The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីបក្ស​ប្រឆាំង ​បដិសេធ​ការ​ប្រមាថ​ជីវិត​លោក​ ហ៊ុន សែន

មន្ត្រីបក្ស​ប្រឆាំង ​បដិសេធ​ការ​ប្រមាថ​ជីវិត​លោក​ ហ៊ុន សែន

Content image - Phnom Penh Post
លោកហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កាលពីថ្ងៃទី ំ១៣ ខែមីនា នៅខេត្តកោះកុង​​។ SPM

មន្ត្រីបក្ស​ប្រឆាំង ​បដិសេធ​ការ​ប្រមាថ​ជីវិត​លោក​ ហ៊ុន សែន

ភ្នំពេញៈ អតីត​សមាជិក​ព្រឹទ្ធ​សភានៃ​អតីត​បក្ស​ប្រឆាំង​ លោក​ សោ ចាន់ដេត ​ដែល​រង​ការ​ចោទថា ​បានប្រមាថ​ដល់​អាយុ​ជីវិត​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​អះអាងថា ​លោក​មិនបាន​វាយ​ប្រហារ​សំដៅ​លើ​អាយុ​ជីវិត​មេដឹកនាំ​រូបនេះ​​ទេគឺ​លោក​គ្រាន់តែ​វាយ​ប្រហារ​ទៅ​លើ​​​​ជីវិត​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ។

ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ ​ពី​ប្រទេស​ កាណាដា ​ពីម្សិលមិញ​ លោក​ សោ ចាន់ដេត ​បានថ្លែងថា ​ពាក្យពេចន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែលបាន​ឲ្យ​មេធាវី​របស់​លោក​សិក្សា​ករណី​ប្រមាថ​ជីវិត​លោក ​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​មិន​តិច​ជាង​ ២ ​លាន​ដុល្លារ​នោះ ​គឺ​លោក​ ហ៊ុន សែន ​សំដៅ​លើ​រូប​លោក។ ទោះជា​យ៉ាងណា ​លោក​បញ្ជាក់​ថា​លោក​មិនមាន​ការព្រួយ​បារម្ភ​អ្វី​ទេ​ចំពោះ​ការគំរាម​ប្តឹង​ពី​លោក​ ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃ​ទី ១៣ ​មីនា ​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ជាង​ ១ ម៉ឺន​នាក់​ នៅ​ខេត្ត​កោះកុង ​លោក​បាន​ប្រាប់ឲ្យ​មេធាវី​របស់​លោក​សិក្សា​​លើ​ករណី ​ដែលមាន​ការ​ប្រមាថ​អាយុជីវិត​របស់​លោក​តាម​ហ្វេស​ប៊ុក​ ហើយ​ទាមទារ​សំណង​​ជំងឺ​ចិត្ត​ប្រមាណ ​២ លាន​ដុល្លារ​អាមេរិក។

ឆ្លើយ​តប​នឹង​ការព្រមាន​ប្តឹង​ពី​លោក​ ហ៊ុន សែន ​លោក ​សោ ចាន់​ដេត ​ថ្លែងថា​៖ «សារ​របស់​ខ្ញុំ​កន្លង​ទៅ​មិនមែន​ជាការប្រ​មាថ​ជីវិត​អី​ទេ។ វា​ជាសារ​ប្រៀប​ធៀប​អាយុ​ជីវិត​នយោបាយ ​គឺ​ខ្ញុំ​តែង​តែ​សរសេរ​ជាចំណុចៗ​ដូច​សារ​ចុងក្រោយ​ថា​ «គ្រោះ​កំបុត​ក»​ ហ្នឹង ​ខ្ញុំ​ដាក់ថា ​ព្យុះ​នយោបាយ​ ៨ ទិស​នោះ​ខ្ញុំ​បានសរសេរ​រៀប​រាប់​ហូរហែ ​រីឯ​ចំណុច​ជំងឺ​របស់​គាត់​គឺ​ចុង​ក្រោយ​ទេ»។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​នូវ​អ្វី​ដែល​គាត់​និយាយ​ក្នុង​ន័យ​គំរាម​កំហែង​មក​លើ​រូប​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​គាត់​គំរាម​មក​លើ​រូប​ខ្ញុំ​ តែ​ខ្ញុំ​មិន​ទៅ​ខ្វាយ​ខ្វល់​ទេ​ព្រោះ​ខ្ញុំ​គ្មាន​ទ្រព្យសម្បត្តិ​កម្មសិទ្ធិ​អី​ឲ្យ​គាត់​រឹប​អូស​ផង។ បើ​មាន​ហើយ​គាត់​រឹប​អូស​ក៏​ខ្ញុំ​មិន​សោក​ស្ដាយ​អី​ដែរ ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​មិន​ស្មើទៅ​នឹង​ទ្រព្យ​ស​ម្បត្តិ​ជាតិ​ ទឹក​ដី​ប្រទេស​ជាតិ​យើង​ដែល​ការ​ដឹកនាំ​របស​គាត់​ធ្វើ​ឲ្យ​បាត់បង់​ទៅ​ប្រទេស​ជិត​ខាង»។

លោក​បន្តថា​ លោក​មិន​បាន​យក​បញ្ហា​សុខភាព​របស់​លោក ​ហ៊ុន សែន ​មក​បរិយាយ​ទេ ​ដោយ​សារ​តែ​បញ្ហា​សុខភាព​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​គ្រប់​គ្នា ​គឺ​ថា​អ្នក​ណា​ក៏​តែង​តែ​ឈឺ​ អ្នក​ណា​ក៏​តែង​តែ​ស្លាប់​ដែរ។

លោក​ ចាន់ដេត ​បាន​ថ្លែង​ថា ​ការ​រិះ​គន់​របស់​លោក​លើ​លោក​នាយករដ្ឋមន្ត្រីមិន​មែន​ទើប​តែ​កើត​មាន​ពេល​ដែល​លោក​បាន​ទៅ​ដល់​បរទេស​នោះ​ទេ​ គឺ​តាំង​ពី​លោក​នៅក្នុង​ស្រុក​ខ្មែរ​ម្ល៉េះ៖ «ខ្ញុំ​ចុះ​តាម​មូលដ្ឋាន ​ខ្ញុំ​ជួប​ប្រជា​ពលរដ្ឋ​ មាន​ឃ្លីប​វីដេអូ​ខ្ញុំ​និយាយ​ច្រើន​​ជាង​ហ្នឹង ​ធ្ងន់​ជាង​ហ្នឹង​ទៅ​ទៀត​ណោះ។​ អ៊ីចឹង​សុំ​ឲ្យ​លោក ​ហ៊ុន​ សែន​ រាប់​ឡើង​វិញ​ទៅ​ ច្រើន​ជាង​ហ្នឹង​មិន​មែន​ ៣២ ​ដង​ទេ​ គឺ​លើស​នោះ​ទៅ​ទៀត»។

លោកថា​ ក្រោយ​ពេល​លោក​នាយករដ្ឋ​មន្ត្រី​បាន​ថ្លែង​ពី​រឿង​ប្តឹងផ្តល់​នេះ​ មាន​មនុស្ស​ចម្លែក​ទៅ​នៅ​មុខ​ផ្ទះ​ដែល​កូន​ស្រី​លោក​ ២ ​នាក់​​ស្នាក់​នៅ ​ប៉ុន្តែ​ផ្ទះ​នោះ​មិន​មែន​ជា​ផ្ទះ​របស់​លោក​ទេ។

លោក​ ងួន រតនៈ ​អភិបាល​ខេត្ត​បាត់ដំបង​មិន​ឆ្លើយ​តប​នឹង​សំណួរ​​ពាក់​ព័ន្ធនឹង​រឿង​នេះ​ទេ។ លោក​ គី តិច ​មេធាវី​របស់​លោក​ ហ៊ុន សែន​ ថ្លែង​ថា​ លោក​មិន​ទាន់​អាច​អត្ថាធិប្បាយ​ករណី​ប្តឹង​ផ្ដល់​រឿង​នេះ​នៅ​ឡើយ​ទេ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​កាល​ពី​ថ្ងៃ​ទី ១៣​ មីនា ​នោះដែរ​ ការិយាល័យ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ពាក់​ព័ន្ធ​នឹង​ករណី​ប្រមាថ​ជីវិត​លោក ហ៊ុន សែន ​ដោយ​ថ្លែង​ថា​វា​ជា​អំពើ​ប្រឆាំង​នឹង​ច្បាប់។

សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​​ថា៖ ​«រាជ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ជា​ដាច់​ខាត​នូវ​អំពើ​ឬ​សកម្មភាព​ដូច​គោរព​ជម្រាប​ខាង​លើ​ ត្បិត​អំពើ​ទាំង​នេះ​ជា​សកម្មភាព​មួយ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​ និង​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​អំពើ​ទាំង​នេះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សិទ្ធិ​នយោបាយ​ឬ​សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​នោះ​ឡើយ»។

ជាមួយគ្នានេះលោក​ ផៃ ស៊ី​​ផាន ​អ្នក​នាំពាក្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បានបន្ថែម​ថា ​រដ្ឋា​ភិបាល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមាថ​អាយុ​ជីវិត​នាយក​រដ្ឋ​មន្ត្រី​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ទេ។ លោក​បាន​បញ្ជាក់ថា​ ជាទូទៅ​អំពើ​ទាំង​នេះ​កើត​ចេញ​ពី​ក្រុម​ឧទ្ទាម ​ដែល​មាន​បណ្ដាញ​ចាត់​តាំង​ជា​ប្រព័ន្ធ៕

អត្ថបទគួរចាប់អារម្មណ៍