The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីនគរបាល ៥ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ប៉ុន្តែ​លែង​វិញ​ភ្លាមៗ

មន្ត្រីនគរបាល ៥ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ប៉ុន្តែ​លែង​វិញ​ភ្លាមៗ

Content image - Phnom Penh Post
មន្ត្រី​នគរបាល​ផ្កាយ ១ ម្នាក់​ដែលត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ។ Fresh News

មន្ត្រីនគរបាល ៥ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ប៉ុន្តែ​លែង​វិញ​ភ្លាមៗ

ភ្នំពេញៈ នគរបាល​តម្រួត​បទ​បញ្ជា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ចាប់​ខ្លួន​មន្ត្រី​នគរបាល​ផ្កាយ ១ ម្នាក់​និង​មន្ត្រី​នគរបាល​ប្រឆាំង​ទំនិញ​ក្លែង​ក្លាយ ៤ នាក់​ដើម្បី​ធ្វើការ​ស៊ើប​សួរ ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​ដោះ​លែង​ឱ្យមាន​សេរីភាព​ឡើង​វិញ។ នេះ​បើ​យោង​តាម​លោក​ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ។

ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី ១០ ខែ​មករា ខណៈ​ដែល​ពួកគេ​បាន​ចុះ​ទៅ​កាន់​ទីតាំង​មួយ​កន្លែង​ដើម្បី​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ប៉ុន្តែ​មិន​មាន​ការ​សហការ និង​រាយការណ៍​ទៅ​ថ្នាក់​លើ។

លោក​ នេ​ត សាវឿន បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ការសាកសួរ​នេះ​ធ្វើ​ឡើង​ដោយ​សារ​តែ​មន្ដ្រី​នគរបាល ៥ នាក់ របស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ បាន​ចុះ​ទៅ​កាន់​ទីតាំង​មួយ​កន្លែង​ដើម្បី​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ដោយ​មិន​បាន​សហការ​ជាមួយ​ស្នង​ការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ។

លោក​បាន​ថ្លែងថា៖ «ប្រហែលជា​បងប្អូន​យើង​ចុះទៅ​មិនបាន​សហការ​ជាមួយ​ក្រុង​បាន​ច្បាស់​លាស់ និង​មិន​យល់​គ្នា​ហើយ​ក៏បាន​សួរនាំ អត់​មាន​ការ​ឃាត់​ខ្លួន​ទេ មិន​មាន​នរណា​ឃាត់​ពី​ណា​ទេ គ្រាន់​តែ​សួរ​នាំ​ហើយ​ឲ្យ​ទៅ​វិញ​ទេ មិន​មាន​ពី​ណា​គេ​ឃាត់​ទេ ច្រឡំ​ហើយ»។

លោកមៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ បាន​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ​ពី​ករណី​នេះ។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ពិតជា​មានការ​ឃាត់​ខ្លួន​ប៉ូលិស​ទាំង ៥ នាក់ ប៉ុន្តែ​មិន​អី​ទេ គេ​បាន​សម្រួល​គ្នា​ហើយ វា​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​គ្នា។

យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា ដោយសារ​កន្លង​ទៅ​មាន​សេចក្តី​រាយ​ការណ៍​អំពី​មនុស្ស​ក្លែង​ឯក​សណ្ឋាន​បន្លំ​ធ្វើ​កងកម្លាំង​នគរបាល​ចុះ​ធ្វើ​សកម្មភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​មក​លើ​កងកម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ត្រឹមត្រូវ។ លោក សែម សុតាន់ ប្រធាន​អង្គភាព​តម្រួត​បទ​បញ្ជា​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ថា មន្ត្រី​នគរបាល​ផ្កាយ ១ ម្នាក់​និង​មន្ត្រី​នគរបាល​ប្រឆាំង​ទំនិញ​ក្លែង​ក្លាយ ៤ នាក់​ត្រូវ​បាន​ដោះ​លែង​វិញ​ឲ្យ​មាន​សេរីភាព​ភ្លាមៗ​បន្ទាប់​ពី​បាន​ស៊ើប​សួរ។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​ទទួល​បទ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​របស់​ខ្ញុំ ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ដល់​សួរនាំ ហើយ​គាត់​មាន​លិខិត​បេសកកម្ម និង​បទ​បញ្ជា​ចឹង​ខ្ញុំ​ក៏​រាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ ហើយ​ថ្នាក់​ដឹកនាំ​ថាបើ​គេ​មាន​លិខិត ត្រឹមត្រូវ​របស់​គេ​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ចុះ»៕

អត្ថបទគួរចាប់អារម្មណ៍