ភ្នំពេញៈ មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​របាយការណ៍​ពី​គណៈកម្មការ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​ទៅលើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ស្ដីពី​កម្ពុជា​ដែល​សហភាព​អឺរ៉ុប​នឹង​ធ្វើការ​សម្រេច​ចិត្ត​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២០ ថា​តើ​ត្រូវ​ព្យួរ​ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា​។

លោក កុយ​ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទទួល​របាយការណ៍​នោះ​ហើយ​កាលពី​ម្សិលមិញ​ (​ថ្ងៃទី​ ១២ វិច្ឆិកា​) ​ហើយ​នឹង​ធ្វើការ​សិក្សា​ទៅលើ​របាយការណ៍​នោះ​»​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ ១២​ ​វិច្ឆិកា​បាន​ឲ្យ​ដឹងថា គណៈកម្ម​ការស្វែងរក​ការពិត​របស់​អឺរ៉ុប​បាន​បញ្ចប់​របាយការណ៍​របស់ខ្លួន ហើយ​បាន​បញ្ជូន​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ និង​ឆ្លើយតប​។ ការឆ្លើយតប​នេះ គឺ​មាន​រយៈពេល​ ១ ​ខែ​បន្ទាប់មក​សហភាព​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សម្រេច​ជា​ផ្លូវការ​របស់​ខ្លួន​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២០​។

ដោយឡែក​លោកស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter របស់​លោកស្រី​កាលពី​ថ្ងៃ​អង្គារ​ថា សហភាព​អឺរ៉ុប​មាន​ការព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​សិទ្ធិមនុស្ស​។

លោកស្រី Cecilia Malmstrom ថា​៖ «​យើង​បានបញ្ចប់​របាយការណ៍​បឋម​របស់​យើង​ស្តីពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​លើ​កម្ពុជា​។ យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ​កម្ពុជា​មាន​រយៈពេល​ ១ ​ខែ​ដើម្បី​ធ្វើការ​ឆ្លើយតប ហើយ​យើង​នឹងធ្វើ​ការសម្រេចចិត្ត​របស់​យើង​​ជា​ចុងក្រោយ​នៅក្នុង​ខែកុម្ភៈ ឆ្នាំក្រោយ​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា​ថា រាជរដ្ឋាភិបាល​បាន​បន្ត និង​កំពុង​បន្ត​ជជែក​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ភាពជា​ដៃគូ​ដោយ​មិន​មាន​ការដាក់​សម្ពាធ​លើ​គ្នា​​ទៅវិញ​ទៅមក​នោះទេ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើការ​ពន្យល់​សហភាព​អឺរ៉ុប​ពី​ស្ថានភាព​ជាក់ស្តែង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការធ្វើ​កំណែទម្រង់​ផ្សេងៗ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប​ហើយ​សហភាព​អឺរ៉ុប​មិនមែន​ជា​ចៅហ្វាយ ឬ​អាណានិគម​មក​លើ​កម្ពុជា​នោះទេ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹង​បង្ហាញ​ទៅ​សហភាព​អឺរ៉ុប​ថា កម្ពុជា​ចង់​រក្សា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​បាន​បន្ធូរបន្ថយ​​លក្ខខណ្ឌ​លើ​លោក កឹម សុខា ដោយ​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ដើរហើរ​ក្នុងប្រទេស​បាន តែ​ស្ថិតនៅ​ក្រោម​លក្ខខណ្ឌ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ និង​ចេញ​ក្រៅពី​ទឹកដី​កម្ពុជា​។

នៅក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោកស្រី Carmen Moreno ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន កាលពី​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា នោះ​លោកស្រី​បាន​បង្ហាញ​ក្ដីសង្ឃឹម​ថា កម្ពុជា​នឹង​អាច​រក្សាបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប ។

ទោះយ៉ាងណា​ក៏ដោយ​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​មន្ត្រីជាន់ខ្ពស់​នៅក្នុង​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ថា​៖ «​សម្តេចតេជោ ហ៊ុន សែន នឹង​រក្សាបាន​ប្រព័ន្ធ​អនុគ្រោះ EBA សម្រាប់​ជា​ផលប្រយោជន៍​ប្រជាជន​កម្ពុជា ពីព្រោះ​សម្តេច​មាន​ភាពចាស់ទុំ​ក្នុង​ការធ្វើ​ការងារ​ទាំង​កម្រិត​ការទូត នយោបាយ និង​បច្ចេកទេស​ជាមួយ EU និង​បណ្តា​ប្រទេស​ជា​សមាជិក​។ នៅក្នុង​ការពិត​នៃ​នយោបាយ បរទេស​នឹង​បន្ត​ជ្រើស​យក​សម្តេចតេជោ ហ៊ុន សែន ដែល​ជា​រដ្ឋបុរស​ខ្លាំង​ធ្វើ​ជា​ដៃគូ​បន្តទៀត ដើម្បី​រក្សា និង​ពង្រឹង​ផលប្រយោជន៍​ទូលំទូលាយ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​។ បរទេស​មិន​នៅ​ត្រាំត្រែង​ជាមួយ​អ្នកខ្សោយ នាំ​ខាត​ពេលវេលា​នោះឡើយ​»​។

សេចក្ដី​ថ្លែងការណ៍​ដដែល​របស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹងថា​៖ «​សហភាព​អឺរ៉ុប​នៅតែ​តាំងចិត្ត​ដើម្បី​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​បង្ហាញ​នូវ​បញ្ហា​ដែល​ព្រួយបារម្ភ​»​។

លោក គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ដល់​លោក កឹម សុខា បាន​បង្ហាញ​ដល់​ការកែប្រែ​​ដំណើរ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថា​៖ «​វា​នឹង​មាន​ការវិវត្ត​វិជ្ជមាន​ផ្សេងៗ​បន្តទៀត តែ​យើង​មិន​ដឹង​ច្បាស់​ថា វា​អាច​នឹង​ជះឥទ្ធិពល​វិជ្ជមាន​កម្រិតណា​ដល់ EBA នោះទេ​»៕