ឧត្តរមានជ័យៈ អយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យបដិសេធចំពោះការចោទប្រកាន់ពីសំណាក់ជនពិការ ១ គ្រួសារដែលបានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយស្នើឲ្យស៊ើបអង្កេតរឿងអយុត្តិធម៌របស់ពួកគេ និងចោទប្រកាន់ថា ស្ថាប័នតុលាការបានឃុបឃិតជាមួយមន្ត្រីយោធាផ្កាយ ២ ដែលជាដើមបណ្តឹង ដើម្បីបង្វែររឿងជម្លោះដីធ្លីទៅជារឿងបរិហារបង្កាច់កេរ្ដិ៍។
កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ គ្រួសារជនពិការជើងមួយចំហៀង ដែលជាអតីតយុទ្ធជន លោក ធឹម ឆន អាយុ ៥៤ ឆ្នាំ និងអ្នកស្រី ញ៉េប ពៅ អាយុ ៤៤ ឆ្នាំរស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់គ្រួសារលោក។ យោងតាមពាក្យបណ្ដឹងរបស់អ្នកទាំង ២ បានរៀបរាប់ថា អយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ និងលោក ទ្រី សុភ័ត ជាចៅក្រមដែលបានឃុបឃិតគ្នាជាមួយលោក ទេស សំអាត មន្ត្រីផ្កាយ ២ នៃក្រសួងការពារជាតិបានចាប់ឃុំខ្លួនពួកគាត់ទាំង ២ នាក់ប្ដីប្រពន្ធ ដាក់ពន្ធនាគារទាំងអយុត្តិធម៌។
២ នាក់ប្តីប្រពន្ធបានអះអាងក្នុងពាក្យបណ្តឹងថា៖ «ចាប់ឃុំខ្លួនកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩។ ខ្ញុំបាននៅក្រៅឃុំនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០។ សវនាការជំនុំជម្រះនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០។ ប្រកាសសាលក្រម នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ ដោយបង្វែរសំណុំរឿងជម្លោះដីទៅជារឿងបរិហារបង្កាច់កេរ្ដិ៍ និងបើកសវនាការសម្រេចក្តីឲ្យខ្ញុំបាទនាងខ្ញុំសងជំងឺចិត្តលោកផ្កាយ ២ ទេស សំអាត ចំនួន ៥០០០ ដុល្លារ»។
ប៉ុន្តែលោក គង់ រតនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ករណីនេះគឺមានការប្តឹងចោទប្រកាន់ពីសំណាក់ដើមបណ្តឹង លោក ទេស សំអាត ដែលបានរងផលខូចខាតបន្ទាប់ពី ២ នាក់ប្តីប្រពន្ធនេះបានប្តឹងទៅក្រសួងការពារជាតិ ករណីដែលជារឿងមិនពិត។ លោកបញ្ជាក់ថា ការលើកឡើងរបស់ ២ នាក់ប្តីប្រពន្ធនេះគឺមិនត្រឹមត្រូវនោះទេ ហើយតំណាងអយ្យការ និងភាគីដើមបណ្តឹងព្រមទាំងចៅក្រមក៏មិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់ដែរ។
លោកអះអាងថា៖ «រឿងដែលយើងកាន់នេះគឺដោយសារតែ ២ នាក់ប្តីប្រពន្ធ បានប្តឹងមួលបង្កាច់ដើមបណ្តឹងដែលជាហេតុនាំឲ្យដើមបណ្តឹង (ទេស សំអាត) គាត់ប្តឹងមកតុលាការ។ យើងមិនដែលស្គាល់លោកផ្កាយ ២ នេះទេ ទាល់តែគាត់ប្តឹងមកតុលាការបានយើងមានចំណាត់ការលើរឿងនេះ។ ជាក់ស្តែង ខាងយើងក៏មិនដែលមានទំនាក់ទំនងអ្វីជាមួយលោកផ្កាយ ២ នេះដែរ»។
បន្ថែមពីនេះលោក គង់ រតនា ថ្លែងថាចំពោះសំណុំរឿងដែលសាលាដំបូងខេត្តឧត្តរមានជ័យបានសម្រេចរួចហើយ បើភាគីចុងចោទមិនសុខចិត្តមានសិទ្ធិប្តឹងបន្តទៅសាលាឧទ្ធរណ៍ដោយដាក់ភ័ស្តុតាងមកការពារខ្លួនដើម្បីឲ្យតុលាការ ស្វែងរកយុត្តិធម៌ជូនបាន។
តាមការរៀបរាប់របស់ ២ នាក់ប្តីប្រពន្ធនៅក្នុងពាក្យបណ្តឹងបានឲ្យដឹងថា នៅឆ្នាំ ២០០២ ពួកគេទាំង ២ នាក់ប្តីប្រពន្ធ និងប្រជាពលរដ្ឋចំនួន ១២ គ្រួសារផ្សេងទៀតត្រូវបានលោកផ្កាយ ២ ទេស សំអាតជួលឲ្យទៅកាប់រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិចំនួន ២ ទីតាំងមានទំហំ ២២០ ហិកតាស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ពួកគេអះអាងថា៖ «នៅឆ្នាំដដែលលោកផ្កាយ ២ អត់មានប្រាក់ឈ្នួលឲ្យ ក៏សុំពួកគាត់កាប់រានព្រៃឈើយកដីរដ្ឋចែកគ្នា ដោយលោកផ្កាយ ២ នៅចាំការពារមិនឲ្យមេព្រៃ និងបរិស្ថានចាប់ និងចេញថ្លៃសាំង ៣ កាន អង្ករ ២ ការ៉ុង និងតម្លៃឈ្នួលកាប់ព្រៃ ៤០ ម៉ឺនរៀលក្នុង ១ ហិកតា។ រហូតកាប់ព្រៃរួចរាល់ ពួកគាត់បានស្នើឲ្យទៅវាស់ដីចែកគ្នា តែលោកផ្កាយ ២ យកលេសថា ជាប់រវល់រហូត។ ក្រោយមកនៅឆ្នាំ ២០១៤ លោកផ្កាយ ២ ទេស សំអាត បានគំរាមលើគ្រួសារខ្ញុំទៀតផងដោយដកកាំភ្លើងបាញ់តែមិនផ្ទុះ។ នៅឆ្នាំ ២០១៣ ខ្ញុំទៅសុំក្រុមយុវជនវាស់វែងធ្វើបណ្ណកម្មសិទ្ធិលើដី តែគេមិនទាន់បានវាស់ឲ្យ ក្រោយមកស្រាប់តែលោកផ្កាយ ២ ទៅលួចធ្វើបណ្ណកម្មសិទ្ធិយកដីទៅលក់អស់ទៀត»។
លោក ទេស សំអាត អាយុ ៤៨ ឆ្នាំជាមន្ត្រីផ្កាយ ២ បម្រើការងារនៅអគ្គនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិមានទីលំនៅបច្ចុប្បន្ន ភូមិ អភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យមិនអាចស្វែងរកប្រភពទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ។ ចំណែកលោកចៅក្រម ទ្រី សុភ័ត ក៏មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានដែរ។ ពីម្សិលមិញ ភ្នំពេញប៉ុស្តិ៍ក៏បានព្យាយាមទាក់ទងទៅ ACU ដើម្បីដឹងពីចំណាត់ការរបស់ស្ថាប័ននេះប៉ុន្តែមិនអាចទាក់ទងបាន។
លោក ធឹម ឆន បញ្ជាក់ក្នុងពាក្យបណ្តឹងដោយរំពឹងថា លោក ឱម យ៉ិនទៀង ប្រធាន ACU នឹងដាក់ការស៊ើបអង្កេតក្នុងរឿងរបស់លោក និងផ្ដល់ភាពយុត្តិធម៌ជូនគ្រួសារលោក៕