
សត្វគោះ ២ ក្បាល ដែលត្រូវមន្ត្រីនគរបាលជានាយផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកឆែបនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាញ់សម្លាប់។ រូបថត ហ្វេសប៊ុក
ព្រះវិហារ/កំពង់ឆ្នាំង៖ មន្ត្រីនគរបាលជានាយផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកឆែបនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារម្នាក់ ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយពីបាញ់គោងាប់ ២ ក្បាល ដោយហេតុចូលស៊ីសូ្រវពង្រោះក្នុងស្រែនៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១។
លោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារកាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ បានចេញសេចក្ដីសម្រេចផ្អាកការងារលោក អៀ គាវាសនា នាយផ្នែកប្រឆាំងគ្រឿងញៀនអធិការដ្ឋានស្រុកឆែបនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារជាបណ្ដោះអាសន្ន រីឯសាមីខ្លួនត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំសេចក្តីសម្រេចជាថ្មី។
លោក ឈួន ម៉ារឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២១ ថា ការបាញ់សម្លាប់គោ ២ ក្បាលនោះ ដោយសារតែមានគោជាច្រើនក្បាលបានចូលស៊ីពង្រោះដែលទើបលូតលាស់ឡើងនៅក្នុងស្រែរបស់លោក គាវាសនា។
លោក ឈួន ម៉ារឌី ថ្លែងថា៖ «វាមានមូលហេតុរបស់វា មិនមែនចេះដើរបាញ់ឆៅទេ ប៉ុន្តែគាត់ត្រូវបានដាក់ពិន័យហើយដោយសារតែគាត់ទប់ចិត្តមិនបានឈានដល់ការបាញ់នេះ»។
លោក ឈួន ម៉ារឌី ថ្លែងដោយយោងតាមរបាយការណ៍របស់ លោក គាវាសនា បានឱ្យដឹងថា មុនការបាញ់នោះ លោក គាវាសនា បានផ្សព្វផ្សាយទៅភូមិឃុំ ឱ្យជួយផ្សព្វផ្សាយ និងប្រាប់ពលរដ្ឋដែលមានគោ ត្រូវចងឱ្យបានត្រឹមត្រូវ កុំឱ្យដើរស៊ីស្រូវដែលព្រោះហើយកំពុងលូតលាស់ឡើង ប៉ុន្តែសកម្មភាពនេះតែដដែល បើទោះបីដេញចេញជាច្រើនលើកច្រើនសា និងមិនមានអ្នកអើពើ ទើបឈានដល់ការបាញ់តែម្ដង។
ករណីដោយឡែកមួយទៀតក៏បានកើតឡើងដែរ ដោយមានកូនគោមួយក្បាលងាប់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានស្នាមត្រូវគ្រាប់កាំភ្លើងនៅត្រង់ក្បាល។
លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបាញ់សាកកាំភ្លើងដែលទើបតែបានទទួលមកថ្មី បណ្ដាលឱ្យផ្លាតត្រូវកូនគោមួយក្បាលងាប់នៅក្នុងសាលាស្រុកកាលពីថ្ងៃទី ៣០ ខែមេសា។
លោក ស៊ីផា បានថ្លែងនៅក្នុងរបាយការណ៍របស់លោកទៅកាន់ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១ ខែឧសភា បានឱ្យដឹងថា៖ «បន្ទាប់ពីហេតុការនោះកើតឡើងខ្ញុំក៏បានទាក់ទងទៅលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យមកធ្វើកំណត់ហេតុ និងឲ្យស្រាវជ្រាវរកម្ចាស់គោមកធ្វើការពិភាក្សាដោះស្រាយសំណងជូនម្ចាស់គោតាមការព្រមព្រៀង។ ករណីនេះ រូបខ្ញុំបាទបានសម្របសម្រួលពិភាក្សាជាមួយម្ចាស់គោ និងបានទូទាត់សំណងបានចប់សព្វគ្រប់រួចហើយ»។
ទោះជាយ៉ាងណា លោក ស្រ៊ន សំរិទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ចំពោះករណី លោក វន ស៊ីផា រដ្ឋបាលខេត្តបាននិងកំពុងស្រាវជ្រាវលម្អិតពីមូលហេតុ ដែលឈានដល់ការបាញ់សម្លាប់គោមួយក្បាលនៅក្នុងសាលាស្រុកនេះ៕