ភ្នំពេញៈ សមា​ជិក​​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ម្នាក់​​បាន​ជឿ​ថា ​«​ប្រធាន​ស្តីទី​»​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​ លោក​ ​សម​ រង្ស៊ី ​នឹង​ចាញ់​ការភ្នាល់​​ជា​មួយ​លោក​នាយក​រដ្ឋ​​មន្រ្តី​ ​ហ៊ុន​ ​សែន ​អំពី​ការ​ដោះ​លែង​​លោក​ កឹម​ សុខា​ ​មុន​ថ្ងៃ​ទី​ ៣​ ខែ​មីនា។

​លោក​ ​សួន​ ​រីដា​ ​ដែល​មាន​ហ្វេស​ប៊ុក​ឈ្មោះ ​សួន​ ​សូ ​រីដា​ ដែល​ជា​សមាជិក​​​គណៈ​កម្មា​ធិ​​ការ​​អចិ​ន្រៃ្តយ៍​​​​របស់​​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ពុធ​ ​បាន​សរសេរ​​នៅ​លើ​​ហ្វេសប៊ុក​​របស់​លោក​​ថា​ ក្នុង​រយៈពេល​ ១៨ ​ថ្ងៃលទ្ធ​ផល​​នៃ​ការ​ភ្នាល់​​គ្នា​រវាង​ហ៊ុន​ ​សែន​ និង​សម រង្ស៊ី ​នឹង​មក​ដល់។

លោក​បាន​ថ្លែង​ថា​៖ «​ការ​ភ្នាល់​​នេះ​ ខ្ញុំ​​ប្រាកដ​​មួយ​រយភាគ​រយ​​​ថា​ សម​ រង្ស៊ី ​នឹង​ជា ​អ្នក​ចាញ់ ​ហើយ​សូម​គោរព​តាម​ការ​សន្យា​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ប្រុស»។

លោក​បាន​បន្ថែម​ថា៖ «​សូម​កត់​សម្គាល់​៖ ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក​ ​សម​ រង្ស៊ី ​យក​លោក ​កឹម ​សុខា ​មក​ភ្នាល់​​ជាមួយ​ ហ៊ុន​ សែន ​គាត់​លែង​មាន​តម្លៃ​ គុណ​ធម៌ ​និង​សីល​​ធម៌​​ទៀត​ហើយ​សម្រាប់​ខ្ញុំ​»។

​លោក ​សម​ រង្ស៊ី ​អតី​ត​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​មុន ​បាន​ផ្តួច​​ផ្តើម​​ល្បែង​​នេះ​ដោយ​ដាក់​​លក្ខ​ខណ្ឌ​ថា ​«​លោក​ កឹម ​សុខា ​នឹង​ត្រូវ​ដោះ​លែង​ចន្លោះ​ពី​​ថ្ងៃ​ទី ​២៩​ ខែ​ធ្នូ​ ដល់​​ថ្ងៃ​ទី ​៣ ខែ​មីនា។ ​លោក​បាន​​សន្យា​​ថា​ នឹង​ត្រឡប់​​មក​ឲ្យ​គេ​ចាប់​ខ្លួន​ប្រសិន​បើ​លោក​ចាញ់ការ​ភ្នាល់​នេះ​​។ ​ជា​​ការ ​ឆ្លើយ​តប​ ​ហ៊ុន​ សែន ​បាន​ប្រកាស​ទទួល​​យក​ការ​ភ្នាល់​នេះ​​ដោយ​ដាក់​តំណែង​របស់​លោក​នៅ​លើ​តុ​ភ្នាល់»។​

លោក​​ សួន ​រីដា ​គឺ​​ជា​សមា​​​ជិក​ម្នាក់​ ក្នុង​ចំណោម​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ ១១៨​ នាក់​ដែល​​ត្រូវ​បាន​ហាម​ប្រាម​​​មិន​ឲ្យ​ធ្វើ​នយោបាយ។

​អត្ថា​ធិប្បាយ​របស់​លោក​​ត្រូវ​បាន​វាយ​ប្រហារ​​ដោយ​សហ​ការី​របស់​លោក​គឺ ​លោក ​ស៊ុន​ ចាន់​ធី ​ប្រធាន​គណៈ​កម្មាធិការ​​ប្រតិ​បត្តិ​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​សម្រាប់​ខេត្ត​កំពង់​​ធំ​ ​​ដែល​​ស្ថិត​នៅ​ក្នុង​បញ្ជី​ ១១៨ ​នាក់​ផង​ដែរ។

​លោក​បាន​ថ្លែង​​កាល​ពី​ថ្ងៃ​អង្គារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​៖ «​​​ដោយ​សារ​​លោក ​កឹម ​សុខា ​បាន​ដឹក​នាំ​បក្ស​​​រហូត​ដល់​ធ្វើ​ឲ្យ​បក្ស​​រលាយ​ ​គាត់​គ្មាន​តម្លៃ​ជា​មេ​ដឹក​នាំ​​សម្រាប់​ខ្ញុំ​ទៀត​ទេ»។

​ការ​រិះ​គន់​គ្នា​ទៅ​វិញ​ទៅមក​នេះ​ត្រូវ​បាន​ស៊ែរ​​​​ដោយកញ្ញា​​ កឹម​ ម​នោ​វិទ្យា ​កូន​ស្រី ​លោក​ ​កឹម ​សុខា ​កាល​ពី​ថ្ងៃ​ពុធ​។ ​កញ្ញា​​ក៏​បាន​ស៊ែរ​​ អំពី​​​ការ​សរសេរ​របស់​លោក​ សម​ ​រង្ស៊ី ​អំពី​ការផ្តួច​ផ្តើម​ភ្នាល់​ផង​ដែរ​។​ ទាំង​លោក រីដា ​និង​ទាំង​លោក ​ចាន់​ធី ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

​លោក ​គិន​ ភា​ ប្រធាន​​វិទ្យា​ស្ថាន​​​ទំនាក់ទំនង​អន្តរ​ជាតិ​​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​ថ្លែង​ថា ​ការ​រួប​រួម​របស់​ពួក​គេ​ដោយសារ​ស្ថាន​ការណ៍​ចា​ប់​បង្ខំ បាន​ប្រេះ​ស្រាំ​បែក​បាក់​ជា​បំណែក​ៗ​ទៅ​ហើយ​។ ​CNRP​ ពេល​នេះ​ប្រៀប​បាន​ទៅ​នឹង​ថូ​មួយ​ត្រូវ​បាន​គេ​បោក​បំបែក​ ​គឺ​ពិត​ជា​ពិបាក​នឹង​រើស​បំណែក​តូចៗ​នៃ​ថូ​នោះ​មក​ផ្គុំ​ឡើង​វិញ​ណាស់។

ឥឡូវ​ត្រឡប់​មក​និយាយ​ពី​អ្នក​គាំ​ទ្រ​របស់​ពួក​គាត់​ទាំង​ ២ វិញ​ ​ពី​ដើ​ម​រៀង​មក ក្រុម​ទាំង​ ២ ​នេះ ​មិន​ស៊ី​ច​ង្វាក់​គ្នា​ទេ​,​ ការ​រួម​បញ្ចូល​គ្នា​បាន​តែ​រចនាសម្ព័ន្ធ​ខាង​លើ​តែ​ប៉ុណ្ណោះ​ ​តែ​ខាង​ក្រោម​ ​គឺ​មិន​អាច​ចូល​គ្នា​បា​ន​ឡើយ​ ហើយ​និន្នាការ​បែង​ចែក​បក្ខពួក​ផ្ទៃ​ក្នុង​ខាង​សិទ្ធិ​មនុស្ស​ ​និង​ខាង​ភ្លើង​ទៀន​ ​គឺ​កើត​មាន​ជា​ប្រចាំ។​

លោក​ ឡៅ ​ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​​ បាន​ថ្លែង​ថា ​គណបក្ស​​សង្គ្រោះ​ជាតិ​គឺ​ដូច​នឹង​វិហារ​ដ៏​ធំ​មួយ​​​ដែល​មាន​ការបំពេញ​ចិត្ត​តិច​តួច​ទៅ​សមាជិក​​​របស់​ខ្លួន​​ដើម្បី​ចង​ពួក​គេ​។ ​ប៉ុន្តែ​លោក​​បាន​ថ្លែង​ថា ​កម្លាំង​នេះ​ត្រូវ​បាន​បញ្ឈប់​ភ្លាម​ៗ​​​តាម​រយៈ​ការ​រំលាយ​គណបក្ស។ ​

​លោក​បាន​ថ្លែង​ថា​៖ «​​វា​គឺ​ដូច​អ្នក​ដែល​អង្គុយ​​លើ​​កង់​ដែល​កំពុង​ជិះ​ ​​ខ្ទាត​ចេញ​ភ្លាម​ៗ​នៅ​ពេល​​កង់​នោះ​ឈប់​ឬ​ដួល​​ភ្លាម​ៗ​ ដូច្នេះ​សមាជិក​​ទាំង​នោះ​​ត្រូវ​បាន​គ្រ​វាត់​ចេញ​​ពី​គ្នា​​នៅ​ពេល​កម្លាំង​របស់​គណ​បក្ស​នេះ​​ត្រូវ​បាន​គេ​បញ្ឈប់​ភ្លាម»។

លោក​បាន​ថ្លែង​ថា ​មន្រ្តី​​ទាំង​នោះ​​​កំពុង​ស្វែង​រក​កំហុស​គ្នា​​ទៅ​វិញ​ទៅ​មក​ដើម្បី​បន្ទោស​គ្នា​​​ចំពោះ​​ការ​ដួល​នេះ​។ ​ប៉ុន្តែ​លោក​​ជឿ​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​​ដែល​ជា​បំណង​ប្រាថ្នា​​របស់​ប្រជាជន​ក្នុង​ការ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ​នៅ​តែ​ដក់​ជាប់​​នៅ​ក្នុង​​បេះ​ដូង​​ និង​ចិត្ត​របស់​ប្រជាជន​ទាំង​នោះ។

លោក​ សម​ រង្ស៊ី​ ដែល​សេរី​ និង​សកម្ម​ ​នៅ​តែ​ជា​កម្លាំង​នយោ​បាយ​រឹង​មាំ​មួយ​​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​​ស្រឡាញ់​លោក​ ខណៈ​​លោក​ ​កឹម​ ​សុខា​ ​នៅ​ស្ងៀម​ និង​អស​កម្ម​​ដោយ​​សារ​ការ​​ឃុំ​ខ្លួន​។​ ប៉ុន្តែ​លោក​ ​គិន​ ​ភា ​បាន​ថ្លែង​ថា ​ ​ហេតុ​​ផល​សំខាន់​គឺ​លោក​ ​សម​ រង្ស៊ី ​គាត់​ចង់​ក្តោបក្តាប់​ ​អតីត​ ​CNRP​ ​ទាំង​មូល​ដោយ​បំភ្លេច​លោក​ ​កឹម​ ​សុខា ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។​

លោក ​សម​ រ​ង្ស៊ី​ តែង​តាំង​ខ្លួន​ឯឯ​ជា​ប្រធាន​ស្តី​ទី​នៃ​អតី​ត​ CNRP ​គឺ​​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​កិច្ច​ព្រមព្រៀងផ្ទៃ​ក្នុង​​រវា​ង​រូប​លោក​ និង​លោក​ ​កឹម​ សុខា​​។​ មុន​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៨​ ​គណ​បក្ស​ភ្លើង​ទៀន​របស់​លោក​ ​សម​ រង្ស៊ី ​មិន​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​នា​យក​គណ​បក្ស​នេះ​ប្រកា​ស​រំ​លាយ​ទេ​ តែ​ គណ​បក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​ប្រកាស​រំលាយ​។​ ​នេះ​ជា​ការ​ខុស​គ្នា​ខាង​យុទ្ធ​សាស្ត្រ​រួច​ស្រេច​ទៅ​ហើយ។​ ចំណុច​នេះ​ វា​ច្បាស់​ណាស់​​ថា​ ​លោក​ ស​ម​ រង្ស៊ី​ គាត់​​ទុក​ជម្រក​នយោ​បាយ​មួយ​ឱ្យ​ពួក​គាត់ ​ព្រោះ​គាត់​ច្បាស់ក្នុ​ង​ចិ​ត្ត​ហើយ​ថា ​អតីត CNR​P ​មិន​អាច​រស់​ឡើង​វិញ​ទេ​ អ្វី​ដែល​គាត់​ទាមទារ​ឱ្យ CNRP​ រស់​ឡើ​ង​វិ​ញ​គ្រាន់​តែ​ជា​រូប​ភាព​បន្លំ​ភ្នែក​តែ​ប៉ុណ្ណោះ។​

​ទន្ទឹម​នឹង​នោះ ​លោក​ ​សម​ រង្ស៊ី​ ពិត​ជា​មិន​ចង់​ឃើញ​លោក​ ​កឹម​ ​សុខា ​រួ​ច​ផុត​ពី​ការ​ចោទ​ប្រកាន់​ ឬ​ត្រូវ​បាន​ដោះ​លែ​ង​នោះ​ទេ​។​ ​ការ​ដែល​គាត់​បបួល​សម្តេច​ ​ហ៊ុន​ ​សែន ភ្នាល់​នោះ ​គឺ​ជា​ការ​បញ្ជាក់​ពី​ចេត​នា​របស់​គាត់​ក្នុង​រឿង​នេះ។

លោក​បន្តថា ខណៈ​ដែល​លោក​ ​កឹម​ ​សុខា​ ​កំពុ​ង​ជាប់​ឃុំ​ លោក​ សម​ ​រង្ស៊ី​ ប្រឹង​ទៅ​បង្កើត​ចល​នា​សង្គ្រោះ​ជាតិ​ ​ដែល​ធ្វើ​ឱ្យ​ក្រុម​លោក​ ​កឹម​ ​សុខា ​មិន​សប្បាយចិ​ត្ត​ជាខ្លាំង​។ ​លើស​ពី​នេះ​ទៀត​គាត់​ថែម​ទាំ​ង​រៀ​ប​ចំ​ឆាក​ដើម្បី​តែង​តាំង​ខ្លួន​ឯង​ជា​ប្រធាន​ស្តី​ទី​បក្ស​ទៀត ​កាន់​តែ​ធ្វើឱ្យ​ការ​បែក​បាក់​រវាង​ក្រុម​ទាំង​ ២ ​កាន់​តែ​ ជ្រាល​ជ្រៅ​ និង​ពិបាក​ផ្សះផ្សា៕