ភ្នំពេញៈ មន្ត្រី​នគរបាល​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ប្រដាប់​អាវុធ យក​រថយន្ត​មួយ​គ្រឿង​នៅក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ​កាលពី​ដើម​ខែវិច្ឆិកា​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លងមកនេះ​។

លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​៖ «​យើង​បាន​ឃាត់ខ្លួន ហើយ​យើង​បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ​នៅ​ថ្ងៃ​សុក្រ​»​។

លោក​ អ៊ុក ផាត់ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ ខេត្ត​ព្រៃវែង​កាលពី​ម្សិលមិញ​បាន​អះអាង​ថា ឈ្មោះ ជុត ជីវ័ន្ត អាយុ​ ២៧ ​ឆ្នាំ​ មាន​តួនាទី​ជា​មន្ត្រីនគរបាល ព្រហ្មទណ្ឌ​នៅ​ខេត្ត​ព្រៃវែង​។

លោក ផាត់ បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​គាត់​ជា​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ដែល​ទើបនឹង​ផ្ទេរ​មកពី​ខេត្ត​បន្ទាយមានជ័យ​»​។

អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គុជ គឹមឡុង មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​នេះ​បាន​ទេ​។

លោក ស ថេត កាលពី​ម្សិលមិញ​បដិសេធ​ក្នុង​ការផ្ដល់​ព័ត៌មាន​លម្អិត ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២៧ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជុត ជីវ័ន្ត អាយុ​ ២៧ ​ឆ្នាំ​។ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​ ២៧ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​សង្កាត់​ចោមចៅ​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ​ ក្រោយពី​ធ្វើ​សកម្មភាព​ប្រើ​អាវុធ​វែង​ភ្ជង់​ប្លន់​យក​រថយន្ត​ចំនួន​​ ១ ​គ្រឿង​ម៉ាក​ហាយឡេនឌ័រ​កាលពី​ថ្ងៃ​ទី​ ១២ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​រឹបអូស​អាវុធ​វែង​ចំនួន​ ០៣ ​ដើម​ម៉ាក ​AK47 ២ ​ដើម និង​ម៉ាកហ្វាង​ឡុង ១ ​ដើមពី​ជនសង្ស័យ​។

ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ពុធ រិទ្ធី អាយុ​ ៣៣ ​ឆ្នាំ​បាន​ប្តឹង​ថា​កាលពី​ថ្ងៃទី​ ១២ ខែ​ វិច្ឆិកា ឆ្នាំ​​ ២០១៩ ឈ្មោះ ជុត ជីវ័ន្ត ដែលជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នា​បាន​ដក​អាវុធ​ភ្ជង់​យក​រថយន្ត និង យក​កាបូប​លុយ​របស់គេ​នៅក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​បាន​ចេញ​ពី​លេងល្បែង​នៅ​ណាហ្គាវើល​ជិះ​ម៉ូតូឌុប​ទៅ​ច្បារអំពៅ​ដើម្បី​ម៉ៅ​រថយន្ត​ទៅ​ខេត្ត​ព្រៃវែង​ពេល​ទៅ​ដល់​ក៏​បាន​ឃើញ​រថយន្ត​តាក់ស៊ី​ ១ ​គ្រឿង​ម៉ាក​ហាយឡេនឌ័រ ហើយ​ជនសង្ស័យ​បាន​ហៅ​ម្ចាស់​រថយន្ត​នោះ​ឲ្យ​បើក​ជូន​ទៅ​ខេត្តព្រៃវែង និង​ត្រឡប់​មក​ភ្នំពេញ​វិញ​រហូត​មក​ដល់​ផ្លូវ​បំបែក​ចូល​រោងចក្រ​ថៃហ្គ័រ សង្កាត់​ព្រែកឯង​គេ​បាន​ឲ្យ​អ្នកបើក​រថយន្ត​បត់​ទៅ​តាម​រោងចក្រ ថៃហ្គ័រ បាន​ប្រហែល​ ១ ​គីឡូម៉ែត្រ ជនសង្ស័យ​ដែល​អង្គុយ​កៅ​ផ្នែក​ខាងក្រោយ​បាន​ដក​អាវុធ​ពី​ក្នុង​សាក់​កាដូ ភ្ជង់​ម្ចាស់​រថយន្ត​ឲ្យ​ចុះ​រួច​យក​កាបូប​លុយ និង​រថយន្ត​បើក​ត្រឡប់​ក្រោយ​ចូល​ភ្នំពេញ​វិញ​។ ឈ្មោះ ជុត ជីវ័ន្ត ក៏បាន​លក់​រថយន្ត​នោះ​ទៅ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ក្នុង​តម្លៃ​ ១៤ ០០០ ​ដុល្លារ ហើយ​ក៏​គេច​ខ្លួនបាត់​៕