនាញនឹងធ្វើការដាក់ពិន័យតាមច្បាប់ស្ដីពីកងកម្លាំងប្រដាប់អាវុធ ប៉ុន្ដែពួកគាត់មិនទាន់មានទោសចាត់ចូលក្នុងច្បាប់ព្រហ្មទណ្ឌឡើយ ដោយពួកគាត់គ្រាន់តែមិនគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «យើងកំពុងសាកសួរពួកគាត់នៅឡើយ ហើយពួកគាត់នឹងទទួលការផាកពិន័យតាមច្បាប់ស្ដីពីកងកម្លាំងយើង។ ពួកគាត់ដើរលក់ ឬធ្វើសកម្មភាពនេះមិនមែនតែម្ដងទេគឺប្រព្រឹត្តច្រើនលើកមកហើយ អ៊ីចឹងលើកចុងក្រោយនេះ យើងទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកយើង»។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងពីម្សិលមិញថា សមត្ថកិច្ចសង្កាត់ដើមមៀន ក្រុងតាខ្មៅបានកោះហៅមន្ត្រីនគរបាលពន្លត់អគ្គិភ័យចំនួន ៦ នាក់ នោះទៅសាកសួរតាមនីតិវិធីច្បាប់។
លោកបញ្ជាក់ថា៖ «ពួកគាត់ទាំង ៦ នាក់នេះ គឺមិនទាន់មានទោសទាក់ទងបទល្មើសព្រហ្មទណ្ឌទេគឺពួកគាត់គ្រាន់តែមិនស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ ហើយធ្វើសកម្មភាពហួសដែនកំណត់ថែមទៀត។ ដូច្នេះខាងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកោះហៅគាត់ទៅសាកសួរហើយ ប៉ុន្ដែខ្ញុំមិនទាន់ដឹងគេសម្រេចបែបណាទេ»។
លោក វន្ថា លើកទឹកចិត្តឱ្យមន្ត្រីនគរបាលពាក់ព័ន្ធកិច្ចការអគ្គិភ័យទាំងអស់ចុះផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋដល់មូលដ្ឋានរបស់ពួកគាត់ ដើម្បីឱ្យពួកគាត់ចូលរួមទប់ស្កាត់បញ្ហាអគ្គិភ័យកើតឡើងជាយថាហេតុ ប៉ុន្ដែលោកមិនលើកទឹកចិត្តមន្ត្រីនគរបាលលក់បំពង់អគ្គិភ័យឱ្យពលរដ្ឋ និងមិនគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំទេ។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី ៧ ខែវិច្ឆិកា បានឱ្យដឹងថា មន្ត្រីនគរបាលទាំង ៦ នាក់នោះ រួមមាន ទី១- លោកអនុសេនីយ៍ឯក ហែម ហ៊ុំ អត្តលេខ ៣១៥៦១ ជាមន្ត្រីចូលនិវត្តន៍ ទី២- លោកអនុសេនីយ៍ទោ ឌួង ចាន់សិត្យា ឋានៈជាមន្ត្រី ទី៣- លោក សាន វឌ្ឍន: ជាមន្ត្រីជាប់កិច្ចសន្យា (អ្នកបើកបរ) ទី៤- លោក ហៀក វិរ:សាក ជាមន្ត្រីជាប់កិច្ចសន្យា ទី៥- លោក ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា និងទី៦- លោក ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា៕