ព្រៃវែងៈ ​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​ចំនួន​ ៧ ​នាក់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន ដាក់​ពិន័យ​ដោយ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ បន្ទាប់ពី​មន្ត្រី​ទាំង ៧ រូបនេះ​ត្រូវ​បាន​ពលរដ្ឋ​អះអាង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយដំ គំរាម​ទារប្រាក់ ដោយ​ចោទ​ពលរដ្ឋ​ស្លូតត្រង់​ថា ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

បើ​តាម​សេចក្ដី​សម្រេច​របស់​លោក នេត សាវឿន ចុះ​ថ្ងៃទី​ ២៧ ខែ​កក្កដា បញ្ជាក់​ថា មន្ត្រី​នគរបាល​ដែល​ត្រូវ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​រួមមាន​ឈ្មោះ ថោង វណ្ណឌី ស្នងការរង​នគរបាល​ខេត្តព្រៃវែង​ទទួល​បន្ទុក​ផ្នែក​គ្រឿងញៀន ឈ្មោះ ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឈ្មោះ ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឈ្មោះ​ ស៊ី បូ នាយផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឈ្មោះ ហេង ចាន់រតនា​, សៀក ចាន់ធឿន និង​ឈ្មោះ យុន តារាភ័ស្ត មាន​ឋានៈ​ជា​មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​។

លោក នេត សាវឿន ថ្លែងថា​៖ «​សាមីខ្លួន​ដែល​មាន​ឈ្មោះ​ក្នុង​ប្រការ​ ១ ត្រូវ​មក​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ការងារ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ថ្លែងប្រាប់​កាលពី​ម្សិលមិញ​ថា លោក នេត សាវឿន បាន​សម្រេច​ដាក់​ពិន័យ​កងកម្លាំង​នគរបាលជាតិ​ទាំង ៧ នាក់​ ដែល​បាន​ប្រព្រឹត្ត​ខុសពី​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​កងកម្លាំង​នគរបាលជាតិ​។ ការដាក់ពិន័យ​នេះ ដោយសារ​តែ​មន្ត្រី​នគរបាល​ទាំង​ ៧ នាក់​ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវ: និង​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ និង​បង្ក​ឲ្យ​មាន​របួសស្នាម​ដល់​ជនសង្ស័យ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​បាន​ដាក់​បទបញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ទាំង​ ២៥ ត្រូវ​ពង្រឹង​ការអនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​នៅ​ទូទាំង​ប្រទេស និង​មិន​លើកលែង​ដាច់ខាត ចំពោះ​មន្ត្រី​នគរបាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុសពី​វិន័យ និង​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាលជាតិ និង​អាច​ឈាន​ដល់​ការអនុវត្ត​នីតិវិធី​ច្បាប់​ទៀតផង​»​។

សាក្សី ២ រូប​មាន​ឈ្មោះ ថៃ សាមាឌ និង​ឈ្មោះ ភឿន រ័ត្ន រស់នៅ​ភូមិ​ស្វាយសុខោ សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​បាន​រៀបរាប់​នៅក្នុង​វីដេអូ​សម្ភាស​តាម​ហ្វេសប៊ុក​ថា ពួកគេ​ត្រូវបាន​ប៉ូលិស​ឈ្មោះ​ ទូច ធារ៉ា និង​ប៉ូលិស​ ៣ ​នាក់​ទៀត​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​ ២០ ខែ​កក្កដា និង​ដោះលែង​វិញ​នៅ​ថ្ងៃទី​ ២១ ខែ​កក្កដា បន្ទាប់ពី​ឪពុកម្ដាយ​របស់​ពួកគេ​បាន​យក​ប្រាក់​ ៤ ​លាន​រៀល​ទៅ​ឲ្យ​ឈ្មោះ ទូច ធារ៉ា​។

សាក្សី​ឈ្មោះ​ ភឿន រ័ត្ន បាន​រៀបរាប់​ថា នៅ​ខណៈពេល​គេ​កំពុង​ជិះ​ម៉ូតូ​ពី​កន្លែង​ហូបចុក​ ២ ​នាក់​ឈ្មោះ ថៃ សាមាឌ ប៉ូលិស​ឈ្មោះ​ ទូច ធារ៉ា បាន​ជិះ​ម៉ូតូ​ពីក្រោយ និង​បាន​កៀរ​ម៉ូតូ​ពួកគេ​ឲ្យ​ឈប់ ហើយ​បាន​ដក​កាំភ្លើងខ្លី​មក​វាយ​ក្បាល​។ ពេលនោះ ឈ្មោះ ថៃ សាមាឌ និយាយ​ទៅ​ឈ្មោះ ធារ៉ា ថា បើ​ហ៊ាន​ប្រើ​កាំភ្លើង​គំរាម​បន្តទៀត​គេ​នឹង​ថត​វីដេអូ​នៅលើ​ទូរស័ព្ទ​ទុកជា​ភ័ស្តុតាង​។ ពេលនោះ ឈ្មោះ ទូច ធារ៉ា បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​ ៣ ​នាក់​មកទៀត​។ ពេល​ប៉ូលិស​ ៣ ​នាក់​មកដល់​ពួក​ប៉ូលិស​បាន​វាយ និង​យក​ពួកគេ​ទាំង​ ២ ​នាក់​ទៅ​ស្នងការ​តែម្ដង​។ ចំណែក​ឈ្មោះ ថៃ សាមាឌ ក៏បាន​រៀបរាប់​ថា ឈ្មោះ ទូច ធារ៉ា បាន​ចាប់​ពួកគេ​ទាំង​ ២ ​នាក់​ទៅ​ធ្វើ​ទារុណកម្ម​នៅក្នុង​កន្លែង​ឃុំឃាំង ដោយ​វ៉ៃ​នឹង​ដំបង​ក្ដគោ​ទៅ​លើ​ខ្លួន និង​ប្រើ​ដំបងឆក់ ឆក់​នៅ​លើ​ភ្លៅ​។ បន្ទាប់មក​ពួកគេ​បាន​ទូរស័ព្ទ​ទៅ​ឪពុកម្ដាយ​របស់ខ្លួន​ឲ្យ​យក​ប្រាក់​ម្នាក់​ ២ ​លាន​រៀល​ទៅ​ដោះខ្លួន​ពួកគេ​យក​ទៅ​ផ្ទះ​វិញ​។

វីដេអូ៖

ថៃ សាមាឌ និយាយ​ថា​៖ «​គេ​យក​ខ្ញុំ​ទៅ​វ៉ៃតប់​រួចហើយ​យក​ខ្ញុំ​ទៅពិនិត្យ​ទឹកនោម រួច​ចោទ​ខ្ញុំ​ថា មាន​សារធាតុ​ញៀន​បឋម​។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ខ្ញុំ​ក៏​ចេញ​ទៅ​ពេទ្យ​រដ្ឋ​ពិនិត្យ​មើល​សារធាតុ​ញៀន​។ នេះ​គឺ​ក្រដាស​បញ្ជាក់​ពី​មន្ទីរពេទ្យ​រដ្ឋ​ខេត្ត​ព្រៃវែង​បញ្ជាក់ថា ខ្ញុំ​អត់​មាន​សារធាតុ​ញៀន​ទេ​។ ខ្ញុំ​ទៅពិនិត្យ​ឈាម​នៅ​ប៉ាស្ទ័រ​គេ​បញ្ជាក់​ថា ខ្ញុំ​អត់​មាន​សារធាតុ​ញៀន​ទេ​»​។

ថៃ សាមាឌ បាន​រៀបរាប់​ថា ក្រោយ​ពេល​ខ្លួន​បាន​ចេញ​ពី​ស្នងការ​វិញ ប៉ូលិស​ឈ្មោះ ទូច ធារ៉ា បាន​មក​សម្របសម្រួល​ប្រគល់​ប្រាក់​ឲ្យ​វិញ តែ​លោក​មិន​យល់ព្រម​ដោយ​ចង់​បាន​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​។

ពាក់ព័ន្ធ​នឹង​ករណី​ផ្អាក​ការងារ​នេះ​ដែរ គេហទំព័រ​នគរបាល​ជាតិ​បាន​ចុះផ្សាយ​ពី​ម្សិលមិញ​ថា លោក ព្រុំ សន្ធរ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​តំណាង​ឲ្យ​លោក នេត សាវឿន បាន​ចុះ​ផ្ទាល់​ទៅសុំ​អភ័យទោស និង​នាំយក​ថវិកា​ទៅ​ប្រគល់​ជូន​ពលរដ្ឋ​ ៦ ​គ្រួសារ​នៅ​ភូមិ​អណ្តូង ឃុំ​មេសរប្រចាន់ ស្រុក​ពារាំង ដែល​ពាក់ព័ន្ធ​នឹង​ករណី​នគរបាល​ខេត្តព្រៃវែង បង្ក្រាប​អ្នកប្រើប្រាស់​គ្រឿងញៀន​រួច​ដោះលែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ថ្នូរ​នឹង​ការទទួល​ប្រាក់​។

លោក​ ឆាយ គឹមខឿន បញ្ជាក់​ថា​ឈ្មោះ ទូច ធារ៉ា មាន​ជាប់​ពាក់ព័ន្ធ​ទាំង​ករណី​ទារប្រាក់ ៤ លាន​រៀល​នៅ​ក្រុង​ព្រៃវែង និង​ករណី​ពលរដ្ឋ​ ៦ ​គ្រួសារ​នៅ​ស្រុក​ពារាំង​។ ចំណែក​នគរបាល ៦ នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ ១ ​ក្នុង​ចំណោម​ករណី​ទាំង​ ២ ​នេះ​។

លោកប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​យល់​ថា​ករណី​នេះ ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌ អំពើ​ពុករលួយ និង​ការប្រើប្រាស់​អំណាច​លើសពី​អ្វីដែល​សមត្ថកិច្ច​មាន​។ លោក​ស្នើឲ្យ​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ពិនិត្យ​ពិច័យ​លើ​ការគ្រប់គ្រង​កងកម្លាំង​សមត្ថកិច្ច​ឲ្យ​បាន​ដិតដល់ ដើម្បី​ចៀសវាង​បញ្ហា​បែបនេះ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ជា​ការល្អ​ណាស់​ដែល​ក្រសួង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដាក់​ទណ្ឌកម្ម​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​ណា​ដែល​ប្រព្រឹត្ត​ខុស ហើយ​លើក​ទឹកចិត្ត​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​ដែល​បំពេញ​ការងារ​បាន​ល្អ ដើម្បី​ជា​គំរូ​ដល់​សមត្ថកិច្ច​ដទៃ​ទៀត​។ នេះ​ក៏​ជា​ការឆ្លុះបញ្ចាំង​ឲ្យ​បាន​ឃើញ​ពី​ចំណាត់ការ​ដ៏មាន​ប្រសិទ្ធភាព និង​យុត្តិធម៌​ក្នុង​ការគ្រប់គ្រង​សមត្ថកិច្ច ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​សមត្ថកិច្ច​ក្នុង​កិច្ចការពារ​សុវត្ថិភាព​ជូន​ពួកគាត់​»៕