រតនគិរី: ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​បានប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី​ជូន​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​នេះ​ចំនួន ២០០ ​នាក់​ក្នុង​នោះ​មាន ស្រី​ ៤ ​នាក់​ដែលមាន​មន្ត្រី​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច ឬ​តែងតាំង​មុខតំណែង​ថ្មី​ចំនួន ៦០ ​នាក់ និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​ចំនួន​ ១៤០ ​នាក់​។

កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​នៅ​ថ្ងៃទី​ ១១ ខែមីនា ដែល​ប្រកាស​ដោយ​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​មាន​ការចូលរួម​ពី​មន្ត្រីនគរបាល​ជាន់ខ្ពស់​ជាច្រើន​។

លោក យិន ចំណាន បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា កងកម្លាំង​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវតែ​យកចិត្ត​ទុកដាក់​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​អនុវត្តតាម​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក ចំណាន បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី​ដល់​មន្ត្រី​នគរបាលជាតិ​ចំនួន ៦០ ​នាក់​ (​ស្រី​ម្នាក់​) និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រីនគរបាល​ជាតិ​ចំនួន ១៤០ ​នាក់​ (​ស្រី ៣ ​នាក់​)​។ ក្នុងនោះ​ថ្នាក់​អនុសេនីយ៍​ចំនួន ១៣០ ​នាក់​ថ្នាក់​ព្រឹន្ទបាល​ចំនួន ៩​នាក់ និង​ថ្នាក់​ពលបាល​ចំនួន ១ ​នាក់​។

លោក យិន ចំណាន ថ្លែងថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ដល់​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ពិសេស​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវ​ចូលរួម​ការពារ​សន្តិសុខ ត្រូវមាន​ឥរិយាបថ​ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ​ផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​​ត្រូវ​បន្ត​ការអនុវត្ត​គោលនយោបាយ​​ភូមិ-ឃុំ មាន​សុវត្ថិភាព​ទាំង ៩ ​ចំណុច​របស់​រាជរដ្ឋាភិបាល​»​។

លោក ម៉ម ភារិន ដែល​ទើប​ទទួល​មុខតំណែង​ថ្មី​បាន​ឲ្យ​ដឹងថា ក្នុងនាម​តំណាង​ឲ្យ​មន្ត្រីនគរបាល​ដែល​ទើប​ទទួលបាន​មុខតំណែង​ថ្មី និង​ដំឡើង​ឋានន្តរស័ក្តិ​ត្រូវតែ​ស្មោះត្រង់​ចំពោះ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បម្រើ​ផលប្រយោជន៍​រាស្ត្រ និង​មិន​ធ្វើ​អ្វីដែល​ប៉ះពាល់​ប្រយោជន៍​រាស្ត្រ​ឡើយ​។

លោក​បន្តថា​៖ «​យើង​ជា មន្ត្រី​នគរបាល​ត្រូវតែ​គោរព​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចៈ យុត្តិធម៌​ចំពោះ​ច្បាប់​បទប្បញ្ញត្តិ និង​បទបញ្ជា​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ខ្លឹមសារ​ច្បាប់​មួយចំនួន​ទៀត​ដែល​ត្រូវតែ​គោរព​ឲ្យ​ខាងតែបាន​»​។

លោក សេង សាវុធ អធិការរង​នគរបាល​ក្រុង​បាន​លុង​បាន​ថ្លែង​ពី​ម្សិលមិញ​ដោយបាន​បង្ហាញ​ភាពសប្បាយ​រីករាយ​ដែល​បានឃើញ​មន្ត្រី​ដែលមាន​ស្នាដៃ​បំពេញការងារ​បានល្អ​ទទួល​តួនាទី​ថ្មី និង​បំពាក់​ឋានន្តរស័ក្តិ​។

លោក​បន្តថា ការដំឡើង​ឋាន្តរស័ក្តិ ឬ​ផ្ដល់​តួនាទី​ថ្មីៗ​ដល់​មន្ត្រី​នគរបាល​នេះ​គឺ​ថ្នាក់ដឹកនាំ​បានគិត​គូរ​ល្អិតល្អន់​ហើយ​ដោយ​ជ្រើសរើស​មន្ត្រី​ដែលមាន​ស្នាដៃ​ច្រើន​បំពេញការងារ​បាន​ល្អ និង​គោរព​បទបញ្ជា​ពី​ថ្នាក់លើ​បានល្អ​ដែល​ជា​ការលើក​ទឹកចិត្ត​ដល់​មន្ត្រីនគរបាល​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់ខ្លួន​បន្តទៀត​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) បាន​ថ្លែងថា កម្ពុជា​ធ្លាប់​មាន​ការរិះគន់​មួយ​ចំនួន​ដោយ​មាន​មន្ត្រី​ខ្លះ​ឡើង​តំណែង​តាមរយៈ​សែស្រឡាយ បក្ខពួកនិយម និង​អំណាច​ទឹកប្រាក់​សូកប៉ាន់​នានា​ដែល​ទាក់ទង​អំពើពុករលួយ​។

លោក​ថា​៖ «​យើង​គួរតែ​ចៀសវាង​ការ​តំណែង​តួនាទី​ទាំងឡាយណា​ដែល​ប្រើ​សែស្រឡាយ បក្ខពួកនិយម និង​យក​អំណាច​ទឹកប្រាក់​ទៅ​សូកប៉ាន់​នោះ វា​នឹង​ធ្វើឲ្យ​មាន​ការបាក់​ទឹកចិត្ត​ដល់​សមត្ថកិច្ច​ដែល​ស្មោះត្រង់​ការងារ មន្ត្រី​មាន​ជំនាញ ចំណេះដឹង និង​អ្នក​ដែលមាន​ស្នាដៃ​ល្អ​។ អ៊ីចឹង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​គឺ​ពិនិត្យ​ករណីនេះ​ឡើងវិញ ដើម្បី​ចៀសវាង​ការរិះគន់ ការ​ច្រណែនឈ្នានីស​គ្នា និង​អាច​ឈាន​ទៅ​រក​ការបែកបាក់​ផ្ទៃក្នុង​អង្គភាព​ផងដែរ​»៕