
មន្ត្រីនិងតំណាងកាស៊ីណូពេលជួបគ្នាកាលពីថ្ងៃអាទិត្យ។ សហការី
ព្រះសីហនុៈ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុបានទុកពេល ១ សប្ដាហ៍ ដល់ម្ចាស់កាស៊ីណូជីងកាងដែលស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុដើម្បីឲ្យទូទាត់ប្រាក់ខែជូនកម្មករខ្មែរនិងចិនប្រមាណ ១០០ នាក់ បន្ទាប់ពីមានការតវ៉ាបិទផ្លូវនិងបានព្រមានបញ្ចូនសំណុំរឿងនេះទៅតុលាការប្រសិនគ្មានដំណោះស្រាយ។
លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា មានកម្មករប្រមាណ ១០០ នាក់ ក្នុងនោះមានកម្មករជាតិចិន ៣០ នាក់ បានតវ៉ាបិទផ្លូវកាលពីថ្ងៃសៅរ៍ដើម្បីទាមទារឲ្យម្ចាស់កាស៊ីណូ ជីងកាង បើកប្រាក់ខែជូនពួកគាត់ បន្ទាប់ពីខកខានអស់ជាច្រើនខែ។
លោកបានថ្លែងថា មូលហេតុនៃការតវ៉ានេះ ដោយសារតំណាងកម្មករជាតិចិនដែលម៉ៅការសំណង់បានព្រមព្រៀងធ្វើការសាងសង់កាស៊ីណូខាងលើដោយមិនមានធ្វើកិច្ចសន្យាច្បាស់លាស់ដោយសារទុកចិត្ដម្ចាស់កាស៊ីណូ ទើបកើតមានករណីមិនបើកប្រាក់ខែឲ្យកម្មករដែលបណ្ដាលឲ្យមានការតវ៉ាបិទផ្លូវ។
លោក ខេមរា បានបន្ដថា៖ «បញ្ហានេះ នៅមិនទាន់សះជាទេ។ ជានីតិវិធី បើមិនសះជាអ៊ីចឹង យើងនឹងរៀបចំនីតិវិធីទៅតុលាការដោយសារតាមការរៀបរាប់ថា អ្នកម៉ៅការសំណង់ចិនហ្នឹងគាត់ទុកចិត្ដជនជាតិចិនគ្នាគាត់។ អ៊ីចឹងគាត់អត់បានធ្វើកិច្ចសន្យាច្បាស់លាស់។ ដូច្នេះក៏អត់មានការទូទាត់»។
លោកបន្ថែមថា តាមច្បាប់ ការងារម៉ៅការសំណង់បែបនេះ បើអ្នកម៉ៅការបន្ដអត់ទូទាត់ប្រាក់ឈ្នួលជូនកម្មករគឺខាងក្រុមហ៊ុនមេជាអ្នកដោះស្រាយ។
លោកបន្ដថា៖ «ឥឡូវគាត់អត់ដោះស្រាយ។ យើងនឹងរៀបចំនីតិវិធីរៀបទៅតុលាការ។ ក្នុងនោះយើងក៏បានចេញលិខិត ដោយដាក់កំហិត រយៈពេល ១ សប្ដាហ៍ ចាប់ពីថ្ងៃអាទិត្យនេះតទៅឲ្យម្ចាស់កាស៊ីណូនោះទូទាត់ប្រាក់ឈ្នួលជូនកម្មករ។ បើកាលណាគាត់មិនទូទាត់ទេ ពេលបញ្ចប់សុពលភាពដែលយើងកំណត់នេះ យើងនឹងបញ្ចូនសំណុំរឿងទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធី»។
យោងតាមពាក្យបណ្ដឹងរបស់កម្មករដែលបានដាក់ទៅមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដព្រះសីហនុ បានឲ្យដឹងថា លោក Liu JIAN YANG ជាអ្នកម៉ៅការបន្ដសាងសង់ពីក្រុមហ៊ុនជីងកាងមិនបើកប្រាក់ឈ្នួលថ្លៃពលកម្ម ហើយជួនកាលយឺតយ៉ាវ ច្រើនខែ។
ពាក្យបណ្ដឹងដដែលបញ្ជាក់ថា៖ «យើងខ្ញុំសូមជម្រាបជូនលោកប្រធានមន្ទីរមេត្ដាជ្រាបថា យើងខ្ញុំបានធ្វើកូដកម្មនៅព្រឹកថ្ងៃទី ៣០ មីនា ឆ្នាំ ២០១៩ ដោយសារតែ លោក Liu JIAN YANG មិនព្រមបើកប្រាក់ឈ្នួលឲ្យយើងខ្ញុំ»។
យោងតាមរបាយការណ៍ក្រុមការងារនៃមន្ទីរការងារខេត្ដព្រះសីហនុដែលបានជួបជាមួយតំណាងកាស៊ីណូ កាលពីថ្ងៃអាទិត្យបានបង្ហាញថា ករណីសម្រុះសម្រួលវិវាទបើកប្រាក់ឈ្នួលមិនទៀងទាត់ដល់កម្មករសំណង់នេះ ជាលទ្ធផលមិនសះជាទេ។
យ៉ាងណាក្ដី បើតាមលោក យ៉ូវ ខេមរា ពេលនេះកម្មករទាំងអស់បានសម្រេចរង់ចាំការដោះស្រាយពីមន្រ្ដីជំនាញតាមនីតិវិធីនិងបានឯកភាពគ្នាបញ្ឈប់ការតវ៉ាបណ្ដោះអាន្ន៕