ភ្នំពេញ: មន្ត្រីនគរបាលយុត្តិធម៌ ១១៩ នាក់ពីម្សិលមិញបានស្បថចូលបំពេញការងារជាមន្ត្រីក្របខ័ណ្ឌរដ្ឋនៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបំពេញការងារនៅ ៨ នាយកដ្ឋាននៃអង្គភាពមួយនេះ។
ក្នុងពិធីស្បថចូលបម្រើការងារត្រូវបានធ្វើឡើងកាលពីម្សិលមិញនៅសាលឧទ្ធរណ៍ដែលមានមន្ត្រីក្របខ័ណ្ឌចំនួន ១១៩ នាក់ត្រូវចូលបម្រើការងារតែអវត្តមានមន្ត្រីពីរនាក់ដែលបំពេញបេសកកម្មនៅក្រៅប្រទេស។
សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលោក លី ណារុន ថ្លែងក្រោយបញ្ចប់ពិធីនេះថាបន្ទាប់ពីស្បថនេះមន្រី្តជំនាញនីមួយៗនឹងចូលបំពេញការងារតាមផ្នែករបស់ខ្លួនដែលច្បាប់ចង្អុលបង្ហាញពីតួនាទី និងភារកិច្ចរបស់គេនីមួយៗសំខាន់ផ្តោតលើការស៊ើបអង្កេតពីបទពុករលួយ។
លោកបញ្ជាក់ថាការស្បថនេះនឹងពញ្ញាក់ស្មារតីដល់មន្ត្រីនគរបាលយុត្តិធម៌ដើរលើផ្លូវត្រូវ។ លោកថា៖ «ពាក្យថាស្បថមួយម៉ាត់ សម្ដែងនូវឆន្ទៈហើយតម្រូវឱ្យយើងធ្វើអ្វីដែលទៀងត្រង់ សច្ចៈ យុត្តិធម៌ កុំឱ្យភូត កុហក ឬបោកប្រាស់»។
លោក លី ណារុន ថ្លែងថានេះជាលើកទី ៣ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានជ្រើសរើសមន្ត្រីនគរបាលយុត្តិធម៌បានចំនួន ២១៧ នាក់ហើយប្រសិនបើខ្វះអង្គភាពនឹងពិចារណារើសមន្ត្រីនគរបាលយុត្តិធម៌បន្ថែមទៀត។
មន្ត្រីទាំង ១១៧ នាក់ (ពីរនាក់ទៀតជាប់បេសកកម្មនៅក្រៅប្រទេស) បានធ្វើការស្បថនៅមុខប្រធានក្រុមប្រឹក្សាជំនុំជម្រះចៅក្រមប្រឹក្សា និងតំណាងមហាអយ្យការនៃសាលាឧទ្ធរណ៍ដែលមន្ត្រីទាំងអស់ធ្វើសច្ចាប្រណិធានបើប្រព្រឹត្តល្អៀងមិនត្រឹមត្រូវតាមច្បាប់ដោយមានចេតនាទុច្ចរិត សូមអស់ទេវៈ និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់បំផ្លាញឱ្យវិនាស ឱ្យស្លាប់តៃហោងដោយគ្រាប់កាំភ្លើង រន្ទះបាញ់ ឡានម៉ូតូបុក ខ្លាខាំ ពស់ចឹក ឱ្យព្រាត់ប្រាសនិរាសឪពុកម្តាយដោយក្ររហាម រងទុក្ខវេទនាអស់ ៥០០ ជាតិ។
លោក ឡា រស្មីវង្ស អាយុ ២៧ ឆ្នាំជាមន្ត្រីនាយកដ្ឋានបុគ្គលិកផ្នែកបណ្តុះបណ្តាលដែលបានចូលស្បថធ្វើជាមន្ត្រីក្របខ័ណ្ឌថ្លែងដោយសប្បាយរីករាយថានឹងបន្តអនុវត្តការងារដោយគោរពតាមវិជ្ជាជីវៈ។
លោកថា៖ «ខ្ញុំមានអារម្មណ៍ប្លែកព្រោះពីមុនយើងជាមន្ត្រីធម្មតា គ្មានសិទ្ធិទាក់ទងការងារតែស្បថហើយយើងដឹងខ្លួនយើងថាមានតួនាទីអីហើយអារម្មណ៍មួយទៀតថាមានការងារច្រើនហើយក៏ត្រូវពង្រឹងសមត្ថភាពខ្លួនឯងច្រើនជាងមុន»។
លោកបន្ថែមថា៖ «ការស្បថយើងត្រូវតែគោរព មិនអាចបំពានបានសម្រាប់ខ្លួនខ្ញុំក៏មិនដែលគិតថាធ្វើអ្វីដែលខុសឆ្គងជាមួយក្រមសីលធម៌មន្ត្រីរាជការដែរ ក៏ដូចជាបញ្ញត្តិរបស់អង្គភាពខ្ញុំនឹងធ្វើការងារឱ្យបានល្អ»។
មន្ត្រីម្នាក់ទៀតដែលបម្រើការងារនៅនាយកដ្ឋានកិច្ចការគតិយុត្តិថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថានៅពេលក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ពួកគេអាចជួយពន្លឿនការងារបន្ថែមទៀតគឺអនុវត្តច្បាប់៕