សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​ពីថ្ងៃ​ ២៩ ​ធ្នូ​ បាន​ចាប់​សត្វ​ស្វា​កាចៗ​នៅ​បរិវេណ​ប្រាសាទបាយ័ន​បាន​ចំនួន​ ១៦ ​ក្បាល​​ ដោយ​មាន​បំណង​យកទៅ​ភ្នំ​តាម៉ៅ​មុនពេល​លែង​ក្នុងព្រៃ​ បន្ទាប់ពី​វា​បាន​រំខាន​ដល់​ភ្ញៀវទេសចរ​ និង​ធ្វើឱ្យ​ខូច​ប្រាង្គ​ប្រាសាទ តែ​បាន​បដិសេធ​ព័ត៌មាន​ពី​ការងាប់​សត្វ​ស្វា ខណៈ​សមត្ថកិច្ច​កំពុង​បន្ត​រក​សត្វ​ស្វា​កាចៗ​ផ្សេង​ដើម្បី​យក​ចេញ​ពី​ទីនោះ​។

យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹងថា ហ្វូង​សត្វ​ស្វា​កាចៗ​មួយចំនួន​ដែល​ស៊ាំ​នឹង​ការផ្តល់​នំចំណី​ដោយ​មនុស្ស​បាន​ប្រែ​ពី​ប្រភេទ​សត្វព្រៃ​មក​​ជា​សត្វ​ចិញ្ចឹម​។ តាមរយៈ​នេះ សត្វ​ស្វា​ទាំងនោះ​បាន​ចេញ​ចូល​រក​ចំណី​ក្នុង​តំបន់​ប្រាសាទ​ផងដែរ​។

ក៏ប៉ុន្តែ​ក្នុង​ការស្វែងរក​ចំណី​នោះ​សត្វ​ស្វា​បាន​ដណ្តើម​ចំណី​ពី​មនុស្ស​ដែល​បង្ក​ការរំខាន​​ហើយ​ពេលខ្លះ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដោយផ្ទាល់​តែម្តង​។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា ក្រៅពីនេះ​សត្វ​ស្វា​ក៏បាន​បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​ដូចជា រុញ​ឲ្យ​ជ្រុះ​នូវ​ថ្ម​ប្រាសាទ​ និង​ធ្វើឲ្យ​ខូចខាត​នូវ​ផ្ទាំង​បដាព័ត៌មាន​ផ្សេងៗ​ទៀតផង​។ ​ប្រការ​នេះ​ចាំបាច់​ត្រូវ​យកចេញ​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​នាពេល​អនាគត​។ នេះ​បើតាម​ការជូន​ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​ ២៨ ​ខែ​ធ្នូ​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក​ ឡុង កុសល បាន​ថ្លែង​ពីថ្ងៃ​ទី​ ២៩ ពេល​លោក​ចុះ​អន្តរាគមន៍​លើ​ការចាប់​សត្វ​ស្វា​ទាំងនោះ​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​ដកយក​សត្វ​ស្វា​កាចៗ​ចេញពី​តំបន់​ប្រាសាទ​ដោយសារ​សត្វ​ស្វា​ទាំង​នោះ​បាន​ដណ្តើម​​ចំណី​ពី​មនុស្ស​បង្ក​របួស​ (​ខាំ​) ​ភ្ញៀវទេសចរ និង​បាន​ធ្វើឱ្យ​ខូច​ប្រាង្គ​ប្រាសាទ​មួយចំនួន​ផង​។

លោក​ក៏បាន​លើកឡើង​នៅ​ចំពោះមុខ​មនុស្ស​មួយក្រុម​ដែល​បាន​ប្រឆាំងនឹង​ការចាប់យក​ស្វា​ទាំងនោះ​ថា​៖ «​សត្វ​ស្វា​ទាំង​​នេះ​បាន​ក្លាយ​ទៅជា​សត្វ​ស្វា​ដែល​ស៊ាំ​ជាមួយ​នឹង​មនុស្ស​ដោយសារ​អ្នកខ្លះ​បានដាក់​ចំណី​ឱ្យ​ស្វា​ទាំងនេះ​ដែល​ធ្វើឱ្យ​ស្វា​ទាំងនោះ​លែង​ខ្លាច​មនុស្ស​ហើយ​​បាន​ដណ្តើម​ចំណី​ពី​មនុស្ស​។

ដូចនេះហើយ​បាន​ជា​យើង​ត្រូវ​ការដក​ស្វា​ទាំងនេះ​ចេញ​មួយចំនួន​ដោយសារ​វា​កាច​ពេក វា​ខាំ​ភ្ញៀវទេសចរ និង​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ប្រាសាទ​។ ​យើង​សុំឱ្យ​មាន​ការចូលរួម​ទាំងអស់​គ្នា​ដើម្បី​ការពារ​ផលប្រយោជន៍​រួមទាំង​មូល​»​។

លោក​ថា អាជ្ញាធរ​ជាតិ​អប្សរា​មិនទាន់​ដឹងថា​តើ​នឹង​ចាប់​សត្វ​ស្វា​ប៉ុន្មាន​ក្បាល​នោះទេ អាស្រ័យ​លើ​ការពិនិត្យ​ជាក់ស្តែង​ថា​តើ​នៅមាន​សត្វ​ស្វា​កាច​ប៉ុន្មាន​ក្បាល​ទៀត ហើយ​មកទល់​ពេល​នេះ​មាន​ស្វា​កាច​ចំនួន​ ១៦ ​ក្បាល​ត្រូវបាន​ចាប់​។

ឆ្លើយតប​នឹង​ការផ្សព្វផ្សាយ​ដែលថា មាន​ស្វា​ចំនួន​ ២ ​ក្បាល​បាន​ងាប់​នោះ លោក កុសល បាន​បញ្ជាក់ថា ករណីនេះ​ជា​​រឿង​មិន​ពិត​ទេ គឺ​វា​គ្រាន់តែ​សន្លប់​ប៉ុណ្ណោះ វា​ជា​លក្ខណៈ​បច្ចេសទេស​របស់​ក្រុមការងារ​ផ្នែក​ជំនាញ​ក្នុង​ការចាប់​សត្វ​ហើយ​អ្នក​ដែល​មិនដឹង​គឺ​ចេះតែ​និយាយ​ប៉ុណ្ណោះ​។

អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​សម្រេច​ចាប់យក​សត្វ​ស្វា​កាចៗ​ទាំងនោះ​ចេញ​​ពី​តំបន់​អង្គរ​ទៅធ្វើ​ចត្តាឡីស័ក​មុននឹង​លែង​ចូល​ព្រៃ​ធម្មជាតិ​ផ្សេង​ខាង​ក្រៅពី​ឧទ្យាន​អង្គរ​។

លោក​ ជូរ៉ា ឌីណា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​អាជ្ញាធរ​ជាតិ​អប្សរា​ថា ការងារ​នេះ​មាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដែលមាន​មន្ត្រី​ជំនាញ​ចាប់​សត្វ​ស្វា​ចេញពី​តំបន់​អង្គរ​ឱ្យមាន​សុវត្ថិភាព​ខ្ពស់​។

លោក​ថា អាជ្ញាធរ​ជាតិ​អប្សរា​បានសម្រេច​ស្នើ​មន្ដ្រី​ជំនាញ​ដើម្បី​យក​សត្វ​ស្វា​ទាំងនោះ​ទៅ​ទុក​នៅ​សួនសត្វ​ភ្នំ​តាម៉ៅ​។

លោក​ សេក សេង អនុប្រធាន​ការិយាល័យ​សង្គ្រោះ និង​ព្យាបាល​សត្វ​នៃ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យ​​ដឹងថា ស្វា​ទាំងនេះ​នឹង​យក​ទៅ​​ដាក់​នៅ​សួនសត្វ​ភ្នំ​តាម៉ៅ ប៉ុន្តែ​មិន​ទុក​នៅ​រហូត​ទេ​គឺ​ទុក​មួយ​​រយៈ​ប៉ុណ្ណោះ​ដោយសារ​នៅ​ភ្នំ​តាម៉ៅ​ក៏មាន​សត្វ​ស្វា​ច្រើន​ដែរ​។

លោក​ថា​៖ «​យើង​នឹង​យក​វា​ទៅ​ដើម្បី​អ្នកជំនាញ​ធ្វើការ​បំពាក់បំប៉ន​ និង​ថែរក្សា​សុខភាព​របស់​វា​ឱ្យ​រឹងមាំ ហើយ​នៅពេល​មានឱកាស​ណាមួយ​យើង​នឹង​ស្នើសុំ​យក​វា​ទៅ​លែង​នៅក្នុង​ព្រៃ​ធម្មជាតិ ដែល​ជា​ដែន​ជម្រក​សត្វ​មាន​ការការពារ​ពី​ឧទ្យានុរក្ស​ដែល​យើង​គិតថា​វា​នឹងមាន​សុខ​សុវត្ថិភាព​»​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​​គឺ​ការចាប់​សត្វ​ស្វា​កាចៗ​ទាំងនេះ​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ ហើយ​សត្វ​ស្វា​កាចៗ​ទាំងនោះ​មានដូចជា ស្វាក្រិស ស្វា​ក្ដាម ដែល​ជា​ហ្វូង​សត្វ​ស្វា​កាចៗ និង​មាន​ភាពស៊ាំ​ជាមួយ​​នឹង​មនុស្ស​៕

វីដេអូ៖