ភ្នំពេញ: សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពីម្សិលមិញបានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ឈ្មោះ គង់ សុភាព មានតួនាទីជានាយរង ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានី បន្ទាប់ពីបានបាញ់កាំភ្លើងជិត ១០ គ្រាប់ នៅយប់ថ្ងៃទី ២៩ ខែមីនា ក្នុងសង្កាត់ស្រះចកដែលធ្វើឲ្យស្ត្រីម្នាក់ភ័យស្លន់ស្លោរហូតដល់សន្លប់។
លោក ស ថេត ស្នងការរាជធានីមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។ ប៉ុន្តែបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ គង់ សុភាព អាយុ ៤២ ឆ្នាំ (មិនបញ្ជាក់ពីតួនាទី និងមូលហេតុ) ដែលបង្កការបាញ់បោះកាលពីយប់ថ្ងៃទី ២៩ ខែមីនានៅវេលាម៉ោង ២២: ១០ នាទីនៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
លោក កាន់ វណ្ណៈ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្រះចកបានថ្លែងពីម្សិលមិញថា មានករណី មនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះរថយន្ត ២ គ្រឿង បានធ្វើសកម្មភាពបាញ់ជិត ១០ គ្រាប់ ហើយសមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតរកជននោះ។ លោកបញ្ជាក់ថា៖ «យើងនៅមិនទាន់បានរកឃើញអត្តសញ្ញាណជនដែលបានបាញ់បោះសេរីនេះទេ ហើយក៏មិនបានទាន់ដឹងពីមូលហេតុដែលនាំឲ្យជនទាំងអស់នោះទៅបាញ់បោះនៅទីកន្លែងនោះដែរ»។
បើតាមលោក វណ្ណៈ ការបាញ់បោះនេះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ ដោយគ្រាន់តែធ្វើឲ្យស្ដ្រីម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុដួលសន្លប់ដោយសារតែភ័យតក់ស្លុត នៅពេលឮស្នូរសំឡេងកាំភ្លើងដែលជនល្មើសបានបាញ់។
លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះ។ មន្ត្រីនគរបាលម្នាក់នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សុំមិនបញ្ចេញឈ្មោះថ្លែងពីម្សិលមិញថា៖ «ខ្ញុំទទួលដំណឹងនេះដែរ ប៉ុន្ដែខ្ញុំអត់បានធ្វើការលើសំណុំរឿងនេះទេ បើអ៊ីចឹងសួរទៅមន្ត្រីនគរបាលជំនាញខ្ញុំទៅ ខ្ញុំអត់ដឹងរឿងនេះច្បាស់ទេ»។
មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានសារព័ត៌មាន Fresh News ដកស្រង់សម្ដីមកចុះផ្សាយពីម្សិលមិញថា ជនដៃដល់មានឈ្មោះ គង់ សុភាព អាយុ ៤២ ឆ្នាំពាក់ស័ក្តិ ៤ កន្លះ (វរសេនីយ៍ទោ) មានតួនាទីជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
Fresh News បន្តថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ និងបក្ខពួក ១ ក្រុមមានគ្នាជិត ១០ នាក់ ជិះរថយន្ត ២ គ្រឿង ១ គ្រឿងម៉ាក Lexus RX 330 ពណ៌ស និង ១ គ្រឿងទៀតម៉ាក Camry ពណ៌ស មិនចាំស្លាកលេខទាំង ២។ ពួកគេបានចុះពីរថយន្តដើរសំដៅទៅទីតាំងកើតហេតុដែលមានប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នា ភ្លាមៗនោះស្រាប់តែជនដៃដល់បានទាញកាំភ្លើងបាញ់សំដៅទៅលើអាកាស និងបាញ់រះទៅកន្លែងផ្សេងៗទៀតដែលគ្មានមនុស្សប្រមាណជិត ១០ គ្រាប់ផ្ទួនៗគ្នា។
ការបាញ់នេះបានបណ្ដាលឲ្យប្រជាពលរដ្ឋភិតភ័យធ្វើឲ្យស្ត្រីម្នាក់បានដួលសន្លប់ ហើយភ្លាមៗ ជនដៃដល់បានដើរមកសួរជនរងគ្រោះថា (ងាប់នៅ?) រួចក៏នាំគ្នាឡើងជិះរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ប្រភពបន្ថែមថា ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុបានត្រឹមតែប្រមូលសម្បកគ្រាប់កាំភ្លើងរួចធ្វើការសាកសួរអ្នកដែលឃើញហេតុការណ៍ដើម្បីកំណត់មុខសញ្ញាជនដៃដល់៕