ភ្នំពេញៈ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បដិសេធចំពោះការស្រាវជ្រាវរបស់ក្រុមយុវជន ១០០ រាត្រីដែលថា មានការបាត់បង់ទឹកដីរាប់រយហិកតានៅខេត្តស្វាយរៀងទៅខាងវៀតណាម ក្រោយការបោះបង្គោលព្រំដែនដោយលោកចាត់ទុកការស្រាវជ្រាវនោះមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ និងព្រមានថាអ្នកចោទបែបនេះប្រយ័ត្នរត់ចោលស្រុក។
លោកបញ្ជាក់ថា៖ «ខ្ញុំចង់បញ្ជាក់ថាចំណុចដែលចោទប្រកាន់ទាំងអស់នោះគឺគ្មានការពិតទេ រឿងនេះមិនមែនយើងចេះតែនិយាយ ហើយថា រដ្ឋាភិបាលចេះតែលុបលាងបិទបាំងតាមដែលគេថាទេរឿងនេះយើងនិយាយការពិត ការពិតត្រង់ថាចោទយើងមិនមានត្រឹមត្រូវ»។
លោក វ៉ា គឹមហុង បន្ថែមថាបង្គោលដែលថាលេខ ១៣៥ ដល់ ១៤០ នោះវៀតណាមបានបោះបង្គោលចូលដីកម្ពុជាដល់ទៅជាង ១-២ គីឡូម៉ែត្រតាមបង្គោលរបស់បារាំងចាស់ដែលបារាំងបានបោះបង្គោលរវាង កូសាំងស៊ីន និងកម្ពុជា។
លោកថាបង្គោលលេខ ១៣៥ ដែលបារាំងបោះនោះមិនមានទេ បារាំងបោះនៅជំនាន់ឆ្នាំ ១៨៧០ នោះមានបង្គោលលេខ ១២៤ រួចហើយនៅហាទៀង ដូច្នេះបង្គោលចុងគេនៅឯហាទៀងគឺនៅត្រង់ចំណុច ១២៤ ឯណោះ។
លោកបញ្ជាក់ទៀតថា៖ «អ៊ីចឹងបានថាមនុស្សល្ងង់ខ្លៅមកចោទគេ អ៊ីចឹងបានខ្ញុំប្រាប់ថាខ្ញុំអត់ឈឺក្បាលនឹងរឿងនេះទេ។ អ្វីដែលចោទនេះសុទ្ធតែចោទក្លែងក្លាយចង់យកឈ្មោះ ១០០ រាត្រីរបស់ កែម ឡី នោះគ្មានអ្វីជាការពិត ដូច្នេះរដ្ឋាភិបាលគេទាត់ចោលហើយៗអាអ្នកចោទនោះប្រយ័ត្នរត់ចោលស្រុកទៀត»។
លោកថាមុននឹងចោទរដ្ឋាភិបាលត្រូវដឹងច្បាស់ពីរឿងព្រំដែន និងរឿងប្រវត្ដិសាស្ដ្រ បើមិនដឹងអ្វីមិនដឹងប្រវត្ដិសាស្ដ្រសោះកុំមកចោទរដ្ឋាភិបាល។
លោកបន្ថែមថា៖ «ខ្ញុំមានផែនទីជំនាន់បារាំងហ្នឹង ផែនទីខេត្ដកូសាំងស៊ីនពីដើមផែនទីហ្នឹងបារាំងធ្វើឲ្យកូសាំងស៊ីន មិនបានធ្វើឲ្យខ្មែរទេ ព្រោះកូសាំងស៊ីនជាអាណានិគមរបស់បារាំង ចំណែកកម្ពុជាយើងជាអាណាព្យាបាលទេ ហើយលក្ខន្តិកៈគឺវាខុសគ្នា ដែលសំខាន់គឺអាណានិគមគេ។ យើងចោទរដ្ឋាភិបាល តើយើងមានអ្វីអះអាងទេ បើមាននៅកន្លែងណាឲ្យខ្ញុំដឹងផង ដោយយកផែនទីអីមកសំអាង កុំចេះតែចោទ»។
អ្នកសិក្សាស្រាវជ្រាវខាងព្រំដែន និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច សប្តាហ៍មុនបានអះអាងថាទឹកដីនៅទីតាំងតំបន់ព្រំដែនបង្គោលលេខ ១៩៤-១៩៩ ឆ្នាំ ២០០៩ ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀងដែលមានការលើកឡើងថាបានបាត់បង់ទៅវៀតណាមក្រោយការបោះបង្គោលព្រំដែនក្នុងបច្ចុប្បន្ននេះគឺមិនអាចជាការពិតទេ ប៉ុន្តែបើបាត់តាមប្រវត្តិសាស្ត្រគឺបាត់បង់មែន។
លោក សុខ ទូច ដែលអះអាងថាបានចុះទៅដល់ទីតាំងបង្គោលព្រំដែនលេខ ១៩៩ នៅក្នុងតំបន់ខាងលើជាប់ព្រំដែនថ្លែងថាកម្ពុជាទទួលយកមរតក កូសាំងស៊ីន។ ដូច្នេះបើយកផែនទីមរតកកូសាំងស៊ីនគឺតំបន់នោះប្រហែលជាមិនបាត់ទេ ប៉ុន្តែបើយកផែនទីណាមួយមកប្រើ ទើបអាចនិយាយថាវាបាត់បង់មែន។
លោកបញ្ជាក់ថា៖ «អ៊ីចឹងទេមិនដឹងថាគាត់អាងឯកសារអីមកទេ គាត់ថាបាត់ហ្នឹងគាត់អាងអី។ បើបាត់លក្ខណៈប្រវត្ដិសាស្ដ្រ វាបាត់មែន ព្រោះដីយើងនៅឯព្រៃនគរឯណោះ។ ប៉ុន្ដែបើនិយាយពីផែនទីដែលនៅសល់ពីកូសាំងស៊ីនហ្នឹង ប្រហែលជាមិនបាត់ទេ ព្រោះយើងបានទម្លាក់ពីផែនទីទៅផែនដី យកប្រើប្រាស់ផែនទីខ្នាត ១ លើ ១ រយពាន់ដែលជាអ្វីដែលបន្សល់ពីកូសាំងស៊ីនហ្នឹង»។
របាយការណ៍បឋមក្នុងរាត្រី ៣៩ របស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន ៩ ទំព័រដាក់ចំណងជើងថា «ការបាត់បង់ដីនៅព្រំដែនច្រមុះជ្រូក ឬចំពុះទាទៅវៀតណាមរាប់រយហិកតា»។
ព្រំដែនចំពុះទានេះស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ១៩៤-១៩៩ ក្នុង ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ស្រុកមុខវ៉ា ខេត្តឡុងអាន ប្រទេសវៀតណាមដែលក្រុមយុវជនបានចុះស្រាវជ្រាវក្នុងខែតុលា ២០១៧ ដែលទើបចេញផ្សាយនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៨។
របាយការណ៍បង្ហាញថាមានហេតុផល ៥ ចំណុចដែលសំអាងថាកម្ពុជាបាត់បង់ដីរាប់រយហិកតាទៅវៀតណាមគឺទី ១ ការបោះបង្គោលថ្មីកាលពីឆ្នាំ ២០០៩ ចំនួន ៦ បង្គោលគឺបង្គោលជាក់ស្តែង បង្គោលថ្មីលេខ ១៩៩ បោះឆ្ងាយពីបង្គោលចាស់ជាង ២ គីឡូម៉ែត្រ។
ទី ២ ពលរដ្ឋខ្មែរម្ចាស់ដីនៅជាប់ព្រំដែនបានបាត់បង់ដីស្រែជាបន្តបន្ទាប់ ក្រោយពីវៀតណាមធ្វើផ្លូវក្រវាត់ព្រំដែនកាលពីឆ្នាំ ២០១៥ ដោយគ្មានដំណោះស្រាយ។
ទី ៣ រដ្ឋាភិបាលវៀតណាមបានរៀបចំយុទ្ធសាស្ត្រឈ្លានពានកម្ពុជាបានបន្លំយកដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនធ្វើជាដីសង្គមកិច្ចចែកឲ្យពលរដ្ឋខ្លួនក្រីក្រមកពីខេត្តឆ្ងាយៗរស់នៅ ហើយរដ្ឋជួយឧបត្ថម្ភគ្រប់បែបយ៉ាងដូចជាធ្វើផ្ទះ ធ្វើផ្លូវ មន្ទីរពេទ្យ សាលារៀន ទីផ្សារ និងផ្ដល់ប្រាក់កម្ចីយកទៅរកស៊ីដោយមិនគិតការប្រាក់ជាដើម។
ទី ៤ អាជ្ញាធរខ្មែរ និងវៀតណាមរារាំងមិនឲ្យពលរដ្ឋ អ្នកសារព័ត៌មាន សង្គមស៊ីវិល និងបក្សប្រឆាំងចូលទៅពិនិត្យតំបន់ព្រំដែនជាក់នោះទេ។
ទី ៥ វៀតណាម ខិតខំអភិវឌ្ឍតំបន់នោះយ៉ាងលឿនដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធជួយសម្រួលការរស់នៅរបស់ប្រជាពលរដ្ឋគេថែមទៀតផង។
នៅពេលភ្នំពេញប៉ុស្តិ៍ទាក់ទងសុំអត្ថាធិប្បាយលើវិធីសាស្ត្រវាស់វែង អ្នកវិភាគនយោបាយ និងសង្គមលោក អ៊ូ វីរៈ និងលោក ឡៅ ម៉ុងហៃ បដិសេធបញ្ចេញមតិដោយបញ្ជាក់ស្រដៀងគ្នាថាលោកមិនមែនជាអ្នកជំនាញផ្នែកខាងព្រំដែននោះទេ៕