ត្បូងឃ្មុំ: មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប) ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​ពី​ម្សិលមិញ​បាន​បញ្ជូន​បន្លែ​ចំនួន ៦ ​មុខ​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​វិញ ក្រោយពី​ពិនិត្យ​ឃើញ​មាន​សារ​ធាតុគីមី​ក្នុង​បន្លែ​ដែល​នាំចេញ​ពី​វៀតណាម​នេះ ខណៈ​មន្ត្រី ក.ប.ប ខេត្ត​ស្វាយរៀង​បាន​រឹបអូស​ទំនិញ​មាន​សារធាតុគីមី​ជិត ១០០ ​គីឡូក្រាម​ពី​អាជីវករ​ក្នុង​ក្រុង​ស្វាយរៀង​។

លោក មាស មោរ៉ា ប្រធាន​សាខា ក.ប.ប ខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​បានធ្វើការ​ពិនិត្យ​លើ​ទំនិញ​ចំនួន ១៤ ​ប្រភេទ​ ដែល​នាំចូល​មកពី​វៀតណាម​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក​។ ក្នុងនោះ​មាន​ទំនិញ​ជា​ប្រភេទ​បន្លែ​ចំនួន ៦ ​មុខ​ដូចជា ខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស ស្ពៃបូកគោ ក្រូចឆ្មារ និង​ការ៉ុត​ (​មិនបាន​ថ្លឹង​គិត​ជា​គីឡូក្រាម​) ​ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ជា​សំណល់​ថ្នាំពុល​កសិកម្ម​ច្រើន ដោយ​ត្រូវ​ចាត់​វិធានការ​ភ្លាមៗ​តែម្ដង​។

លោក​បន្តថា មន្ត្រី​ជំនាញ​នៃ​សាខា ក.ប.ប ខេត្ត​បាន​ផ្តល់​វិធានការ​ឲ្យ​ការិយាល័យ​គយ និង​រដ្ឋាករ​ព្រំដែន​បញ្ជូន​បន្លែ​ដែលមាន​ផ្ទុក​សំណល់​ថ្នាំពុល​កសិកម្ម​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ហើយ​ក្នុងករណី​មាន​ការនាំចូល​ប្រភេទ​បន្លែ ៦ ​មុខ​ខាងលើ​លើក​ក្រោយ​ទៀត មន្ត្រី​ជំនាញ​ត្រូវតែ​ទាមទារ​ឲ្យ​អាជីវករ​ដែល​នាំចូល​នោះ បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់ថា គ្មាន​សំណល់​ថ្នាំពុល​កសិកម្ម​ពី​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ប្រទេស​នាំចេញ​។ បើ​មិន​មាន​លិខិតបញ្ជាក់​ពី​គុណភាព​ទេ ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​នាំចូល​នោះឡើយ​។

លោក មាស មោរ៉ា បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជីវករ​នាំចូល​បន្លែ​ផ្លែឈើ និង​ម្ហូបអាហារ​តាម​ច្រកទ្វារព្រំដែន​ពី​ប្រទេស​ជិតខាង​ចូល​កម្ពុជា​ទាំងអស់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន និង​យកចិត្ត​ទុកដាក់​ខ្ពស់​​ពោល​គឺ​ត្រូវ​នាំចូល​ចែកចាយ និង​លក់​តែ​​ទំនិញ​ជា​ផលិតផល​ម្ហូបអាហារ​ណា ដែលមាន​គុណភាព​ល្អ ជាពិសេស​ហាម​ដាច់ខាត​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​ហួស​កាលបរិច្ឆេទ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព អ្នកប្រើប្រាស់ នឹងត្រូវ​ទទួល​ទោស​តាមផ្លូវ​ច្បាប់​»​។

ដោយឡែក មន្ត្រី ក.ប.ប ខេត្ត​ស្វាយរៀង​ពី​ម្សិលមិញ​បាន​រឹបអូស​ទំនិញ​សាច់​ងៀត​បបែល​ចំនួន​ជាង ៣០ ​គីឡូក្រាម និង​ពពុះ​សណ្តែក​ចំនួន​ ៦៥ ​គីឡូក្រាម ដែល​មាន​សារធាតុ​គីមី​ (Borax) ​នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ដើម្បី​ដុត​បំផ្លាញចោល​នាពេល​ខាងមុខ​។

លោក​ ផឹង និល​ប្រធាន​សាខា ក.ប.ប ខេត្ត​ស្វាយរៀង​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ ក.ប.ប ខេត្ត​ស្វាយរៀង បាន​រកឃើញ​សារធាតុ​គីមី​ (Borax) ​ដាក់​នៅក្នុង​សាច់​ងៀត​បបែល​ចំនួន​ជាង ៣០ ​គីឡូក្រាម និង​ពពុះសណ្តែក​ចំនួន ៦៥ ​គីឡូក្រាម​នៅ​ផ្សារ​វាលយន្ត ហើយ​មន្ត្រី​បាន​ធ្វើការ​រឹបអូស​តែម្ដង​។

លោក​បន្តថា សកម្មភាព​ចុះ​ត្រួតពិនិត្យ​នៅ​ផ្សារ​វាល​យន្ត​នេះ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​គ្រឿង​ឧបភោគបរិភោគ​នៅតាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ និង​បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ Test Kits បឋម​លើ​ម្ហូបអាហារ​ចំនួន​ជាង ៤០ ​ប្រភេទ ដើម្បី​ស្វែងរក​សារធាតុគីមី​ហាមឃាត់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ក្នុងនោះ​មន្ត្រី​ជំនាញ​បាន​រកឃើញ​សារធាតុ​គីមី (Borax) ដាក់​ក្នុង​ងៀត​បបែល និង​ពពុះសណ្តែក ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យក​មក​រក្សាទុក ដើម្បី​ធ្វើការ​ដុត​កម្ទេចចោល​ពេល​ក្រោយ​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​បន្ត​ចុះ​ពិនិត្យ​មុខ​ទំនិញ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ដូច​ភ្លៀងរលឹម​អ៊ីចឹង ដើម្បី​ស្វែងរក​សារធាតុ​ដែល​ហាមឃាត់​ (​សារធាតុ​គីមី​) ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ និង​ស្នើឲ្យ​អាជីវករ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ផ្សេងៗ​គ្រប់​ប្រភេទ​នៅតាម​ទីផ្សារ​ក្នុង​ខេត្ត​ស្វាយរៀង​»៕