ភ្នំពេញៈ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកឧត្តមសេនីយ៍ទោ ម៉ុក ប៊ុនឈាង និងលោកឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ ដើម្បីធ្វើការស្រាវជ្រាវ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពេលចុះបំពេញការងាររបស់ខ្លួននាពេលកន្លងមក។ នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី អាត់ បូនី អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
ការសម្រេចផ្អាកការងារនេះ ធ្វើឡើងខណៈពេលដែលប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យតែងតាំងផ្ទេរ និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ២ រូប ក្នុងនោះលោក អ៊ុក ហៃសីឡា ពីប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសម្រេចតែងតាំងលោក វឌ្ឍនៈ មង្គល ជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជំនួសលោក អ៊ុក ហៃសីឡា វិញ។
លោក អាត់ បូនី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញលិខិតបង្គាប់ការផ្អាកការងារជាបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ទោ ម៉ុក ប៊ុនឈាង អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធភាពមិនប្រក្រតីក្នុងពេលចុះប្រតិបត្តិការ ការងារកាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩។
ទោះយ៉ាងណាលោក អាត់ បូនី មិនបានបញ្ជាក់ឲ្យដឹងថាតើមានភាពមិនប្រក្រតីលើបញ្ហាអ្វី នោះទេ ដោយលោកគ្រាន់តែថ្លែងយ៉ាងខ្លីថា៖ «នៅក្នុងលិខិតនោះ បានបញ្ជាក់ហើយ និងមូលហេតុហើយ។ ព័ត៌មានគឺមានប៉ុណ្ណឹង។ យើងកំពុងតែធ្វើកិច្ចការនេះ»។
បើតាមលិខិតរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ ចុះថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ បានឲ្យដឹងថា លោកឧត្តម សេនីយ៍ទោ ម៉ុក ប៊ុនឈាង និងលោកឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ ត្រូវបង្ហាញខ្លួននៅនាយកដ្ឋានរដ្ឋបាលសរុប (ការិយាល័យបុគ្គលិក) រៀងរាល់ថ្ងៃធ្វើការប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។
យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នេះគឺការដាក់ពិន័យដល់មន្ត្រីនគរបាលជាតិ ដែលគាត់ចុះអនុវត្តការងារ មិនបានគ្រប់គ្រងកម្លាំងក្រោមឱវាទទៅតាមក្រមសីលធម៌របស់នគរបាលជាតិ។
លោកបញ្ជាក់ដូច្នេះថា៖ «មិនថា តែគាត់ ២ នាក់ហ្នឹងទេ អ្នកណាក៏ដោយ ឲ្យតែខ្វះការគ្រប់គ្រង និងការដឹកនាំ ពេលចុះប្រតិបត្តិការ ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកម្លាំងនគរបាលជាតិ តែងត្រូវបានទទួលពិន័យបែបនេះ»។
កាលពីខែមករាដើមឆ្នាំនេះ មន្ត្រីនគរបាលតម្រួតបទបញ្ជានៃអគ្គស្នងការនគរបាលជាតិបានចាប់ខ្លួនមន្ត្រីនគរបាលផ្កាយ ១ ម្នាក់ និងមន្ត្រីនគរបាលប្រឆាំងទំនិញក្លែងក្លាយ ៤ នាក់ ដើម្បីធ្វើការស៊ើបសួរ ប៉ុន្តែក្រោយមក ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី ១០ ខែ មករា ខណៈដែលពួកគេបានចុះទៅកាន់ទីតាំង ១ កន្លែង ដើម្បីបង្ក្រាបបទល្មើសសេដ្ឋកិច្ច ប៉ុន្តែមិនមានការសហការ និងរាយការណ៍ទៅថ្នាក់លើ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ និងលោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ៕