ភ្នំពេញៈ មន្ត្រី​នគរបាល​ ៣​ នាក់ ដែល​ ២​ នាក់​ ជា​មន្ត្រី​​នៅ​អគ្គ​នាយ​កដ្ឋាន​អត្ត​សញ្ញាណ​​​​កម្ម និង​ម្នាក់​ទៀត​ជា​មន្ត្រី​នៅ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ត្រូវ​បាន​​កង​កម្លាំង​នៃ​អគ្គ​ស្នង​ការ​ដ្ឋាននគរបាល​ជាតិ​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ​ពាក់​ព័ន្ធ​នឹង​ការ​​ជួយ​អន្តរា​គម​​​​​ន៍​ដោះ​លែង​ជន​ជាតិ​ចិន​ដែល​ប្រព្រឹត្ដបទ​ល្មើស​ចំនួន​ ១៨​ នាក់​។ នេះ​បើ​តាម​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ។

លោក អុី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​អគ្គ​​​​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម​ បាន​បញ្ជូន​មន្ដ្រី​នគរបាល ​៣​ នាក់ ​ទៅ​តុលាការ កាលពីម្សិល​មិញ​ ដែលក្នុង​នោះ មាន​​ ២​ នាក់ ​ជាម​ន្ដ្រីបម្រើ​ការ​នៅអគ្គនាយក​​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម និង​ម្នាក់​​ទៀត​ ជាម​ន្ដ្រី​នៅ​អគ្គនាយ​ក​ដ្ឋា​ន​​អន្ដោប្រវេសន៍ ពាក់ព័ន្ធ​នឹង​ការ​​ដែល​ពួកគេបាន​ជួយ​អន្ដរាគ​មន៍​ដោះលែង​ជនជាតិ​ចិនចំនួន ១៨ នាក់ ដែល​ប្រព្រឹត្ត​បទល្មើស។

លោក​បញ្ជាក់​​ថា៖ «យើង​បានធ្វើ​កិច្ចការ​នេះ ហើយក្រៅពីនេះ​សូម​សួរ​ទៅ​គាត់ (ឆាយ ​គឹម​ខឿន​ អ្នកនាំពាក្យ អគ្គស្នងការ​នគរបាល​ជាតិ)»។

លោក​ ឆាយ គឹមខឿន មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ ដោយ​សារ​តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​។ ប៉ុន្តែ មន្ត្រីនគរ​បាល​ជាន់ខ្ពស់ម្នាក់​ ដែល​សុំ​មិន​ប​ញ្ចេ​ញ​ឈ្មោះ ​បាន​ថ្លែង​ថា៖ «មាន​មន្ត្រី​អន្តោប្រវេសន៍​មួយរូប​ ដែល​បាន​ជាប់​ពាក់​ព័ន្ធ​ហើយ​គាត់​មា​ន​​តួនាទី​សួរនាំ​ជនល្មើស​ឬ​ជន​សង្ស័​យ​។ ​យើង​កំពុងតែ​តាម មើល​នីតិវិធី​សំណុំ​រឿង​នេះ ហើយ​ក្នុងនោះ​មាន​មន្ត្រី​អត្ត​​សញ្ញាណ​កម្ម ២ នាក់»។

លោក​បន្ថែម​ថា ក្រសួងមហាផ្ទៃ និង​អគ្គស្នង​ការ​នគរបាល​ជាតិ​ បាន​ចាត់​ចំណាត់​ការ​ក្តៅ​ ចំពោះ​មន្ត្រី​ដែល​រំលោភ​ច្បាប់​ និង​ជាការ​ព្រមាន​ដល់​មន្ត្រី​ផ្សេងៗ​កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ។

លោកឧ​ត្ត​ម​សេនីយ៍​ឯក តុ​ប នេ​ត អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​ណ​​កម្ម​ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយដោ​យថ្លែង​ថា៖ «ដោយសារ​រឿង​ហ្នឹង​ នៅ​ក្នុង​​ដៃ​អគ្គស្នងការ​នគរបាល​ជាតិខ្ញុំ​សុំ​មិ​ន​​អត្ថាធិប្បាយ​ទេ។ យើង​បាន​ប្រគ​ល់​ការងារ​នេះទៅខាង​នោះ​ហើយ ហើយ​គេ​កំពុង​ធ្វើការ​ស៊ើបអង្កេត»។

នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខ​ន អគ្គ​​នា​យកនៃ​អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញា​ណ​​​កម្មបាន​ថ្លែងថា អគ្គនាយក​ដ្ឋានអត្ត​​សញ្ញាណ​កម្ម​ បានធ្វើ​ការសហការ​ ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ​ប៉ុន្តែ​លោក​មិនអាច​បង្ហាញ​ពី​ឈ្មោះ​​និង​ឋានន្តរស័ក្តិ​របស់​មន្ត្រី​អគ្គនា​​យក​​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ទាំង ២​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​បានទេ​ដោយ​​សារ​​តែ​អគ្គស្នង​ការដ្ឋាន នគរបាល​ជា​តិ​បាន​និង​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត។

លោក​បញ្ជាក់​ថា៖ «​គេ​កំពុងមាន​ការ​​ស៊ើប​អង្កេត​ ហើយ​គេ​ស៊ើបអង្កេត​មិនទាន់​ចប់​ទុក​ឲ្យ​គេ​ធ្វើ​សិន​ចុះ។ នេះ​​​មិនមែន​ជា​លើក​ទី១ ឬ​លើក​ទី​ប៉ុន្មាន​ទេ ឲ្យ​តែមាន​ការប្រព្រឹត្ត​បទល្មើស​ហើយ​ច្បាប់​តម្រូវ​ចាត់ការ យើង​ចាត់ការ​ទៅ​តាម​ហ្នឹង​ហើយ»។

លោក​ នេត សាវឿន​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់។

លោក វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់​ស្ពឺ បាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា បន្ទាប់ពី​ការ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ១៨ នាក់​ហើយ មន្ដ្រី​នគរបាល ​៣ នាក់ បាន​ធ្វើការ​អន្តរា​គមន៍​ដោះ​លែង​ជន​ជាតិ​ចិន ដែល​ប្រព្រឹត្ត​បទ​ល្មើស​លេង​ល្បែង​តាម​អ៊ីនធឺណិត​ទាំង​នោះ។

លោក​បន្ថែម​ថា៖​ «យើង​ចង់​រកអ្នក​នៅពី​ក្រោយ​ឲ្យ​ពិត​ប្រាកដ​​ហើ​យ​អ៊ីចឹង​ដឹង​ថា ពីណាគេ​ពិត​ប្រា​កដ ហើយ​គេចេញ​មុខយក​លុយ​មក​សូក​យើង ៤ ម៉ឺន​ដុលារ ហើយ​ទៅដល់​ យើង​ចាប់​។ យើង​ចង់​រក​អ្នក​ដែល​យក​លុយ​ទៅសូក​​ឲ្យ​យើង​លែង។ យើង​ប្រើលិ្បច​អូស​ក្រឡា ដោយ​សារ​តែ​យើង​ចង់​បាន​អ្នក​ណា​នៅ​ពីក្រោយ ដែល​បង្កើត​ឲ្យមាន​បញ្ហា​នៅ​ក្នុង​ប្រទេស​របស់​យើង ដូច្នេះ​ដល់​ពេល​ដែល​យើង​រក​ទៅ យើង​ឃើញ​មន្ត្រី​ខិលខូច​ហ្នឹង»។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​គេ​គិត​ថា មន្ត្រី​យើង​ពុក​រលួយ ដែល​គេ​ស្មាន គេ​បាន​យក​លុយ​មក​ដោះ​លែង ហើ​យ​យើង​ប្រាប់​ថា ដោះ​បាន​តែ ៨ នាក់​ទេ ៤ ម៉ឺន​ដុល្លារ​នោះ ហើយ​គេ​ថា ៨ ​នាក់​ក៏យក​ដែរ​។ គេ​និយាយ​ថា ប្រសិន​បើ​យើង​ឲ្យ ១២ នា​ក់​ គេនឹង​ប្រគល់​ឲ្យ​យើង ១៥ ម៉ឺនយើង​ចាប់​បាន​ទាំង​មនុស្ស ៣ នាក់ ​និង​លុយ ៤ ម៉ឺន»៕