មណ្ឌលគិរីៈ មន្ត្រី​ទីចាត់ការ​ផែនការ​ ​និង​វិនិយោគ​ខេត្តមណ្ឌលគិរី បង្ហាញ​ពី​មូលហេតុ​នៃ​ការយឺតយ៉ាវ​ក្នុង​ការចុះបញ្ជី​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បង្កើត​ក្រុមការងារ​ថ្មី​ចុះ​សិក្សា​ស្រាវជ្រាវ ពិនិត្យ​ការចុះបញ្ជី​ដី​សមូហភាព​នៅក្នុង​ខេត្ត​នេះ​។

លោក កុយ រតនា នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្តមណ្ឌលគិរី​ថ្លែងថា ចាប់តាំងពី​ឆ្នាំ​ ២០០៨ រហូត​​មកទល់​ឆ្នាំ​ ២០២១ ​នេះ ខេត្ត​មណ្ឌលគិរី​បាន​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​រួចរាល់​ចំនួន​ ៧ ​សហគមន៍ ក្នុងចំណោម​សហគមន៍​ទាំងអស់​ចំនួន​ ៣៥​។ ការចុះបញ្ជី​ដី​នេះ​មាន​ការយឺតយ៉ាវ​ ដោយសារ​មាន​មូលហេតុ​មួយចំនួន​ដូចជា បញ្ហា​ពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​បាន​លក់-ទិញ ដោយ​ចាញ់បោក​ការញុះញង់​ជន​អគតិ​មួយ​ចំនួន និង​បញ្ហា​កាប់​រានទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​។

បើតាម​លោក រតនា ការចុះបញ្ជី​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​មាន​ ៣ ​ដំណាក់កាល ទី​១- ​គឺ​ដំណាក់កាល​ស្វ័យ​អត្តសញ្ញាណ ទី​២- ​ការទទួល​ស្គាល់​សហគមន៍​ដែល​ត្រូវ​ចុះបញ្ជី​ជា​នីតិបុគ្គល​ដែល​អាជ្ញាធរខេត្ត​ត្រូវ​រៀបចំ​ឱ្យមាន​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​បង្កើត​ឱ្យ​មាន​គណៈកម្មការ​គ្រប់គ្រង និង​ទី​៣- ​គឺ​ការដាក់​ស្នើសុំ​ការគ្រប់គ្រង​ដី​ជា​សមូហភាព​ទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ និង​ស៊ិយោដី​ខេត្ត​ ដើម្បី​ចេញ​បណ្ណ​។

លោក​ថ្លែងថា​៖ «​ក្នុងដំណាក់កាល​ទី​១ និង​ទី​២ យើង​អត់​សូវ​ជួប​បញ្ហា​អី​ទេ តែ​យើង​ជួប​បញ្ហា​ច្រើន​នៅ​ដំណាក់កាល​ដែល​យើង​ត្រូវឱ្យ​គាត់​បាន​ចុះបញ្ជី​ដី​ប្រើប្រាស់​ជា​សមូហភាព ព្រោះ​ពេល​ខ្លះ​យើង​មិនទាន់​បាន​ចុះដី​សមូហភាព​ផង ក៏មាន​ការលក់ដូរ​អី​ខ្លះ​ហូរហែ អ៊ីចឹងទៅ​ដោយ​មាន​ការញុះញង់​ពី​អ្នក​ខាងក្រៅ អ្នក​ខាងក្នុង​ផង ធ្វើឱ្យមាន​បញ្ហា​ច្រើន​ក្នុងដំណាក់កាល​មុន​បាន​ចុះបញ្ជី​ដី​សមូហភាព​ហ្នឹង​»​។

ដើម្បី​ពន្លឿន​ការចុះបញ្ជី​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី កាលពី​ថ្ងៃទី​ ១៨ ខែឧសភា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បង្កើត​ក្រុមការងារ​ថ្មី​ចុះ​សិក្សា​ស្រាវជ្រាវ​ដោយ​មាន​លោក ​ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជា​អនុប្រធាន​ប្រចាំការ​ និង​មាន​សមាជិក​ ១១ ​នាក់​​ផ្សេងទៀត​។

តាម​ការផ្សាយ​របស់​ក្រសួងមហាផ្ទៃ​លើ​ទំព័រ​ហ្វេសប៊ុក​ថ្ងៃទី​ ១៨ ខែឧសភា បានឱ្យដឹងថា ក្រុមការងារ​ថ្មី​នេះ​មាន​តួនាទី ភារកិច្ច​ចុះ​សិក្សា​ស្រាវជ្រាវ​ដី​សមូហភាព​សហគមន៍​ជនជាតិដើម​ភាគតិច ពិនិត្យ​វិសាលភាព​នៃ​ការសិក្សា​ស្រាវជ្រាវ​ស្វែងយល់​ស្ថានភាព​ការចុះបញ្ជី​ដី​សមូហភាព ដើម្បី​កំណត់​មុខសញ្ញា​​តំបន់​ភូមិសាស្ត្រ​ដែល​ត្រូវ​ចុះ​សិក្សា​ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​ប្រភេទ​ដី​សហគមន៍​នៃ​ការគ្រប់គ្រង​ដី​សមូហភាព​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​។

ហ្វេសប៊ុក​ក្រសួង​នេះ​សរសេរ​ថា​ «​ក្រុមការងារ​ត្រូវ​សិក្សា​ពី​បញ្ហា​ប្រឈម​នានា ធ្វើការ​ពិគ្រោះ​យោបល់​ទំនាក់ទំនង សម្របសម្រួល និង​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ​ដើម្បី​ប្រមូល​ព័ត៌មាន​ធ្វើ​​របាយការណ៍​នានា​តាម​ការចាំបាច់​ព្រមទាំង​ទទួល​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការប្រគល់​ជូន​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង​»​។

លោក គ្រើង តុលា អ្នក​ប្រឹក្សា​យោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​កត់សម្គាល់ថា កន្លងមក​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី​ត្រូវបាន​អ្នកមានអំណាច​មាន​លុយ​ទន្ទ្រាន​យក និង​លួច​ធ្វើ​ប្លង់រឹង​។ ​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​​បាន​យកចិត្ត​ទុកដាក់​ការពារ​ដី​សមូហភាព​ជាតិ​ដើម​ភាគតិច​ទាំង​នោះទេ​។

លោក​ថ្លែងថា​៖ «​កន្លងមក​យើង​ឃើញថា អ្នកខ្លះ​ធ្វើ​ប្លង់រឹង​នៅក្នុង​ព្រៃ ខ្លះ​ធ្វើ​ប្លង់រឹង​លើដី​ប្រជាពលរដ្ឋ​ហូរហែ​ឡើង​ពេញ​ទឹក​ពេញ​ដី ហើយ​ខ្លះទៀត​កាប់​រាន​ដី​ពេញ​ហ្នឹង​»​។

លោក គ្រើង តុលា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ក្រសួងមហាផ្ទៃ​ដែល​បាន​បង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ពិនិត្យ​ដី​សមូហភាព​ក្នុង​ខេត្តមណ្ឌលគិរី​។ ​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​ជា​រឿង​ល្អ​ប្រសិនបើ​ធ្វើទៅ​តាម​គោលការណ៍​ និង​ផែនការ ខ្លាច​តែ​គេ​ហៅថា ភ្លើងចំបើង​យុទ្ធនាការ​មួយ​ធ្វើ​តែមួយ​ឆាវៗ​ហើយក៏​ស្ងាត់​ទៅវិញ​»៕