រតនគិរីៈ សមត្ថកិច្ចខេត្តរតនគិរីបានចាប់ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ បន្ទាប់ពីមានការបាញ់សម្លាប់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីម្នាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្នុងហាងកាហ្វេមួយកន្លែងក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង។
លោក យិន ចំណាន ស្នងការខេត្តរតនគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ជនរងគ្រោះមានតួនាទីជាមន្ត្រីនគរបាលនៃស្នងការដ្ឋានរបស់លោក។ ក្រោយពីការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចសន្និដ្ឋានថាមូលហេតុនៃឃាតកម្មនេះគឺបណ្តាលមកពីរឿងគំនុំបុគ្គល ឬស្នេហា។ ប៉ុន្តែលោក យិន ចំណាន បានបដិសេធធ្វើអធិប្បាយបន្ថែមជុំវិញរឿងឃាតកម្មនេះ។
យោងតាមទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តរតនគិរីកាលពីថ្ងៃម្សិលមិញ ជនសង្ស័យដែលមានឈ្មោះ នួន មករា ហៅ ក្រឹម អាយុ ៣១ ឆ្នាំ ត្រូវបានឃាត់ខ្លួននៅប៉ុន្មានម៉ោង បន្ទាប់ពីបានបាញ់សម្លាប់ជនរងគ្រោះដោយប្រើកាំភ្លើងខ្លី។ ជនសង្ស័យក៏ជាមន្ត្រីនគរបាលផងដែរ មានទីលំនៅនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តនេះដើម្បីបំពេញបែបបទតាមនីតិវិធី។
លោក ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីមិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់បន្ថែមបានទេកាលពីថ្ងៃព្រហស្បតិ៍ដោយលោកប្រាប់ថា កំពុងជាប់រវល់។
ប៉ុន្តែបើតាមសារព័ត៌មាន Fresh News បានរាយការណ៍ថា ជនសង្ស័យ និងជនរងគ្រោះគឺជាមិត្តភក្តិនឹងគ្នា។ Fresh News បានដកស្រង់សម្ដី លោក យិន ចំណាន ថា ជនសង្ស័យគឺជាមន្ដ្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ សមត្ថកិច្ចបានដកហូតរថយន្ដរបស់ជនសង្ស័យ ១ គ្រឿងម៉ាក NISSAN ពណ៌សដែលបានប្រើប្រាស់សម្រាប់ធ្វើសកម្មភាព។
ជនសង្ស័យបានបាញ់ប្រហារជនរងគ្រោះ ១ គ្រាប់ចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងអង្គុយហូបកាហ្វេនៅក្នុងហាងមួយកន្លែងស្ថិតក្នុងភូមិអូរកន្សែងនៅម៉ោងប្រមាណ ៩ និង ២០ នាទីព្រឹក។
បើតាមអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ ជនសង្ស័យបានបើករថយន្ត ១ គ្រឿង ដែលមានគ្នាប្រមាណពី ៣ ទៅ ៤ នាក់ ទៅឈប់នៅមុខហាងកាហ្វេនេះ ហើយចុះពីលើរថយន្តដើរសំដៅទៅកាន់ជនរងគ្រោះ និងបានដកកាំភ្លើងបាញ់ជនរងគ្រោះចំក្បាល។ រួចហើយជនសង្ស័យបានរត់ឡើងរថយន្ត និងបើករត់គេចខ្លួនបាត់៕