ភ្នំពេញៈ មន្ត្រីនគរបាល​ម្នាក់ និង​កូនស្រី​ម្នាក់​ដែល​បាន​វាយ​សិស្សស្រី​នៅ​សាលា​ជម្ពូវ័ន្ត​ចំនួន ២ ​នាក់ ​ក្នុង​ចំណោម ៤ នាក់ ​​រហូតដល់​សន្លប់​កាលពី​ថ្ងៃទី​ ៣ ​មីនា ​ត្រូវបាន​នគរបាល​ខណ្ឌ​ពោធិសែនជ័យ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។

លោក ម៉ន វុទ្ធី អធិការ​ខណ្ឌ​ពោធិសែនជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មន្ត្រីនគរបាល​ឈ្មោះ ឆាយ វណ្ណធឿន អាយុ​ ៤៦ ​ឆ្នាំ និង​កូនស្រី​ឈ្មោះ ភ.ប អាយុ​ ១៧ ​ឆ្នាំ ​គឺ​សមត្ថកិច្ច​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​ ៤ ខែ​មីនា ព្រោះ​មន្ត្រី​នគរបាល​រូបនោះ​ប្រព្រឹត្ត​ខុស​។ លោក​ថ្លែងថា​៖ «​បើ​គាត់​មាន​កំហុស​ខ្ញុំ​ត្រូវតែ​បញ្ជូន​គាត់​ និង​កូន​គាត់​ទៅ​តុលាការ​ហើយ​។ ​តែ​រឿង​អ្វី​ទៀត​នោះ​តុលាការ​ជា​អ្នកសម្រេច​»​។

លោក ថេង កុសល នាយប៉ុស្តិ៍​សង្កាត់​ចោមចៅ​ ៣ ថ្លែង​ពី​ម្សិលមិញ​តាម​សម្តី​សាក្សី​ជា​គ្រូបង្រៀន​ថា មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​រឿង​បែបនេះ គឺ​មុនដំបូង​មាន​សិស្សស្រី​ ២ ​នាក់​ ឈ្លោះ​វាយតប់​គ្នា​នៅក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ជម្ពូវ័ន្ត​ហើយ​សិស្សស្រី​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​ឪពុក​របស់​ខ្លួន​ជា​មន្ត្រីនគរបាល​មក​។ មួយ​សន្ទុះ​ក្រោយមក​គេ​បានឃើញ​មន្ត្រី​នគរបាល​រូបនោះ​ជិះ​រថយន្ត​ ១ ​គ្រឿង ចូល​ក្នុង​វិទ្យាល័យ​ជម្ពូវ័ន្ត​ដោយ​មិន​បាន​ផ្តល់ដំណឹង​ដល់​អ្នកគ្រប់គ្រង​សាលា​ឡើយ​។

ពេល​នោះគេ​ឃើញ​កូនស្រី​ម្នាក់​របស់​មន្ត្រី​នគរបាល​ដែល​ជិះ​រថយន្ត​ជាមួយ​ឪពុក​នោះ​បាន​បើកទ្វារ​រថយន្ត​ចុះទៅ​វាយ​សិស្សស្រី​ម្នាក់​ដែលជា​គូទំនាស់​របស់​ប្អូនស្រី​ខ្លួន​ទាំង​កំរោល​តែម្តង​។ គ្រានោះ​ក្រុម​កាយឫទ្ធិ​របស់​សាលា​ជម្ពូវ័ន្ត​បាន​នាំគ្នា​ទៅ​ឃាត់ ហើយ​ជនសង្ស័យ​បាន​វាយ​ត្រូវ​ទាំង​សិស្ស​កាយឫទ្ធិ​ទៀតផង​។

លោក​ កុសល បន្តថា ពេល​ឃើញ​កូន​របស់​ខ្លួន​វាយតប់​គ្នា​ជាមួយ​សិស្សស្រី​ម្នាក់​នោះ​ស្រាប់តែ​ជនសង្ស័យ​ចុះ​ពី​លើ​រថយន្ត​ស្ទុះ​ទៅ​វាយ​សិស្សស្រី​ជា​ភាគី​រងគ្រោះ​បណ្តាល​ឲ្យ​ក្មេងៗ​ជា​សិស្សស្រី​ ២ ​នាក់​ ដួលសន្លប់​ហើយ​ត្រូវបាន​គ្រូៗ​បង្រៀន​នៅក្នុង​សាលា​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​ចូល​ក្នុង​ការិយាល័យ​សាលា​សួរនាំ​។ តែ​ចម្លើយ​របស់​ជនសង្ស័យ​ថា គាត់​មិនបាន​វាយ​ទៅលើ​សិស្សស្រី ២ ​នាក់​នោះទេ គាត់​គ្រាន់តែ​គ្រវាសដៃ​ត្រូវ​ប៉ុណ្ណោះ​។

លោក​ប្រាប់ថា​៖ «​ចំពោះ​ក្មេងៗ​រងគ្រោះ​ថា ជនសង្ស័យ​វាយ​ហើយ​ក៏មាន​សាក្សី​ជា​គ្រូបង្រៀន​មើលឃើញ​ពី​សកម្មភាព​ជនសង្ស័យ​វាយ​លើ​ក្មេងៗ​ដែរ​»​។

លោក​បញ្ជាក់ថា មន្ត្រីនគរបាល​រូបនោះ​មាន​តួនាទី​ជា​នគរបាល​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ និង​មាន​លំនៅឋាន​ក្នុងភូមិ​ជ្រៃកោង សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ និង​មាន​ស្រុកកំណើត​នៅក្នុង​ឃុំ​គោកខ្សាច់ ស្រុក​គិរីវង្ស ខេត្តតាកែវ​។ ចំណែក​កូនស្រី​ទី​១- ​ឈ្មោះ ភ.ប អាយុ​ ១៧ ​ឆ្នាំ ​ត្រូវ​ជា​បងស្រី និង​រៀន​ថ្នាក់​ ១១ D2 និង​កូនស្រី​ទី​២- ​ឈ្មោះ ភ.ផ អាយុ​ ១៦ ​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​ ១០ នៃ​វិទ្យាល័យ​ ហ៊ុន សែន​ជម្ពូវ័ន្ត​ទាំង​ ២ ​នាក់​។

រីឯ​សិស្សស្រី​រងគ្រោះ​ទី​១- ​ឈ្មោះ ស.ច អាយុ​ ១៧ ​ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​ទី ១២ GO រស់នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ និង​សិស្ស​រងគ្រោះ​ទី​២- ឈ្មោះ ផ.ប អាយុ​ ១៧ ​ឆ្នាំ​ រៀន​នៅ​ថ្នាក់​ទី ​១២A2 និង​មាន​លំនៅ​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​។ ពួកគេ​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ​ជម្ពូវ័ន្ត​ជាមួយ​គ្នា​។

លោក​ កុសល បន្តទៀត​ថា​បើ​តាម​សិស្សស្រី​រងគ្រោះ​ឈ្មោះ ស.ច ​បាន​រៀបរាប់​ថា នាង​ធ្លាប់​មាន​ទំនាស់​ជាមួយ​កូនស្រី​របស់​មន្ត្រី​នគរបាល​ខាងលើ​ឈ្មោះ ភ.ផ លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ នាង​បាន​ទៅ​ទិញ​បាយ​ហូប ហើយ​បាន​ជួប​ឈ្មោះ ភ.ផ កំពុង​កាន់​ចានបាយ​នៅ​កន្លែង​លក់​។ ពេលនោះ​ឈ្មោះ ភ.ផ ដើរ​បុក​នាង ទើប​នាង​ច្រាន​ទៅវិញ ខណៈ​នោះ​ឈ្មោះ ភ.ផ បាន​យក​ទឹក​ស៊ុប​ដែល​ក្ដៅ ជះ​លើ​រូបនាង ទើប​បណ្តាល​ឲ្យ​មាន​ការវាយតប់​គ្នា​កើតឡើង​តែម្ដង​។

ចំណែក​សិស្សស្រី​រងគ្រោះ​ទី​២ ​ឈ្មោះ ផ.ប បាន​រៀបរាប់​ដែរ​ថា បុរស​ជា​មន្ត្រីនគរបាល​នោះ​វាយ​ច្រឡំ​ដោយ​ស្មានថា​នាង ជា​បក្ខពួក​របស់​ឈ្មោះ ស.ច តែ​នាង​មិន​ធ្លាប់​មាន​ទំនាស់ ឬ​ស្គាល់​កូនស្រី​របស់គាត់​ទេ​។

លោក​ កុសល ​បន្តថា​មុនពេល​កើតហេតុ​នាង និង​មិត្តភក្តិ ២ ​នាក់​ទៀត ​បាន​យក​សម្ភារ​ដែល​ស្រោច​ដំណាំ​ទៅ​ទុក​។ ពេលនោះ​ស្រាប់តែ​មន្ត្រីនគរបាល​រូបនោះ និង​កូនស្រី​ដើរ​សំដៅ​ទៅ​រក​នាង​ដោយ​មិនបាន​សួរនាំ​អ្វី​ទេ​ហើយ​បាន​ស្ទុះ​មក​វាយ​នាង​តែម្តង​។ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន ២ ​នាក់ ​ឪពុក​កូន​មក​សិស្ស​រងគ្រោះ​ទាំង​ ២ ​នាក់​ បាន​ដាក់​ពាក្យបណ្តឹង​មក​ប៉ុស្តិ៍នគរបាល​សង្កាត់​ចោមចៅ​ទី​ ៣៕