ឧត្តរមានជ័យ/ព្រះវិហារ: ក្រសួង​​បរិស្ថាន​បាន​បង្ហាញ​ការសោកស្តាយ​ចំពោះ​សត្វ​ទន្សោង​ឈ្មោល​ ១ ​ក្បាល​ដែល​បាន​ងាប់ ដោយសារ​របួសធ្ងន់​ពី​ការជាប់​អន្ទាក់​ព្រានព្រៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ខេត្ត​ឧត្តរមានជ័យ​កាលថ្ងៃ​ទី​ ២៤ ឧសភា ខណៈ​សត្វ​ខ្ទីង​ ១ ​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ងាប់​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះរកា​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សត្វ​ទន្សោង​ដែល​ជាប់​អន្ទាក់​ព្រានព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ត្រូវ​បាន​ជួយសង្គ្រោះ​បឋម​មុនពេល​ងាប់​។

ខ្មោចសត្វ​ទន្សោង​នេះ​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍​ព្រៃសង្ឃរុក្ខវ័ន​ដឹកនាំ​ដោយ​ព្រះអង្គ​ ប៊ុន សាលួត ​យក​មក​បញ្ចុះ​ (​កប់​) ​នៅ​ទីតាំង​ជិត​ស្នាក់ការ​កណ្តាល​របស់​ព្រះអង្គ​នៅ​ថ្ងៃទី​ ២៥ ខែ​ឧសភា​។

លោក​បញ្ជាក់ថា​៖ «​សត្វ​ទន្សោង​ ១ ​ក្បាល​នេះ​ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំងណាស់​។ ក្រសួង​បរិស្ថាន​មាន​ការសោកស្តាយ​ដែល​បាត់បង់​ប្រភេទ​សត្វ​កម្រ​នេះ​ដោយសារ​តែ​ស្នាដៃ​ក្រុម​ព្រានព្រៃ​គ្មាន​ក្តីមេត្តា​ដាក់​អន្ទាក់ ហើយ​យើង​ឃើញ​នៅលើ​មុខ​របស់​វា​មាន​ស្នាម​ហូរ​ទឹកភ្នែក ប្រហែល​ឈឺ​ត្រង់​ស្នាមរបួស​ជាប់អន្ទាក់​ព្រានព្រៃ​។ ដូច្នេះ​សុខភាព​ចុះខ្សោយ​ខ្លាំង អត់​ចំណី​ជាច្រើន​ថ្ងៃ​មកហើយ​»​។

លោក​បន្ថែមថា​កាលពី​ឆ្នាំមុន មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​អង្គការ​​ដៃគូ​បាន​ដោះ​អន្ទាក់​ប្រមាណ​ ២ ​ម៉ឺន​ពី​តំបន់​ការពារ​ធម្មជាតិ​ទាំង​ ៦០ ​កន្លែង​​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ពី​ក្រសួង​បរិស្ថាន​។ ​រីឯ​កាលពី​ចុងខែ​មេសា​​ឆ្នាំនេះ សត្វ​ទន្សោង​ ១ ​ហ្វូង​មាន​ចំនួន​ ៧ ​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ដែនជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ខេត្ត​មណ្ឌលគិរី​។

ព្រះអង្គ ប៊ុន សាលួត ប្រធាន​សហគមន៍​ព្រៃ​សង្ឃរុក្ខវ័ន​មាន​សង្ឃដីកា​​ពី​ម្សិលមិញ​ថា ព្រះអង្គ​ផ្ទាល់ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ឧទ្យានុរក្ស​ធ្លាប់​បាន​ចុះ​អប់រំ​ដល់​ពលរដ្ឋ​ពី​ការចូលរួម​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​សត្វព្រៃ ប៉ុន្តែ​ការចូលរួម​នៅ​មាន​កម្រិត ដោយ​នៅ​តែ​មាន​អ្នក​បន្ត​លួច​បរបាញ់​សត្វព្រៃ​។

ព្រះអង្គ​បន្តថា ជនខិលខូច​មួយ​ចំនួន​នៅ​តែ​បន្ត​លួច​ចូល​កាប់​ឈើ លួច​ដុត​ព្រៃ និង​លួច​បរបាញ់​សត្វ ដាក់​អន្ទាក់​។ ទង្វើ​ទាំងនេះ​គឺជា​ការគំរាមកំហែង​ដល់​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ប៉ះពាល់​ខ្លាំង​ដល់​និរន្តរភាព​នៃ​ជីវចម្រុះ​នៅ​កម្ពុជា​។

ព្រះអង្គ​បាន​បញ្ជាក់​ថា​៖ «​អាត្មា​សូម​អំពាវនាវ​ឲ្យ​ញាតិ​ញោម​ចូលរួម​ការពារ​​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ ព្រោះ​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ក៏ដូចជា តំបន់​ការពារ​ធម្មជាតិ​ផ្សេងទៀត​បាន​ផ្តល់​អនុផល​ព្រៃឈើ​ជាច្រើន​ដល់​ពលរដ្ឋ​ដូចជា រក​ជ័រ​ឈើ វល្លិ ផ្សិត បន្លែ និង​ផ្លែឈើ​ជាដើម ដើម្បី​លក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ពិសេស​សត្វព្រៃ​កម្រៗ​កុំ​សម្លាប់​វា យើង​ត្រូវ​ថែរក្សា​វា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​»​។

ករណី​ស្រដៀង​គ្នា​នេះ ក្រុម​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​ប្រទះឃើញ​ក្បាល​សត្វ​ខ្ទីង​ ១ ​ក្បាល​ដែល​មាន​អាយុប្រមាណ​ ៥ ​ឆ្នាំ​ត្រូវ​បាន​គេ​សម្លាប់ ហើយ​កាត់​ក្បាល​ចោល​នៅ​ដែនជម្រក​សត្វព្រៃ​ព្រះរកា​ក្នុង​ភូមិ​របុញ ឃុំ​មរកត ស្រុក​ជាំក្សាន្ត​ក្នុង​អំឡុង​ពេល​ចុះ​ល្បាត​ពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី​ ២៣ ឧសភា​។

លោក ប៊ុន សឿង នាយក​ដែន​ជម្រក​ព្រៃ​ព្រះរការ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។ សត្វ​ខ្ទីង​ ១ ​ក្បាល​នេះ​ត្រូវបាន​គេ​សម្លាប់​ជា​ប្រហែល​ ៤ ​ឬ​ ៥ ថ្ងៃ​មុន​ដោយ​ជនល្មើស​បាន​ពន្លះ​យក​សាច់ ហើយ​កាត់​ក្បាល​ទុក​បោះចោល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ជនល្មើស​មក​ធ្វើ​សកម្មភាព​ពេល​យប់​ស្ងាត់ ព្រោះ​ពេល​ថ្ងៃ​យើង​ចុះ​ល្បាត​ជាប្រចាំ​ហើយ​ចំពោះ​ករណីនេះ​ជា​លើក​ទី​ ១ ​សម្រាប់​ដែនជម្រក​សត្វព្រៃ​ព្រះរកា​កន្លង​មក​មិន​ដែល​មាន​ករណីនេះ​»​។

បើ​តាម​លោក នេត្រ ភក្ត្រា គិតពី​ដើម​ឆ្នាំ​ ២០២០ មកទល់​ថ្ងៃទី​ ២៤ ​ឧសភា មាន​សត្វ​ទន្សោង​ ៤ ​ក្បាល​ត្រូវ​បាន​គេ​រកឃើញ​ងាប់ ខណៈ​ ១ ​ក្បាល​ នៅ​ខេត្ត​កំពង់ស្ពឺ​ងាប់​ដោយសារ​ជាប់អន្ទាក់ និង​សត្វ​ទន្សោង​ ២ ​ក្បាល​ទៀត​ត្រូវ​បាន​គេ​បាញ់សម្លាប់​នៅ​ខេត្តមណ្ឌលគិរី ហើយ​ចុង​ក្រោយ​នេះ​សត្វ​ទន្សោង​ ១ ​ក្បាល​ បាន​ងាប់​ដោយសារ​ជាប់អន្ទាក់​ក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ខេត្ត​ឧត្តរមានជ័យ​៕