The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​បក្ស​កាន់អំណាច​វាយបក​ទៅ​លោក​ សម រង្ស៊ី ដែល​អះអាង​ថា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​មាន​ការបែកបាក់

មន្ត្រី​បក្ស​កាន់អំណាច​វាយបក​ទៅ​លោក​ សម រង្ស៊ី ដែល​អះអាង​ថា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​មាន​ការបែកបាក់

Content image - Phnom Penh Post
លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​បក្ស​សង្គ្រោះ​ជាតិ​។ ហុង មិនា

មន្ត្រី​បក្ស​កាន់អំណាច​វាយបក​ទៅ​លោក​ សម រង្ស៊ី ដែល​អះអាង​ថា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​មាន​ការបែកបាក់

ភ្នំពេញៈ មន្ត្រី​គណបក្ស​កាន់​អំណាច​កាលពី​ម្សិលមិញ​បាន​វាយបក​ចំពោះ​ការចោទប្រកាន់​របស់​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​អះអាង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​នៅ​ពេល​ដឹង​ថា រូបលោក​ត្រៀម​ចូល​ស្រុក​ និង​មាន​ការ​បាក់បែក​ផ្ទៃក្នុង​គណបក្ស​ប្រជាជន ជា​អ្វី​ដែល​មន្ត្រី​បក្ស​កាន់អំណាច​វាយបក​ទៅ​វិញ​ថា​អតីត​បក្សប្រឆាំង​ទៅវិញ​ទេ​ដែល​ «​កំពុង​បែកបាក់​ផ្ទៃក្នុង​យ៉ាង​ធ្ងន់ធ្ងរ​» និង​ «​កំពុង​បរាជ័យ​ក្នុង​ឧបាយកល​ទុច្ចរិត​» ​របស់​ខ្លួន​។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្សប្រឆាំង​លោក​ សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ធ្វើការ​ចោទប្រកាន់​ដោយ​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ថា ការវិលត្រឡប់​ចូល​មក​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​របស់​លោក​នឹង​ធ្វើឲ្យ​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន «​បរាជ័យ​» ក្នុង​ការ​ប៉ុនប៉ង​បំផ្លាញ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សម រង្ស៊ី ដែល​ត្រូវ​បាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​និន្នាការ​ទៅ​រក​លោក កឹម សុខា ​ចោទ​ថា​បាន​ធ្វើ​ «​បក្ស​ប្រហារ​» ​កាលពី​ដើម​ខែ​ធ្នូ​នោះ​បាន​អះអាង​កាលពី​ថ្ងៃទី​ ២៨ ខែ​ធ្នូ​ថា​លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ ២០១៩ ហើយ​កាលពី​ថ្ងៃទី​ ២៣ ធ្នូ កន្លង​ទៅ​លោក​ថា លោក​ហ៊ុន សែន និង​គណបក្ស​ប្រជាជន «​ភ័យខ្លាច​» ការឃោសនា​របស់​លោក​ដែល​ថា កឹម សុខា និង​ សម រង្ស៊ី ជា​មនុស្ស​តែមួយ ហើយ​ពួកគេ​កំពុងតែ​ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង​ដើម្បី​បំបែក សម រង្ស៊ី ពី កឹម សុខា​។

លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​មិន​ត្រូវ​ចាញ់​កលល្បិច​លោក​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ហើយ​អះអាង​ថា​ជ័យជម្នះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ដល់​ហើយ​។ លោក​ថា​លោក កឹម សុខា ទំនង​ត្រូវ​លោក ហ៊ុន សែន បង្ខំ​ចិត្ត​ដោះលែង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ «​ក្រោម​សម្ពាធ​អន្តរជាតិ​»​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រតិកម្ម​ខ្លាំងៗ​តាមរយៈ​សំណេរ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយ​លោក​អះអាង​ថា​ «​ដើម្បី​ភូតកុហក ទណ្ឌិត សម រង្ស៊ី និយាយ​ផ្ទុយ​ពី​ការពិត​»​។

លោក​សរសេរ​ថា​៖ «​ទី​ ១- ទណ្ឌិត សម រង្ស៊ី បាន​និយាយ​ថា​សម្តេច​តេជោ ហ៊ុន សែន បរាជ័យ​ក្នុង​ការ​បំបែកបំបាក់ សម រង្ស៊ី និង កឹម សុខា​។ តែ​ការពិត​ទណ្ឌិត សម រង្ស៊ី និង កឹម សុខា បាន​បែកបាក់​គ្នា​រួច​ទៅ​ហើយ​មិន​អាច​បិទបាំង​បាន​ឡើយ មិនមែន សម រង្ស៊ី និង​ កឹម សុខា ​ជា​មនុស្ស​តែមួយ​ដូច​ថា​នោះ​ទេ​»​។

លោក​បន្ថែម​ថា​លោក ហ៊ុន សែន ទៅវិញ​ទេ​ដែល​កំពុង​ត្រៀម​ខ្នោះ​ចាំ​ទទួល​លោក​ សម រង្ស៊ី​ដែល​អះអាង​ពី​ការវិល​ត្រឡប់​ចូល​ស្រុក​វិញ​ក្នុង​ឆ្នាំ​​ ២០១៩ នេះ ខណៈ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​ជាច្រើន​ករណី​។

លោក​បន្ត​ថា​៖ «២- ទណ្ឌិត សម រង្ស៊ី ថា​សម្តេច​តេជោ ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ នៅពេល​ដឹង​ថា​ទណ្ឌិត សម រង្ស៊ី ត្រៀម​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នា​ដើម​ឆ្នាំ ២០១៩​នេះ​។ តាម​ការពិត​សម្តេច​តេជោ​កំពុង​ត្រៀម​ខ្នោះដៃ​រង់ចាំ​ស្វាគមន៍​ទណ្ឌិត​រូបនេះ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​នៅពេល​ណា​គឺ គ្រឹប​នៅ​ពេល​នោះ មិន​ឲ្យ​ទណ្ឌិត​ សម រង្ស៊ី ខកបំណង​ឡើយ​»​។

លោក​បញ្ជាក់​ថា​លោក សម រង្ស៊ី និង​បក្ខពួក​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​ «​កំពុង​បែកបាក់​ផ្ទៃក្នុង​យ៉ាង​ធ្ងន់ធ្ងរ​» និង​ «​កំពុង​បរាជ័យ​ក្នុង​ឧបាយកល​ទុច្ចរិត​»​របស់​ខ្លួន​បែរ​ជា​ឃោសនា​ថា កំពុង​មាន​ជោគជ័យ​ទៅវិញ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ទី​ ៣- ទណ្ឌិត សម រង្ស៊ី និយាយ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រងសម្ពាធ​ពី​អន្តរជាតិ​ខ្លាំង​។ តាមការពិត​សម្តេច​តេជោ និង​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ថាមភាព​ខ្លាំងក្លា​ដឹកនាំ​ប្រទេស​ក្នុង​ឯករាជ្យ​ជាតិ អធិបតេយ្យភាព​ជាតិ និង​ក្នុង​បូរណភាព​ទឹកដី និង​ប្រកប​ដោយ​មោទនភាព​ជាតិ និង​អត្តភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ដោយ​មាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​»​។

បន្ថែម​ពី​លើ​នេះ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​លោក​ សម រង្ស៊ី ខ្លួនឯង​កំពុង​តែ​លួង​ចិត្ត​អ្នកគាំទ្រ​របស់​ខ្លួន ហើយ​បាន​ «​បង្កើត​ព័ត៌មាន​» ​ផ្សេងៗ​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​គាត់​គ្រាន់តែ​ស្រែក​ដើម្បី​ឲ្យ​គេ​ចាប់អារម្មណ៍ គាត់​ធ្វើ​ត្លុក​ដើម្បី​បង្កើត​ព័ត៌មាន​ក្នុង​ការ​លួង​ចិត្ត​អ្នក​ដែល​ស្រឡាញ់​គាត់​ ឬ​អ្នកគាំទ្រ​គាត់​។ គ្មាន​ការបែកបាក់​ណា​មួយ​ទេ​ (​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​) តាំងពី​ឆ្នាំ​ ១៩៩០ ​មក​ខ្ញុំ​តែងតែ​ឮ​ពាក្យ​ទាំងនេះ ហើយ​អ្នក​ដែល​បង្កើត​ព័ត៌មាន​ទាំងនោះ​គឺ​ពួកទាំងនេះ​ឯង​ (​ក្រុមប្រឆាំង​)»​។

លោក​បន្ថែម​ថា​៖ «​ចំណុច​ទី​ ១ វា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​បង្កើត និង​បង្កើន​ការទុកចិត្ត និង​សេចក្ដី​សង្ឃឹម​របស់​អ្នក​ដែល​បម្រុង​រត់ចោល​គាត់​។ ចំណុច​ទី ២ វា​ជា​សង្គ្រាម​ចិត្តសាស្ត្រ​ដែល​តែងតែ​និយាយ​ថា​នឹង​មាន​ការផ្លាស់ប្ដូរ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​ជាដើម​...​វា​ជា​ការ​កៀរគរ​កម្លាំង​កុំ​ឲ្យ​រត់ចោល​គាត់​»​។

លោក​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា​កម្ពុជា​ក៏​គ្មាន​ទទួលរង​សម្ពាធ​ពី​បរទេស​ណា​មួយ ដើម្បី​ធ្វើឲ្យ​មាន​ការ​កែប្រែ​អ្វី​ដែរ​។ លោក​សង្កត់ធ្ងន់​ថា​៖ «​កម្ពុជា​គ្មាន​រងសម្ពាធ​ពី​ខាង​ក្រៅ​អ្វី​ទេ​។ យើង​មាន​ដំណើរ​ការធម្មតា គ្មាន​សម្ពាធ ព្រោះ​យើង​មិន​ត្រូវការ​ឲ្យ​អ្នក​ណា​មក​ទទួលស្គាល់​ទេ យើង​ត្រូវការ​សន្តិភាព យើង​ត្រូវការ​សេចក្ដី​ទុកចិត្ត​របស់​មហាជន យើង​ត្រូវការ​ដំណើរការ​សេដ្ឋកិច្ច ប៉ុន្តែ​សេដ្ឋកិច្ច​នេះ​មិនមែន​តម្រូវ​តាម​ក្រុម​ណា​ទេ គឺ​យើង​ធ្វើការ​ជាមួយ​ប្រទេស​ណា​ក៏បាន​»​។

អ្នកវិភាគ​នយោបាយ​លោក មាស នី យល់​ឃើញ​ថា​សង្គ្រាម​ពាក្យ​សម្តី​នេះ​មិនមែន​ជា​សារ​អី​ថ្មី​ទេ​ពី​មុន​មក​ក៏មាន​ការ​ចោទ​គ្នា​អ៊ីចឹង​ដែរ ម្ខាង​ចោទ​ថា ខាងនេះ​កំពុង​បែកបាក់ ឯ​ម្ខាង​ទៀត​ថា ខាង​នោះ​បែកបាក់​។ លោក​ថា អ្នក​នយោបាយ​មិន​គួរ​ធ្វើ​ដូចនេះ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​ការចោទប្រកាន់ និង​រង់ចាំ​មើល​គេ​បែកបាក់ ប៉ុន្តែ​នៅ​ទីចុង​បំផុត វា​មិនមែន​គេ​ជា​អ្នក​បែកបាក់​វា​ទៅ​ជា​យើង​អ្នក​បែកបាក់​ទៅវិញ​។ វា​ជា​ទង្វើ​គ្មាន​ន័យ​អ្វី​សោះ​ទៅ​រង់ចាំ​មើល​ឲ្យ​គេ​បែកបាក់​គ្នា រឿង​សំខាន់​សួរថា ខ្លួន​យើង​ត្រូវ​ធ្វើអ្វី​បន្ត​ទៀត​»​។

លោក​ថា​គណបក្ស​ប្រឆាំង​គួរ​រក​យុទ្ធសាស្ត្រ​ដើម្បី​ទប់​ភាពប្រេះឆា​នៅក្នុង​ផ្ទៃក្នុង​ខ្លួនឯង​ជា​ជាង​រំពឹង​ការបែកបាក់​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ក្នុង​ជួរ​គណបក្ស​ប្រជាជន ការ​បែកបាក់​គឺ​មិន​ងាយ​ទេ​...​រីឯ​គណបក្ស​ប្រឆាំង​គឺ​ផុយស្រួយ​ណាស់ ដូច្នេះ​បើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​បាន​គិតគូរ​ពី​វិធានការ​ទាំងឡាយ​ណា​ដើម្បី​ការពារ​ការ​លាប​ពណ៌​ទាំងឡាយ​ណា​ទេ​នឹង​ធ្វើឲ្យ​មាន​ការប្រេះឆា​កាន់តែ​ខ្លាំង​ទៅៗ​»​។

ចំណែក​លោក​ ឱក សេរីសោភក្តិ៍ អ្នកវិភាគ​នយោបាយ​ក៏​បាន​ថ្លែង​ផងដែរ​ថា វា​ជា​សង្គ្រាម​ពាក្យ​សំដី​របស់​គណបក្ស និង​អតីត​គណបក្ស​ធំៗ​ទាំង​ ២ ​ដែល​មិនមែន​ជា​រឿង​អ្វី​ប្លែក​នោះ​ទេ​ដោយសារ​តែ​ធ្លាប់​មាន​ការសាចទឹក​ដាក់​គ្នា កាលពី​អតីតកាល​រួច​មក​ហើយ ហើយ​លោក​ជឿ​ថា​នៅ​ពេល​ខាង​មុខ​ទៀត​ក៏​នឹង​មាន​រឿង​បែប​នេះ​កើតឡើង​ទៀត​ជាក់​ជា​មិន​ខាន​។

លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​មិន​យក​ចិត្ត​ទុកដាក់​នឹង​រឿង​នេះ​ទេ ព្រោះ​ពួកគាត់​នឿយណាយ គាត់​ខ្ជិល​ចង់ដឹង​ចង់​ឮ​ពី​រឿង​ឈ្លោះ​គ្នា​ទាំង​នេះ​ហើយ​។ រឿង​ដែល​គណបក្ស​ប្រឆាំង​ចោទ​គណបក្ស​កាន់​អំណាច​ថា ឈ្លោះ​គ្នា​យើង​ធ្លាប់​ឮ​កាលពី​ពេល​កន្លង​ទៅ​សឹងតែ​រាល់​ឆ្នាំ ដូចជា​នៅ​មុន​ការបោះឆ្នោត គណបក្ស​ប្រឆាំង ឬ​បុគ្គល​ក្នុង​គណបក្សប្រឆាំង​តែងតែ​វ៉ៃប្រហារ​បក្ស​កាន់​អំណាច​តាមរយៈ​រឿង​នេះ ដូច្នេះ​ខ្ញុំ​គិត​ថា​អត់​មាន​រឿង​អី​ថ្មី​ទេ​»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​យល់​ថា​គណបក្ស​កាន់​អំណាច​គាត់​កាន់​អំណាច​វា​ជាង ២០ ​ឆ្នាំ​ទៅ ៣០ ​ឆ្នាំ​ទៅ​ហើយ ដូច្នេះ​គាត់​មាន​ភាពចាស់ទុំ​ក្នុង​ការ​រឹតចំណង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​ពួកគាត់ ទោះបី​ជា​មាន​ការមិន​ចុះ​សម្រុង​គ្នា​ខ្លះ​ពី​រឿងនេះ ឬ​រឿង​នោះ​ក៏ដោយ ប៉ុន្តែ​មាន​ការ​ចុះសម្រុង​លើ​បន្ទាត់​នយោបាយ មិនមែន​ជា​ការបែកបាក់​រវាង​បុគ្គល ឬ​សែស្រឡាយ​អ្វី​នោះ​ទេ​»​។

លោក​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ដែល​តែងតែ​ធ្វើការ​វិភាគ​ទៅលើ​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​អតីត​គណបក្ស​ប្រឆាំង​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕

អត្ថបទគួរចាប់អារម្មណ៍