ភ្នំពេញៈ មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់ដែលបានបាញ់សម្លាប់អតីតប្រពន្ធ និងកូនស្រីរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់នៅសង្កាត់ភ្នំពេញថ្មី កាលពីយប់ថ្ងៃទី ៦ ខែមេសា ហើយត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ នៅប៉ុន្មានម៉ោងក្រោយមកនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៨ ខែមេសា នេះ។
លោក ហេង សុភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងកាលពីម្សិលមិញថា ករណីជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា ដែលជាមន្ត្រីនគរបាលខណ្ឌសែនសុខគឺសមត្ថកិច្ចកំពុងបំពេញនីតិវិធីសាកសួរ។ លោកថ្លែងថា៖ «ជនសង្ស័យ បើខ្ញុំបំពេញនីតិវិធីទាន់ គឺត្រូវបញ្ជូនគាត់ទៅតុលាការនៅរសៀលថ្ងៃនេះ (ថ្ងៃទី ៦ មេសា) តែបើមិនទាន់យ៉ាងយូរថ្ងៃស្អែក (ថ្ងៃទី ៨ ខែមេសា)»។
លោក សុភា បានបញ្ជាក់ថា៖ «ខណ្ឌសែនសុខជាម្ចាស់ករណី ប៉ុន្តែគេយកជនសង្ស័យមកផ្ញើនៅកន្លែងខ្ញុំ (ស្នងការដ្ឋាននគរបាលរាជធានី) សិនព្រោះទុកនៅខណ្ឌ គេខ្លាចយ៉ាងម៉េចយ៉ាងម៉ាដោយសារតែជនសង្ស័យ ក៏ជាប៉ូលិសខណ្ឌនោះដែរ»។
ស្ត្រីរងគ្រោះឈ្មោះ សូរ ពៅមរកត អាយុ ៣៩ ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ខណៈដែលកូនស្រីអាយុ ៧ ឆ្នាំរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ជា។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានថ្លែងថា ជនសង្ស័យត្រូវសមត្ថកិច្ចចម្រុះតាមឃាត់ខ្លួនបាននៅស្រុកកៀនស្វាយខេត្តកណ្តាល ពោលគឺបន្ទាប់ពីជនសង្ស័យបង្កហេតុបានប៉ុន្មានម៉ោងមក។
លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងយប់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយលោកមិនបានដឹងពីព័ត៌មានលម្អិតជុំវិញរឿងនេះទេ។
លោក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយដែលជាទីកន្លែងជនសង្ស័យរត់ទៅលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ចនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សមត្ថកិច្ចដែលចូលរួមតាមចាប់ខ្លួនជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា នេះមានខាងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការនគរបាលរាជធានីភ្នំពេញរួម និងនគរបាលខណ្ឌសែនសុខផងដែរ។
បើតាមលោក សំណាង ចំពោះមូលហេតុដែលជនសង្ស័យរត់ទៅលាក់ខ្លួនក្នុងដែនដីស្រុកកៀនស្វាយនោះ ដោយសារតែជនសង្ស័យមានផ្ទះម្តាយរបស់គាត់ និងផ្ទះបងស្រីរបស់គាត់នៅទីនោះដោយជិះម៉ូតូ ១ គ្រឿងទៅ។ ដំបូងឡើយជនសង្ស័យទៅលាក់ខ្លួននៅផ្ទះរបស់ម្តាយគាត់ប៉ុន្តែដោយដឹងថា ស្ថានភាពមិនស្រួលជនសង្ស័យបានចេញពីផ្ទះម្តាយបង្កើតរបស់គាត់ទៅសំងំលាក់ខ្លួននៅផ្ទះបងស្រីរបស់គាត់ម្តង ហើយត្រូវកម្លាំងសមត្ថកិច្ចចម្រុះតាមចាប់បាននៅផ្ទះបងស្រីរបស់គាត់នៅអំឡុងប្រមាណជាម៉ោង ១១ យប់ថ្ងៃទី ៦ ខែមេសា។
លោកប្រាប់ថា៖ «សមត្ថកិច្ចសួរពីមូលហេតុបាញ់សម្លាប់ ហើយជនសង្ស័យថា អស់លោកមិនដឹងពីស្ថានភាពគ្រួសារខ្ញុំទេ ព្រោះសុទ្ធតែមានវិបត្តិផ្សេងៗគ្នា»។
បើទោះបីជាព័ត៌មានលម្អិតស្តីពីមូលហេតុនៃការបាញ់ប្រហារនេះមិនត្រូវបានលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ប្រាប់ក្តីតែបើតាមមន្ត្រីនគរបាលខណ្ឌសែនសុខមួយរូបដែលសុំមិនប្រាប់ឈ្មោះបានរៀបរាប់ឲ្យដឹងថា ហេតុការណ៍បាញ់ស្ត្រីរងគ្រោះនេះបានកើតឡើងប្រហែលជាម៉ោងជាង ៨ យប់ថ្ងៃទី ៦ ខែមេសា នៅតាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មុនដំបូងគេឃើញជនសង្ស័យជិះម៉ូតូដេញតាមរថយន្តដែលស្ត្រីរងគ្រោះ និងកូនស្រីរបស់ស្ត្រីរងគ្រោះជិះក្នុងរថយន្តឡិចស៊ីស ១ គ្រឿងដែលមានបុរសម្នាក់ជាអ្នកបើកបរ ហើយជនសង្ស័យបានបាញ់ចំនួន ៤ គ្រាប់ តែ ៣ គ្រាប់មិនផ្ទុះ និងផ្ទុះ ១ គ្រាប់ត្រូវចំស្ត្រីរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ខណៈកូនស្រីរបស់ស្ត្រីរងគ្រោះមានអាយុប្រហែល ៧ ឆ្នាំបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងយប់។
មន្ត្រីរូបនោះបន្តថា បុរសម្នាក់ដែលជាអ្នកបើករថយន្តជូនស្ត្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចក្រោយកើតហេតុថាមុនកើតហេតុគាត់បាន បើករថយន្ត ម៉ាកឡិចស៊ីស ១ គ្រឿង ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់នាងចំនួន ៣ នាក់ (ប្រុស ២ ស្រី ១) និងរបស់របរមួយចំនួនចេញពីផ្ទះស្ត្រីរងគ្រោះ នៅខណ្ឌសែនសុខបំណងយកទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះនៅសង្កាត់ស្ទឹងមានជ័យ។
ប៉ុន្តែពេលមកដល់កន្លែងកើតហេតុផ្លូវ ១០៨៦ បុរសជាអតីតស្វាមីបានជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន ៤ គ្រាប់ ប៉ុន្តែផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះហើយពេលនោះត្រូវស្ត្រីរងគ្រោះ និងកូនស្រីរងរបួសធ្ងន់។
មន្ត្រីនគរបាលរូបនោះបន្តទៀតថា បើតាមស្ត្រីម្នាក់ដែលជាបងស្រីបង្កើតរបស់ជនសង្ស័យនិយាយប្រាប់សមត្ថកិច្ចដែរថា ប្អូនរបស់គាត់ខឹងនឹងស្ត្រីរងគ្រោះ ដែលជាអតីតប្រពន្ធរបស់ខ្លួនយូរមកហើយព្រោះថាប្រពន្ធរបស់ខ្លួនបានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ (អ្នកបើករថយន្តពេលកើតហេតុ)។
ស្ត្រីជាបងរបស់ជនសង្ស័យបន្តថា ប្អូនប្រុសរបស់គាត់ធ្លាប់និយាយប្រាប់គាត់ថា គេ (ជនសង្ស័យ) នឹងសម្លាប់បុរសនោះ ប្រសិនបើអតីតប្រពន្ធរបស់ខ្លួន នៅតែទាក់ទងបុរសនោះទៀត។ បើតាមនាងស្មានគឺប្អូនប្រុសរបស់គាត់ប៉ងបាញ់បុរសដែលជាអ្នកបើករថយន្តនោះទៅវិញទេ ប៉ុន្តែចៃដន្យបែរជាទៅត្រូវអតីតប្រពន្ធ និងកូនស្រីខ្លួនទៅវិញ៕