ភ្នំពេញៈ មេឃុំ​ជាប់​ឆ្នោត​មកពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ម្នាក់​កាលពី​ម្សិលមិញ​បាន​សម្ដែង​ក្ដីសង្ឃឹម​ថា គណបក្ស​លោក​អាច​មាន​ការគាំទ្រ​ច្រើន​ជាង​មុន​បន្ទាប់ពី​មាន​ការ​ដោះលែង​លោក ញឹក ប៊ុនឆៃ ប៉ុន្តែ​មន្ត្រី​បក្ស​ផ្សេង​យល់​ខុស​ពី​នោះ​ខណៈ​ឃើញ​ពេលវេលា​ខ្លី​សម្រាប់​ស្ដារ​ប្រជាប្រិយ​។

លោក​ ដា ឈាន មេឃុំ​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ថា​៖ «​យើង​នឹង​អាច​រក​សំឡេង​ឆ្នោត​បាន​ច្រើន ដោយសារ​គាត់​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​អ្វី​ និង​ទី​ ២ គឺ​ការតស៊ូ​របស់​គាត់​ និង​មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ​ហើយ​គាត់​បាន​លះបង់​អ្វី​គ្រប់​បែបយ៉ាង​ដើម្បី​ពលរដ្ឋ​នៅ​ប៉ែកពាយ័ព្យ​។ ​យើង​អាច​ទទួល​បាន​សំឡេង​ច្រើន​លើស​មុន ហើយ​តាម​ការ​ស្ទាបស្ទង់​យើង​អាច​បាន​ពី​ ១ ​ទៅ​ ២ ​អាសនៈ​ដោយសារ​ការ​រលាយ​គណបក្ស​មួយ​ [​សង្គ្រោះជាតិ​] ​ដូច្នេះ​គណបក្ស​ខែ្មរ​រួបរួម​ជាតិ​នឹង​កើន​ប្រជាប្រិយភាព​លើស​មុន​»​។

ក្រៅពី​នោះ​លោក ឈាន បាន​អះអាង​ថា​៖ «​អ្នក​ដែល​បាន​ទៅ​ហ៊្វុនស៊ិនប៉ិច​គេ​ត្រឡប់​មក​វិញ​ពេល​ឃើញ​មាន​វត្តមាន​ឯកឧត្តម​​ ញឹក ប៊ុនឆៃ ពួកគាត់​ក៏​មក​វិញ​។

បងប្អូន​សប្បាយ​ចិត្ត​យ៉ាង​ក្រៃលែង​ដោយសារ​ពួកយើង​អាណិត​​គាត់​ខ្លាំង​។ ​ម្នាក់ៗ​គឺ​អរ មាន​ខ្លះ​លោត​ និង​ហ៊ោកញ្ជ្រៀវ​...​ហើយ​បងប្អូន​ចង់​ទៅ​លេង​នឹង​គាត់ តែ​យើង​មិន​ទាន់​ទទួល​សញ្ញា​ឲ្យ​ទៅ​សួរសុខទុក្ខ​ពី​គាត់​នៅ​ឡើយ​។ ​ឥឡូវ​​យើង​កំពុង​រង់ចាំ​មើល​ថា​គាត់​អនុញ្ញាត​ឲ្យ​ចូល​ទៅ​លេង​ថ្ងៃ​ណា​»​។

លោក​បាន​បន្ត​ថា​៖ «​ពួកយើង​ខ្ញុំ​កំពុង​រង់ចាំ​គាត់​មក​ដឹកនាំ​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បន្ត​​ទៅ​ទៀត​។ ​ការចាប់​ខ្លូន​ធ្វើឲ្យ​ប៉ះពាល់​អារម្មណ៍​សមាជិក​។ ​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​សាជាថ្មី​»​។

បើ​តាម​លោក ឈាន​ «​រឿង​នេះ​គឺជា​រឿង​នយោបាយ​ហើយ​យើង​ក៏​បារម្ភ​ពី​សុខភាព​របស់​គាត់​ដែរ​។ យើង​នៅ​តែ​ស្រឡាញ់​គោរព​គាត់​ និង​ដើរ​តាម​គាត់​...» ។

យ៉ាងណា​ក្ដី​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា​៖ «​ការចោទ​ប្រកាន់​រឿង​នយោបាយ​គឺជា​ការយល់​ឃើញ​របស់​គាត់​»​។ ប៉ុន្តែ​លោក​ថា​រឿង​នេះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​​ការនាំ​វត្ថុធាតុដើម​មក​ផលិត​គ្រឿងញៀន ហើយ​កន្លង​ទៅ​សមត្ថកិច្ច​បាន​ចាប់​ទីប្រឹក្សា​គាត់​។

លោក​បាន​បន្ថែម​ថា​៖ «​គេ​មិន​ឲ្យ​គាត់​ទៅ​ណា ពេលណា​តុលាការ​គេ​មាន​តម្រុយ​ណា​មួយ គេ​អាច​អញ្ជើញ​គាត់​ទៅ​សួរ​។ ​គាត់​មិន​ទាន់​មាន​ការចោទប្រកាន់​ និង​មាន​ទោស​ទេ ហើយ​មិន​ទាន់​ទៅ​ជា​ទណ្ឌិត​ទេ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​មិន​បារម្ភ​ទេ​។ ​យើង​ខំ​របស់​យើង គណបក្ស​ផ្សេង​គាត់​ខំ​របស់​គាត់​ទៅ​បញ្ហា​សំខាន់ វា​អាស្រ័យ​ទៅ​លើ​ប្រជាជន​ថា តើ​គណបក្ស​ដែល​ប្រកួត​ប្រជែង​មាន​គណបក្ស​ណា​មួយ​ដែល​មាន​លំដាប់​ខ្ពស់​ហើយ​គាត់​ប្រគល់​ការទុក​ចិត្ត​គណបក្ស​នោះ​ហើយ​មិន​ចាំបាច់​ភ័យ​ទេ​»​។

លោក សិង្ហ គិរី ប្រធាន​គណបក្ស​ខ្មែរ​រួមរួប​ជាតិ​ក្រោយ​អវត្តមាន​លោក ញឹក ប៊ុនឆៃ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា​៖ «​លោក ញឹក ប៊ុនឆៃ ​នឹង​វិលត្រឡប់​ទៅ​ធ្វើ​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួមរួប​ជាតិ​វិញ​។ នេះ​គ្រាន់​តែ​ជា​ការ​គ្រោង​ទុក​ទេ​។ តែ​ដោយសារ​សុខភាព​គាត់ យើង​មិន​ទាន់​កំណត់​ថ្ងៃ​ណា​គាត់​ចូល​ធ្វើ​ប្រធាន​ទេ​។ គាត់​ត្រូវការ​ព្យាបាល​សុខភាព​សិន និង​សម្រាក​អារម្មណ៍​គាត់​ឲ្យ​ល្អ​សិន​ហើយ​​ការរៀបចំ​សមាជ​ និង​សេចក្តី​សម្រេច​​ដើម្បី​ឲ្យ​គាត់​ធ្វើ​ជា​ប្រធាន​វិញ​នោះ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ទេ​»​។

លោក​បាន​បន្ត​ថា​៖ «​វា​អាស្រ័យ​​ទៅលើ​សុខភាព​គាត់​សិន​។ ប្រសិន​បើ​គាត់​អាច​ទទួល​យក​បាន គាត់​នឹង​ទទួល តែ​ប្រសិន​បើ​សុខភាព​គាត់​មិន​អាច​ទទួល​​យក​បាន​ទេ​។ គាត់​នៅ​ជា​ថ្នាក់ដឹកនាំ​មួយ​នៅ​ក្នុង​បក្ស​ដែរ សមាជិក​ចង់​ឲ្យ​គាត់​ធ្វើ​ជា​ប្រធាន​»​។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី​បាន​ថ្លែង​ថា ការដោះលែង​លោក ប៊ុនឆៃ អាច​​មកពី​សុខភាព​គាត់ តែ​មិន​កាត់បន្ថយ​សម្ពាធ​ទៅ​លើ​លោក​ទេ ប៉ុន្តែ​វា​ជួយ​ផ្លាស់ប្តូរ​ការស្តីបន្ទោស​ពីព្រោះ​ប្រសិន​បើ​គាត់​ពិតជា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ រដ្ឋាភិបាល​ឥឡូវ​នេះ​អាច​ធ្វើ​ទឡ្ហីករណ៍​ថា ពួកគេ​មិនមែន​ជា​អ្នក​ត្រូវ​បន្ទោស ប្រសិន​បើ​ស្ថានភាព​របស់​គាត់​កាន់តែ​អាក្រក់​ទៅ​»​។

លោក Robertson បាន​រិះគន់​ចំពោះ​ការបន្ត​ឃុំ​ខ្លួន​លោក ញឹក ប៊ុនឆៃ​។ លោក​ថា​៖ «​កម្ពុជា​បាន​បំពាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទៅ​លើ​ការឃុំ​ខ្លួន​មុន​ការ​ជំនុំជម្រះ​សម្រាប់​គោលបំណង​នយោបាយ ហើយ​ករណី​លោក ញឹក ប៊ុនឆៃ គឺជា​ឧទាហរណ៍​ច្បាស់​មួយ​»​។

លោក ញ៉េប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ថា​លោក​នៅ​តែ​បារម្ភ​អំពី​ការប្រកួតប្រជែង​ខ្លាំង​ឡើង​។

លោក​ថា​៖ «​ដោយសារ​គាត់​មាន​បញ្ហា​មាន​សមាជិក​ជាច្រើន​នៅ​តាម​ខេត្ត​មួយ​ចំនួន​បាន​មក​ចូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​»​។ «​ខ្ញុំ​ជឿជាក់​មុតមាំ​ថា ពួកគេ​នៅ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខ្ញុំ​ជឿជាក់​មុតមាំ​ថា ពួកគេ​នឹង​មិន​ទៅ​វិញ​ទេ​»​។

លោក​បាន​អះអាង​ថា មន្ត្រី​ជាន់​ខ្ពស់​ជាង​ ១០០ ​នាក់​បាន​រត់​ចេញ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទៅ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​មួយ​ផ្នែក​ធំ​ជា​សមាជិក​សកម្ម​។

លោក​បាន​ថ្លែង​បន្ត​ថា​លោក ប៊ុនឆៃ មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ប្រមូល​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​ទេ​។ «​និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​បាន​ធ្វើ​ការងារ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ​... ប៉ុន្តែ​ឥឡូវ​នេះ​គាត់​នៅ​សល់​តែ​ ២ ​ខែ​ទៀត​។ តើ​គាត់​អាច​ធ្វើអ្វី​បាន​? រៀបចំ​រចនាសម្ព័ន្ធ​បក្ស​ទាំង​មូល​ឡើង​វិញ​? »​។

ប៉ុន្តែ​លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​ថ្លែង​ថា​ការ​ដោះលែង​លោក ញឹក ប៊ុនឆៃ គឺ​ដើម្បី​ជួយ​ធ្វើឲ្យ​មាន​ភាពស្របច្បាប់​ចំពោះ​ការបោះឆ្នោត​។

លោកស្រី​បាន​ថ្លែង​តាម​សារថា​៖ «​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ជា​តុលាការ​កង់ហ្គារូ»​។ «​គាត់​នឹង​ត្រូវ​បង្ខំ​ឲ្យ​ប្រកួត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​និយាយ​ថា​មាន​ការ​ប្រកួតប្រជែង​ និង​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​»៕ PS