ភ្នំពេញៈ អ្នក​នាំពាក្យ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​កម្លាំង​សន្តិសុខ​ ៨០០០០ ​នាក់​ដែល​គ្រោង​ដាក់​ពង្រាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ខែ​កក្កដា​នោះ​មិន​សំដៅ​លើ​តាម​ការិយាល័យ​បោះឆ្នោត​ទេ ជា​អ្វី​ដែល​ទំនង​ជា​ចង់​ជម្រះ​មន្ទិល​ដែល​ថា​រូបភាព​នេះ​បាន​ធ្វើឲ្យ​មាន​​ការភ័យខ្លាច​ដល់​អ្នក​បោះឆ្នោត​។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​លោក ច័ន្ទថារិទ្ធ បាន​លើក​ឡើង​ថា កម្លាំង​ទាំង​នេះ​នឹង​មិន​មាន​វត្តមាន​នៅ​ការិយាល័យ​បោះឆ្នោត​ទេ ប៉ុន្តែ​នឹង​ «​ប្រចាំការ​» ​នៅ​ក្នុង​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ និង​សាលាខេត្ត ជា​កម្លាំង​បម្រុង​ក្រែងលោ​នគរបាល​រវល់​ការងារ​ផ្សេង​។

លោក​បាន​ថ្លែង​ថា​៖ «​មេឃុំ​ចៅ​សង្កាត់ នគរបាល​ស្រុក​ខណ្ឌ និង​ខេត្ត​ទាំងអស់​ទៅ​ក្រៅ​។ ដូច្នេះ​ប្រសិន​បើ​មាន​អ្វី​មួយ​កើតឡើង​ដែល​ត្រូវការ​អន្តរាគមន៍ គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​​ការងារ​នោះ​បាន​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​សុំ​ឲ្យ​ពួកគេ​ប្រចាំការ​នៅ​ទី​នោះ​»​។

លោក ច័ន្ទថារិទ្ធ បាន​ថ្លែង​ថា​កម្លាំង​សន្តិសុខ​ទាំង​នោះ​នឹង​ត្រូវ​បណ្តុះបណ្តាល​ «​ឲ្យ​យល់​អំពី​ច្បាប់ បទប្បញ្ញត្តិ និង​នីតិវិធី​» ប៉ុន្តែ​មិន​បាន​បរិយាយ​លម្អិត​អំពី​ការបណ្តុះ​បណ្តាល​នេះ​។ មេដឹកនាំ​កម្លាំង​សន្តិសុខ​ «​មូលដ្ឋាន​» ​មួយ​ចំនួន​បាន​ទទួល​ការបណ្តុះ​បណ្តាល​រយៈពេល​ ៣ ​ថ្ងៃ​កាលពី​សប្តាហ៍​មុន ហើយ​ពួកគេ​នឹង​ត្រូវ​ផ្តល់​ព័ត៌មាន​ដែល​បាន​បណ្តុះបណ្តាល​នេះ​បន្ត​ទៅ​កម្លាំង​ប្រដាប់​អាវុធ​ដទៃៗ​ទៀត​។

កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ចំនួន​សន្តិសុខ ៨០ ០០០ ​នាក់​ដោយ​ថា កម្លាំង​សន្តិសុខ​នឹង​រួម​បញ្ចូល​ «​ពលរដ្ឋ​» ​ចំនួន ២០ ០០០ ​នាក់ ខណៈ​មាន​ក្តីបារម្ភ​ក្នុង​ចំណោម​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ និង​អ្នក​សង្កេតការណ៍​បោះឆ្នោត​។

ដោយ​ទំនង​ជា​ចង់​ឆ្លើយតប​នឹង​ក្ដីបារម្ភ​នេះ​លោក ច័ន្ទថារិទ្ធ ក៏​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន Fresh News កាលពី​ថ្ងៃ​​សុក្រ​ដែរ​ថា​ «​មិន​មាន​ការ​គំរាម​កំហែង​» ​ទេ​។

ខណៈ​សន្តិសុខ​ជាធម្មតា​ត្រូវ​បាន​ជ្រើសរើស​ដោយ​មន្ត្រី​មូលដ្ឋាន​ដែល​ឥឡូវ​នេះ​ស្ទើរ​ទាំងអស់​នៃ​ពួកគេ​ត្រូវ​បាន​ចោទ​ថា​ជា​សមាជិក​គណបក្ស​កាន់​អំណាច​ បន្ទាប់ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក ច័ន្ទថារិទ្ធ បាន​ថ្លែង​ថា ពួកគេ​មិនមែន​ជា​ «​កម្លាំង​គណបក្ស​នយោបាយ​» ​ទេ​។

ទន្ទឹម​នឹង​នេះ​កាលពី​ថ្ងៃ​សុក្រ​លោក​ក៏​បាន​ច្រានចោល​ចំពោះ​ការភ័យខ្លាច​ដែល​ថា​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់ពង្រាយ​កម្លាំង​សន្តិសុខ​ចំនួន​ ៨០ ០០០ ​នាក់​ក្នុង​អំឡុង​ការបោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​គឺជា​អំពើ​បំភិតបំភ័យ​ដោយ​លោក​ថា​កងទ័ព​នឹង​មិន​មាន​វត្តមាន​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នោះ​ទេ ហើយ​នឹង​គោរព​សិទ្ធិ​អ្នក​បោះឆ្នោត​៕ PS