ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា​ រិះគន់​របាយ​ការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch (HRW)​ ដែលបាន​រក​ឃើញ​ថា​ ជនរងគ្រោះ​នៃ​ការជះ​ទឹក​អាស៊ីត​នៅ​​កម្ពុជា ​មាន​ចំនួន​តិចតួច​ណាស់​ដែលទទួល​បាន​យុត្តិធម៌​និង​សេវា​ព្យាបាល​ដោយ​ឥត​បង់​ថ្លៃ​ ដោយ​មន្ត្រី​អះ​អាងថា​ របាយការណ៍​មាន​ចរិត​នយោ​បាយ​ និង​ជាការ​សងសឹក។

ការរិះគន់​របស់​មន្ត្រី​ជាន់​ខ្ពស់​ខាងលើនេះធ្វើឡើង​ភ្លាមៗ​ពី​ម្សិលមិញ​ បន្ទាប់​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយនេះ​បាន​ចេញ​របាយការណ៍​កម្រាស់ ៤៨ ទំព័រ​ដែលមាន​ចំណង​ជើងថា ​«អារម្មណ៍​រស់​ដូច​ក្នុង​ឋាន​នរក» ​អំពើ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​​នៅ​កម្ពុជា​ ដែលត្រូវបាន​ផ្សាយ​កាលពីថ្ងៃ​ទី​ ៥ ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩​ បន្ទាប់ពី​ស្រាវជ្រាវ​តាំងពី​ឆ្នាំ ២០១៣-​២០១៨។

លោក​ ជិន​ ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បានប្រតិកម្មថា ​របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សនេះ ​មានចរិត​នយោបាយ​ និង​ចេតនា​មាក់ងាយ​ដល់​មន្ត្រី​របស់​កម្ពុជា​ដែលបាន​ខិតខំ​ធ្វើការ​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ។

លោក​បញ្ជាក់ថា​៖ «វា​ធ្វើឡើង​ដោយ​មិនផ្អែក​លើ​ការស្រាវជ្រាវ​ លក្ខណ:វិទ្យាសាស្ត្រ​។ បើ​យើង​ពិនិត្យ​ មើល​ទៅ​លើ​របៀប នៃ​ការ​រៀប​ចំ​សំណួរ​ និង​ក្រុម​គោលដៅ​គឺ​ធ្វើឡើង​ដោយ​ចេតនា​នយោ​បាយ​ និង​បន្តុះ​បង្អាប់​ ឬ​មាក់​ងាយ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ និងមាន​​ចរិត​គុំកួន​នឹង​រដ្ឋាភិបាល»។

លោក​ថា​​ ការផ្តល់​សេវាកម្ម​ច្បាប់ ​គឺមាន​លក្ខណៈ​ល្អប្រសើរ​មិន​ដូចជាការ​លើកឡើង​របស់​របាយការណ៍​នោះ​ទេ​ ដោយសារ​រាជរដ្ឋាភិបាល​មានការ​ផ្តល់​មេធាវី​ការពារក្តី​ដល់​ជនក្រីក្រ​ដែលពុំ​អាចមាន​ថវិកា​បង់ថ្លៃ​សេវាកម្ម​បាន​ ហើយ​ថា​ ក្រសួង​យុត្តិធម៌​នឹង​ពិនិត្យ​មើល​យ៉ាង លម្អិត​ទៅលើ​របាយការណ៍នោះ ​ដែល​ក្រសួង​អាច​យក​មក​ពិចារណា​​ដើម្បី​ជួយឲ្យ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ និង​ការអនុវត្ត​ច្បាប់​កម្ពុជា​កាន់តែ​មាន ប្រសិទ្ធភាព។

ជាមួយ​គ្នានេះ ​លោក​ ​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា​ មន្ត្រី​តុលាការ​ និង​នគរបាល​បាន​ចាត់​វិធានការ​តាម​ដំណាក់កាល ​នីតិវិធី ​និង​ករណី​នីមួយៗ​ហើយ​ថា​ ទោះបីជា​មន្ត្រី​សុខាភិ​បាល ​មន្ត្រី​​តុលាការ​ និង​នគរបាល​កម្ពុជា​ខិតខំ​ធ្វើ​យ៉ាងណា​ក៏ដោយ ​ក៏មិន​អាចធ្វើ​ឲ្យ​អង្គការនេះ ​ពេញចិត្ត​ដែរ។

លោក​បញ្ជាក់ថា​៖ «​ទោះជា​យើង​ខិតខំ​ធ្វើ​អី​ក៏ដោយ​ក៏មិនត្រូវចិត្ត​គាត់​ដែរ​ដោយសារ​តែ​ការយល់​ឃើញ​របស់​គាត់​គឺ​អវិជ្ជមាន​ ដែល​ផ្ទុយ​ដូច្នេះ​ យើង​មិន​ខ្វល់ខ្វាយ​ពីការ​លើកឡើង​នោះ​ទេ។ យើង​ធ្វើ​អ្វី​ទៅតាម​ដែល​យើង​មាន​និង​គោល​ការណ៍​នីតិរដ្ឋ​ និង​ប្រជាធិបតេយ្យ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​យើង។ វា​មាន​ហេតុផល​នយោបាយ​ដោយសារ​ខ្លួន​មាន​ទស្សនៈ​ផ្ទុយ​ពី​គោល​ការណ៍​របស់​គណបក្ស​ប្រជាជន»។

របាយការណ៍នោះ​បានលើកឡើងថា​ មាត្រា ១១​ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីត​ខ្លាំង ចែង​ថា ​មណ្ឌល​សុខភាព​ មន្ទីរពេទ្យ​រដ្ឋ​ ឬ​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត​ ត្រូវ​ផ្តល់​ការ​សង្គ្រោះ ​និង​ព្យាបាល​ជន​រង​គ្រោះ​ដោយ​អាស៊ីតខ្លាំង​ដោយ​ឥត​បង់​ថ្លៃ។

របាយការណ៍​លើកឡើថា​ មាន​ករណី​ជា​ច្រើន​ ​ដែល​ត្រូវបាន​មន្ទីរពេទ្យ​បដិសេធ​ផ្ដល់​សេវា​ព្យាបាល​​បឋម​ និង​សង្គ្រោះ​បន្ទាន់​ហើយ​អះអាងថា​ លុះ​ត្រាតែ​ជន​រងគ្រោះ​មាន​លទ្ធភាព​បង់​ថ្លៃ​សេវា​សង្គ្រោះ​ទើប​មន្ទីរពេទ្យ​ព្រម​ផ្តល់​សេវា​ព្យាបាល។ របាយ​ការណ៍​បន្តថា ​ការ​អូស​បន្លាយ​មិន​ព្រម​ផ្ដល់​ការ​ព្យាបាល​ភា្លមៗ​ របស់​មន្ទីរពេទ្យអាច​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ចំណាយ​ពេល​យូរ ​ដើម្បី​បាន​ជា​សះស្បើយ​ និង​អាច​បណ្ដាល​ ឲ្យ​ជន​រងគ្រោះ​ស្លាប់។

របាយការណ៍​ក៏បាន​លើកឡើង​ករណី ​ជន​រងគ្រោះ​ឈ្មោះ​ ស៊ុន សុខនី ​អាយុ ២៣ ឆ្នាំ ​ដែល​ជា​កម្មករ​រោងចក្រ​ត្រូវ​ប្ដី​ជះ​ទឹកអាស៊ីត​ដាក់ ​កាលពី​ឆ្នាំ​ ២០១៦ ​ព្រោះ​ជម្លោះ​គ្រួសារ​ ហើយថា ​ឡាន​សង្គ្រោះ​បន្ទាន់​បាន​ទារ​ឲ្យ​គ្រួសារ​របស់​គាត់​បង់​លុយ​ ៧០ ​ដុល្លារ​ដើម្បី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ កាល់ម៉ែត​ និងថា ​គ្រូពេទ្យ​បានសួរ​ពីលទ្ធភាព​បង់ថ្លៃ​ព្យាបាល​៕