
អ្នកចូលរួមនៅក្នុងសិក្ខាសាលា កាលពីថ្ងៃម្សិលមិញ។ ឡុង គីមម៉ារីតា
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលប្រមាណ ៥០ នាក់ដែលបានប្រមូលផ្ដុំគ្នានៅក្នុងសិក្ខាសាលាមួយកាលពីម្សិលមិញបានឲ្យដឹងថា បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) បានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសេវាសាធារណៈជូនប្រជាពលរដ្ឋ មិនថា ក្នុងទីប្រជុំជន ឬជនបទ ខណៈពលរដ្ឋភាគច្រើន បានប្រើប្រាស់ស្មាតហ្វូន និងអីុនធឺណិត ដែលបានចូលរួមបំបាត់អំពើពុករលួយ និងបង្ហាញពីតម្លាភាពនៃសេវាសាធារណៈនៅកម្ពុជា។
លោក ជេជ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងតាមដាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការផ្តល់ព័ត៌មានសម្រាប់សេវាសាធារណៈរបស់រដ្ឋាភិបាល គឺជាគោលនយោបាយមួយ ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តក្នុងការបង្កើត ឬដើរឲ្យទាន់បច្ចេកវិទ្យា ស្របពេលបច្ចុប្បន្ន វាជាតម្រូវការចាំបាច់ សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
លោក គីមជុង ថ្លែងថា៖ «តាមប្រព័ន្ធ ICT គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រប់វិស័យលើកំណែទម្រង់វិសហមជ្ឈការ និងផ្តល់ឱកាសឲ្យអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការបំពេញតួនាទីភារកិច្ចរបស់គាត់នៅថ្នាក់មូលដ្ឋាន ក្នុងកម្រិតរដ្ឋបាលខេត្ត ស្រុកឃុំសង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីអភិវឌ្ឍឲ្យទាន់សភាពការណ៍នៃការប្រើបច្ចេកវិទ្យាទំនើប និងសារៈសំខាន់នៃការទទួលបានព័ត៌មានជាសាធារណៈក្នុងវិស័យសាធារណៈគឺធ្វើឲ្យមានភាពងាយស្រួលនៅក្នុងកិច្ចការរបស់ខ្លួន»។
លោក ជេជ្ឋ គីមជុង ថ្លែងថា គ.ជ.អ.ប មានគេហទំព័រមួយដែលមានឈ្មោះថា NCDD.GOV.KH ហើយទិន្នន័យរបស់ រដ្ឋាភិបាលប្រមាណជាង ៥០% ទាក់ទងនឹងកំណែទម្រង់វិសហមជ្ឈការ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រនេះ ហើយនៅតាមក្រសួងស្ថាប័ននានា គឺបានប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះ ជាផ្នែកមួយក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។
លោក ប៉ូល អម្រិតកិត្យា អនុប្រធាននាយកដ្ឋានសេវាសាធារណៈនៃក្រសួងមុខងារសាធារណៈ (Public service App) បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា តួនាទីរបស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) នេះ គឺបានចូលរួមជួយកាត់បន្ថយអំពើពុករលួយ និងបង្ហាញពីតម្លាភាពនៃសេវាសាធារណៈរបស់រដ្ឋ ដែលបានផ្តល់ជូនប្រជាពលរដ្ឋ ព្រោះថា ពលរដ្ឋអាចពិនិត្យមើលសេវាកម្មណាមួយ ដែលខ្លួនត្រូវការ និងដឹងពីនីតិវិធីយ៉ាងងាយ ដោយគ្រាន់តែស្វែងរកក្នុង ICT នេះ ខណៈពីមុនមក ការស្វែងរកសេវាកម្មនានារបស់រដ្ឋ គឺមានតែក្នុងសៀវភៅ ហើយពលរដ្ឋនៅតាមទីជនបទមួយចំនួន ពិបាកក្នុងការស្វែងរក។
លោកបញ្ជាក់ថា៖ «វាមានតម្លាភាពសម្រាប់ប្រជាពលរដ្ឋ ព្រោះពីមុនតែកាលណាពួកគាត់អត់យល់ និងពិបាក គឺពួកគាត់ពឹងអន្តរការី ដែលត្រូវចំណាយច្រើនជាងតម្លៃសេវាសាធារណៈ ហើយចំណាយពេលវេលាយូរ។ តម្លៃសេវានានា និងបែបបទទាំងអស់ ត្រូវបានផ្សព្វផ្សាយទូលំទូលាយដែលពលរដ្ឋអាចស្វែងរកបានដោយងាយ ដូច្នេះ មន្ត្រីបម្រើសេវាសាធារណៈ នឹងមិនអាចប្រព្រឹត្តអំពើពុករលួយនោះទេ»។
លោក ធី ទ្រី នាយកប្រតិបត្តិអង្កការទិន្នន័យអំពីការអភិវឌ្ឍបាននិយាយថា ជាទូទៅ នៅតាមក្រសួងនីមួយៗ គឺមានគេហទំព័រ ឬការបង្កើតជា App ដើម្បីដាក់បញ្ចូលនូវរបាយការណ៍ និងព័ត៌មាននានាពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ពួកគេ។ ក្នុងពេលខាងមុខទៅ មិនថា គេហទំព័ររបស់ក្រសួងក្តី របស់សង្គមស៊ីវិលក្តី គឺនឹងកាន់តែផ្តល់ភាពងាយស្រួលបន្ថែមទៀត និងធ្វើឲ្យសេវាសាធារណៈទាំងនោះ កាន់តែខិតជិតប្រជាពលរដ្ឋ។
លោក ទ្រី បញ្ជាក់ថា៖ «យើងធ្វើយ៉ាងណា ដើម្បីជំរុញឲ្យអ្នកប្រើប្រាស់ហ្នឹង គាត់អាចចូលប្រើប្រាស់នូវ (ICT) ទាំងអស់ហ្នឹងបានគ្រប់គ្នា ព្រោះថា មនុស្សភាគច្រើន គាត់មានទូរស័ព្ទដៃស្ទើរគ្រប់គ្នា ប៉ុន្តែពេលខ្លះពួកគាត់មិនបានដឹងថា តើព័ត៌មានទាំងអស់ហ្នឹង គាត់ទៅរកកន្លែងណា។ អ៊ីចឹងដើម្បីឲ្យសេវា និងប្រព័ន្ធទាំងអស់ហ្នឹង មានការប្រើប្រាស់ច្រើនពីពលរដ្ឋ គឺយើង ជាពិសេសរដ្ឋាភិបាល ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានច្រើន ដើម្បីជំរុញការប្រើប្រាស់សេវាសាធារណៈហ្នឹង មានភាពល្អប្រសើរ»៕