ភ្នំពេញៈ ទំនាក់ទំនងរវាងលោក កឹម សុខា អតីតមេបក្សប្រឆាំង និងលោក យ៉ង សាំងកុមារ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នោះថ្នាក់ដឹកនាំគណបក្សកាន់អំណាចមិនទាន់មានចំណាត់ការអ្វីទេ ដោយសារករណីលោក កឹម សុខា ស្ថិតក្នុងដៃតុលាការ ហើយថា ការផ្សព្វផ្សាយពីជំនួបរវាងអ្នកនយោបាយទាំង ២ ជាការស្ទង់មើលជំហរតុលាការ។ នេះបើតាមមន្ត្រីនាំពាក្យបក្សកាន់អំណាច។
មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចលោក សុខ ឥសាន អះអាងពីម្សិលមិញថា ថ្នាក់ដឹកនាំគណបក្សប្រជាជនមិនទាន់មានចំណាត់ការអ្វីទេចំពោះការលើកឡើងរបស់មេធាវីលោក កឹម សុខា អំពីទំនាក់ទំនងរវាងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រោះរឿងនេះស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ។
លោក សុខ ឥសាន ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ការផ្សព្វផ្សាយជាសាធារណៈរបស់លោក ចាន់ ចេន មេធាវីលោក កឹម សុខា អំពីទំនាក់ទំនងរបស់លោក កឹម សុខា ជាមួយលោក យ៉ង សាំងកុមារ គឺជាការចង់ស្ទង់មតិមើលថា តើតុលាការមានប្រតិកម្មយ៉ាងម៉េច បន្ទាប់ពីការលើកឡើងនេះ។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់មានព័ត៌មានថាថ្នាក់ដឹកនាំគណបក្ស (កាន់អំណាច) លោកមានចំណាត់ការអ្វីទេ។ ប៉ុន្ដែជាការបណ្ដោយឱ្យលោក កឹម សុខា ធ្វើសកម្មភាព។ បើមិនទាន់មានការចោទពីតុលាការទេ គណបក្សមិនទាន់មានយោបល់ទេ ព្រោះស្ថិតនៅក្នុងដៃតុលាការ»។
លោកឥសានបញ្ជាក់ថា៖ «សិទ្ធិមេធាវី គឺមានសិទ្ធិហើយ ប៉ុន្ដែការបញ្ចេញមតិរបស់មេធាវីមានអាណត្តិរបស់លោក កឹម សុខា វាចូលទៅក្នុងក្របខ័ណ្ឌបម្រាមរបស់តុលាការ។ អ្វីដែលខ្ញុំមានមតិ គឺថាកាលណាដែល [កឹម សុខា] ធ្វើសកម្មភាពអ្វីផ្ទុយអំពីបម្រាមរបស់តុលាការនោះ វាចូលកាន់តែបង្កើនពិរុទ្ធភាពទៅទៀត។ ដូច្នេះខ្ញុំនិយាយជាទ្រឹស្ដីភាគច្រើន និងនិយាយពីរឿងគោលការណ៍ច្បាប់ និងបម្រាមរបស់តុលាការ»។
បើតាមលោក ឥសាន ការលើកឡើងរបស់មេធាវីរបស់លោក កឹម សុខា គ្រាន់តែជា គំនិត និងទ្រឹស្ដី។ បើសិនជាការចងសម្ព័ន្ធភាពជាក់ស្ដែងទើបខុស។
លោកថា៖ «ខ្ញុំនិយាយ ខ្ញុំមិនមានទៅបំពានតុលាការឯណា ខ្ញុំនិយាយទៅតាមគោលការណ៍ច្បាប់ទេ។ បើកាលណាពួកគាត់បំពានបម្រាមតុលាការ អាហ្នឹងវាខុសហើយ។ បើធ្វើក្រៅពីបម្រាមតុលាការ អត់មានពាក់ព័ន្ធអីដូចជា គាត់ (កឹម សុខា) ចុះជួបមហាជន អាហ្នឹងវាអត់អីទេ។ កុំឱ្យតែនិយាយពីរឿងនយោបាយ កៀរគរកម្លាំង អាហ្នឹង វាខុស។
លោក ចាន់ ចេន មេធាវី លោក កឹម សុខា បានសរសេរសារលើហ្វេសប៊ុករបស់លោកដោយមានរូបថតលោក កឹម សុខា និងលោក យ៉ង សាំងកុមារ រួមនឹងសហការីកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ ២០២១ ថា៖ «ឈាមរត់រកឈាម កូនកសិករ រត់រកកសិករ។ អ្នកប្រជាធិបតេយ្យ ពិតប្រាកដដែលស្មោះត្រង់នឹងជាតិដូចគ្នា គឺនៅបន្តរួមសុខ រួមទុក្ខ ជាមួយគ្នា មិនរត់ចោលគ្នា ទោះបី ស្ថានភាពលំបាក ឬគ្រាមានអាសន្នអន្ធក្រយ៉ាងណាក៏ដោយ»។
លោកសរសេរថា៖ «លោក កឹម សុខា និងលោកបណ្ឌិត យ៉ង សាំងកុមារ [អ្នកជំនាញខាងកសិកម្ម] ព្រមទាំងសហការីបានជួបគ្នាលើទឹកដីខេត្តមណ្ឌលគិរីនាពេលកន្លងមកដើម្បីស្វែងយល់អំពីដំណាំកសិកម្ម [កាហ្វេ តែ ផាសិន] និងជីវភាពប្រជាពលរដ្ឋខ្មែរ»។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងលោក ចាន់ ចេន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេពីម្សិលមិញ ដោយទូរស័ព្ទគ្មានអ្នកទទួល។
លោក យ៉ង សាំងកុមារ ប្រាប់ថា រូបថតដែលលោក ចាន់ ចេន បង្ហោះលើហ្វេសប៊ុកគឺជារូបថតដែលថតជាមួយលោក កឹម សុខា ពីឆ្នាំមុននៅខេត្ដមណ្ឌលគិរីពេលចុះស្វែងយល់ពីដំណាំកសិកម្ម។
លោកថា៖ «ខ្ញុំមិនអាចធ្វើការអ្វីជាមួយគាត់បានទេ ព្រោះគាត់អត់មានសេរីភាពនយោបាយ។ ដូច្នេះយើងអត់បានមានជាសកម្មភាពអ្វីជាមួយគាត់ទេ។ គាត់ក៏អត់ចង់ដែរ ព្រោះខ្លាចប៉ះពាល់ទៅដល់បញ្ហារបស់គាត់»៕
វីដេអូ៖