ភ្នំពេញៈ មន្ត្រីមកពីក្រសួងជាច្រើនបានបដិសេធនឹងអត្ថបទមួយដែលភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃចន្ទដែលថា អាល្លឺម៉ង់បានព្យួរទិដ្ឋាការអនុគ្រោះចំពោះដំណើរជាឯកជនដល់មន្ត្រីជាន់ខ្ពស់កម្ពុជា បើទោះជាឯកសារចេញពីរដ្ឋសភាអាល្លឺម៉ង់បានបញ្ជាក់ច្បាស់អំពីចំណាត់ការនេះក្តី។
ឯកសារនោះលម្អិតអំពីការឆ្លើយតបនឹងសំណួរពីប្រទេសកម្ពុជាដោយបានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចព្យួរការផ្តល់ទិដ្ឋាការនេះ «រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសាររបស់លោកមន្ត្រីយោធាជាន់ខ្ពស់ និង ប្រធានតុលាការកំពូលរបស់កម្ពុជា»។
ប៉ុន្តែនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថា ការចុះផ្សាយដែលថាអាល្លឺម៉ង់ហាមមន្ត្រីកម្ពុជាមិនឲ្យចូលទៅអាល្លឺម៉ង់ គឺមិនពិតទេ។
លោកថា៖ «ខ្ញុំទទួលបានព័ត៌មានចុងក្រោយថារឿងវាមិនពិតទេ មិនមែនរដ្ឋាភិបាលអាល្លឺម៉ង់ជាអ្នកចេញទេ អ៊ីចឹងហើយយើងនឹងស្រាវជ្រាវបន្តទៀត»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានបង្ហោះសារក្នុងក្រុម (Group Chat) កាលពីអង្គារ ជាផ្នែកមួយនៃអ៊ីមែលដែលត្រូវបានគេសន្មតថា ជារបស់លោក Gunther Mull ជានាយកគ្រប់គ្រងក្រុមហ៊ុន Dermalog របស់អាល្លឺម៉ង់។
សម្រង់ចេញអ៊ីមែលនោះថា៖«បន្ទាប់ពីបានទាក់ទងអាជ្ញាធរពាក់ព័ន្ធនៅអាល្លឺម៉ង់ពួកគេបានបញ្ជាក់ថា អត្ថបទនោះត្រូវបានបង្កើតឡើងដោយបក្សប្រឆាំងតែប៉ុណ្ណោះ ហើយអត្ថន័យនៃអត្ថបទនោះគឺមិនសមហេតុផលនិងមិនពិតប្រាកដទេ»។ បង្ហោះជាភាសាខ្មែរ លោកសុភ័គ បានបញ្ជាក់ថា៖«ខ្ញុំអាចនិយាយបានថាបច្ចុប្បន្ននេះ១០០ភាគរយមន្ត្រីរាជការកម្ពុជាទាំងអស់ត្រូវបានស្វាគមន៍ដោយប្រទេសអាល្លឺម៉ង់»។
សម្រង់អ៊ីមែលនោះបន្ថែមថា៖«ខ្ញុំអាចនិយាយបានថាអត្ថបទនោះ គឺមិនពិតទេ ហើយវាហាក់ដូចត្រូវបានប្រឌិតឡើងដោយគណបក្សប្រឆាំង»។
នៅពេលទាក់ទងកាលពីថ្ងៃអង្គារបុគ្គលិកម្នាក់នៃក្រុមហ៊ុន Dermalog បានថ្លែងថា លោក Mull កំពុងជាប់រវល់ប្រជុំ។ បើតាមការបង្ហោះលើហ្វេសប៊ុក លោក Mull ពីមុនធ្លាប់ធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ក៏បានច្រានចោលរឿងនេះតាមរយៈសារព័ត៌មាន Fresh News ផងដែរ។ ប៉ុន្តែពេលផ្ដល់បទសម្ភាសមួយជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារ លោកមិនបានជំទាស់ដោយផ្ទាល់នឹងភាពត្រឹមត្រូវនៃរបាយការណ៍នេះទេដោយលោកគ្រាន់តែថា អ្នកសារព័ត៌មានគួរតែមានការប្រុងប្រយ័ត្នជាងនេះ។
ប៉ុន្តែលោក Frithjof Schmidt ដែលបានដឹកនាំការធ្វើសេចក្តីព្រាងរបស់សភាអាល្លឺម៉ង់កាលពីថ្ងៃអង្គារបានបញ្ជាក់អំពីភាពត្រឹមត្រូវនៃឯកសារនិងវិធានការដែលត្រូវបានធ្វើឡើងនោះ។
លោកថ្លែងថា៖ «រដ្ឋាភិបាលសហព័ន្ធរបស់[អាល្លឺម៉ង់] បានបញ្ជាក់នៅក្នុងការឆ្លើយតបទៅបក្សនយោបាយរបស់ខ្ញុំថា ខ្លួនបានលុបចោលការផ្តល់ទិដ្ឋាការអនុគ្រោះសម្រាប់សមាជិករដ្ឋាភិបាលកម្ពុជា» ។
លោកបន្តថា៖ «ជំនួសឱ្យការបដិសេធថា មានប្រតិកម្មពីអាល្លឺម៉ង់ចំពោះការរឹតត្បឹតសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានោះ រដ្ឋាភិបាលកម្ពុជា គួរផ្តោតលើមូលហេតុនៃប្រតិកម្មនេះ។ រដ្ឋាភិបាលសហព័ន្ធបានបញ្ជាក់យ៉ាងច្បាស់ថា ការរុះរើលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទិ្ធមនុស្សនៅកម្ពុជានឹងមិនអាចបន្តដោយគ្មានផលវិបាកឡើយ…»។
ស្ថានទូតអាល្លឺម៉ង់នៅទីក្រុងភ្នំពេញបានបង្វែរសំណួរទៅក្រសួងការបរទេសអាល្លឺម៉ង់ដែលមិនឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយបានទេ៕ NS