សៀមរាបៈ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជិត​ ២០០ ​នាក់​នៃ​បណ្តា​ប្រទេស​​អាស៊ាន​បាន​ចាប់ផ្ដើម​ជួប​ពិភាក្សា​គ្នា​ស្តីពី​បញ្ហា​គ្រឿងញៀន​ (ASOD) ​លើក​ទី​ ៤០ ​នៅ​ខេត្ត​​សៀមរាប​កាលពី​ម្សិលមិញ​ជា​ជំនួប​ថ្ងៃទី​ ១ នៃ​គម្រោង​ ៣ ​ថ្ងៃ​ (២៨-៣០ ​សីហា​) ​ដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឆាំង​គ្រឿងញៀន ខណៈ​មន្ត្រី​កម្ពុជា​អះអាង​ថា​កម្ពុជា​កំពុង​យក​ចិត្តទុកដាក់​បង្ក្រាប​ដូច​ភ្លៀងរលឹម​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​អាស៊ាន​កំពុងតែ​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​ ៥ ​វិស័យ​ដូចជា ការងារ​ព្យាបាល ការស្តារ​នីតិសម្បទា ការអនុវត្ត​ច្បាប់ ការសិក្សា​ស្រាវជ្រាវ និង​ការអនុវត្ត​​ដំណាំ​ផ្សេងទៀត​ដោយ​មិន​ដាំ​ដំណាំ​គ្រឿងញៀន​ខុសច្បាប់​។

លោក​បន្ត​ថា​ពួកគេ​មិនទាន់​ប្រមូលផ្តុំ​បាន​នូវ​វិធានការ​ដើម្បី​ដាក់ចេញ​សម្រាប់​ដោះស្រាយ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ឡើយ​ទេ ដោយសារ​តែ​កិច្ចប្រជុំ​នេះ​ទើប​តែ​ចាប់ផ្តើម​បាន​កន្លះ​ថ្ងៃ​។ ប៉ុន្តែ​លោក​ថា បន្ទាប់ពី​កិច្ចប្រជុំ​នេះ​កម្ពុជា​ត្រូវ​អនុវត្តតាម​ផែនការ​សកម្មភាព​របស់​អាស៊ាន​ស្តីពី​គ្រឿងញៀន​ឆ្នាំ​ ២០១៦-២០២៥ ដើម្បី​ធានា​សន្តិសុខ​នៅក្នុង​សហគមន៍​អាស៊ាន​ដែល​មាន​ទិសដៅ​តែ​មួយ​គឺ​ដើម្បី​ផលប្រយោជន៍​រួម​។

លោក មាស វិរិទ្ធ បាន​បញ្ជាក់​ថា​៖ «​យើង​កំពុង​ជជែក​ពិភាក្សា​​គ្នា​ថា ធ្វើ​ម៉េច​ឱ្យ​យើង​សម្រេច​បាន​នូវ​គោលដៅ​ដែល​បាន​ដាក់​ចេញ ហើយ​និង​ទទួល​បាន​ផលប្រយោជន៍​ក្នុង​អាស៊ាន​»​។

យោងតាម​ហ្វេសប៊ុក​របស់​​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ម្សិលមិញ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​ថា ការដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ស្រប​ពេល​ដែល​កម្ពុជា​បាន និង​កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាង​សកម្ម​ដូច​ភ្លៀងរលឹម​ក្នុង​ការធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​ ៤ នៅ​ទូទាំង​ប្រទេស​។

លោក កែ គឹមយ៉ាន បាន​បញ្ជាក់​ថា​៖ «​ស្ថានភាព​នៃ​ការដាំដុះ ការផលិត ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ទាំង​ក្នុង​តំបន់​យើង និង​សកលលោក មិន​មាន​សញ្ញា​ថយចុះ​នោះឡើយ​។ ​[​វា​] ​បង្ក​ជា​បញ្ហា​អសន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​»​។

លោក​បាន​ស្នើឱ្យ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទទួល​ខុសត្រូវ​រួមគ្នា​ដោយ​ពង្រឹង​កិច្ចសហប្រតិបត្តិ​ការឆ្លើយតប​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពង្រឹង​សមត្ថភាព​ជំនាញ និង​ចែករំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ដើម្បី​លុបបំបាត់​បណ្តាញ​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ខុសច្បាប់​។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​បាន​សម្ដែង​ជំនឿ​ថា ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន​ ឬ​អាច​ទប់ស្កាត់​បាន​ច្រើនជាង​សព្វ​មួយ​ដង ប្រសិន​បើ​ប្រទេស​ដៃគូ​នៅ​អាស៊ាន​ចាប់​ដៃគូ​សហការគ្នា​ឱ្យបាន​ហ្មត់ចត់​នោះ​។

លោក មាស សុវណ្ណ បាន​បន្ថែម​ថា​៖ «​រឿង​នេះ​វា​អត់​មាន​នរណា​ម្នាក់​ផ្អែកលើ​នរណា​នោះ​​ទេ ហើយ​អត់​បន្ទោស​អ្នកណា​បានទេ​។ គឺ​ត្រូវ​ដុតដៃ ដុតជើង​ទាំងអស់​គ្នា​។ រួមទាំង​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ភូមិ ឃុំ-សង្កាត់​ហ្នឹង​ក៏​ត្រូវ​រួមដៃ​គ្នា​ដែរ​។ យ៉ាងហោច​ក៏​ជួយ​លួច​ផ្តល់​ដំណឹង ផ្តល់ព័ត៌មាន​អី​ខ្លះៗ​​ឱ្យ​សមត្ថកិច្ច​បាន​ដឹង​ដែរ​»៕