ភ្នំពេញៈ យុទ្ធនាការ​ដោះស្រាយ​ភាពកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​កំពុង​បន្ត​នីតិវិធី ​បើទោះ​ជា​តុលាការ​រាជធានី-ខេត្ត​លើក​ពេល​​ជំនុំជម្រះ​ដោយ​មូលហេតុ​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​ក្តី ​ដែល​ក្រោយ​ពី​ខែ​ឧសភា ​ដល់​ខែ​តុលា ​ឆ្នាំ ២០២០ ​នៅ​តាម​តុលាការ​រាជធានី-​ ខេត្ត បាន​ដោះស្រាយ​ជាង​ ២៧ ៧០០​ ​សំណុំ​រឿង​ស្មើ​នឹង​​ ៧១ ​ភាគរយ។ នេះ​បើ​តាម​លោក​ ជិន ​ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

ករណី​នេះ​ត្រូវ​បាន​លោក​ ជិន ម៉ាលីន ប្រាប់​ភ្នំពេញប៉ុស្តិ៍​ កាលពី​ថ្ងៃទី ១ ធ្នូ ​ថា​យុទ្ធនាការ​ដោះស្រាយ​ភាពកកស្ទះ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ គឺ​នៅ​តែបន្ត​ទៅ​មុខ​ដដែល។ ប៉ុន្តែ​ការអនុវត្ត​យុទ្ធនាការ​នេះ​មាន​ការបត់បែន​ទៅ​តាម​វិធីសាស្រ្ត​ផ្សេងៗ​ បើ​ទោះបី​មិន​មាន​សវនាការ​ក្តី ​តែ​ដំណើរការ​នីតិវិធី​នៅតែ​ទៅ​មុខ។

លោក​ ម៉ាលីន ថ្លែង​ថា​៖ «យុទ្ធនាការ​នៅ​តែ​ទៅ​មុខ​ តែ​យើង​យក​អាទិភាព​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវិដ១៩​ដល់​សហគមន៍។​ យើង​បត់បែន​ទៅ​តាម​កាលៈទេសៈ​ដែល​ច្បាប់​តម្រូវ»។

បើ​តាម​លោក ​ជិន ម៉ាលីន​ សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​លើក​ពេល​បើក​សវនាការ​ជំនុំជម្រះ​បណ្តោះ​អាសន្ន​ពី​ថ្ងៃ​ទី​ ៣០ ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី ១៤ ​ធ្នូ ដោយ​មូលហេតុ​ចូលរួម​ និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។​ ប៉ុន្តែ​មិនមាន​ន័យ​ថា​តុលាការ​នៅ​ទូទាំង​ប្រទេស​លើក​ពេល​សវនាការ​ទាំងអស់​ទេ ​ដោយ​ខាង​តុលាការ​ពិនិត្យ​មើល​ទៅ​តាម​ករណី​ជាក់​ស្តែង​ មិនមែន​ផ្អាក​សវនាការ​តែ​គ្រប់​ករណី​សំណុំរឿង​ទាំងអស់​នោះ​ដែរ។ បើ​សំណុំ​រឿង​ណា​ត្រូវ​ជម្រះ​បាន​ក៏ជម្រះ​ បើ​សំណុំ​រឿង​ណា​ត្រូវ​ផ្អាក​បាន​ក៏​ផ្អាក​ទុក​សិន។

លោក​ប្រាប់​ថា​ចំពោះ​ការអនុវត្ត​យុទ្ធនាការ​លើ​ភាពកកស្ទះ​សំណុំ​រឿង​គឺ​ក្រសួង​យុត្តិធម៌​កំពុង​បូក​សរុប​ ខណៈ​ការអនុវត្ត​យុទ្ធនាការ​ភាពកកស្ទះ​សំណុំ​រឿងបាន​ ១៥០ ​ថ្ងៃ​ និង​លទ្ធផល​បាន​ជាង​ ២៧ ៧០០ ​សំណុំ​រឿង​ស្មើ​នឹង​ ៧១ ​ភាគរយ។ ក្រសួង​យុត្តិធម៌​នឹង​ធ្វើការ​បូក​សរុប​បន្ត​ទៀត​ក្រោយ​តុលាការ​លើក​ពេល​សវនាការ​ ១៤ ថ្ងៃ។

ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ភាពកកស្ទះ​សំណុំ​រឿង​ ហើយ​ដែល​នាំឱ្យ​មាន​ភាពធូរស្រាល​ដល់​ភាពចង្អៀត​ណែន​នៃ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នោះ​ត្រូវ​បាន​លោក​ នុត សវនា អ្នក​នាំពាក្យ​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា​ការដោះស្រាយ​ភាពកកស្ទះ​សំណុំរឿង​គឺ​មាន​ន័យ​ថា​ ជំរុញ​ការជំនុំ​ជម្រះ​ក្តី​ឱ្យបាន​ឆាប់​ដែល​ត្រូវ​ទម្លាក់​បទចោទ​ ឬ​ក៏​ត្រូវ​ដោះលែង​ជនជាប់ចោទ​។ ចំពោះ​ករណី​នេះ​លោក​មិន​ទាន់​បាន​សិក្សា​នៅឡើយ​​ទេ ​ប៉ុន្តែ​ដោយសារ​មាន​គោលការណ៍​ថ្មី​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ថ្នាំញៀន​ គឺ​ខាង​ពន្ធនាគារ​បាន​យក​ពួកគាត់​ទៅ​ដាក់​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​មាន​ជាង​ ៥ ពាន់​នាក់​ហើយ​។

ដើម្បី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ដំណើរការ​កកស្ទះ​សំណុំរឿង​នោះ​លោក​ នុត សវនា បាន​ប្រាប់​ទៀត​ថា​មាន​តែ​ខាង​អង្គ​តុលាការ​ទេ​ ដែល​អាច​ដោះស្រាយ​បាន​ហើយ​តុលាការ​ក៏បាន​អនុវត្ត​ដោយ​ដាក់​ថ្ងៃ​ជំនុំជម្រះ​បាន​ញឹកញាប់​ហើយ​ដែរ។ បើ​ការជំនុំ​ជម្រះ​បាន​ច្រើន​ជាង​មុន ​ក៏​ជា​ការពន្លឿន​​នៃ​ភាពកកស្ទះ​សំណុំរឿង​ដែរ។

លោក​ ស៊ឹង សែនករុណា មន្រ្តី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​បើ​តាម​ការអង្កេត​របស់​លោក​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​នៃ​ការដោះស្រាយ​ភាពកកស្ទះ​សំណុំ​រឿង​នេះ ​លោក​យល់ឃើញ​ថា​យុទ្ធនាការ​នេះ​ ជា​រឿង​មួយ​ល្អ​ប្រសើរ​ហើយ។ ​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​លោក​ថា សមាគម​របស់​លោក​ក៏​មាន​ការព្រួយបារម្ភ​ដែរ។

ចំពោះ​ការព្រួយ​បារម្ភ​នោះ​បើ​តាម​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ ​គឺ​ការដែល​ជំរុញកុំ​ឱ្យ​មាន​ភាព​កកស្ទះ​សំណុំរឿង ​ក៏​អាច​នឹង​មាន​ផលអវិជ្ជមាន​ដែរ​ ដូចជា​ការអនុវត្ត​តាម​នីតិវិធី​បែប​នេះ ​អាច​ធ្វើ​ឡើង​ដោយ​មាន​ការខ្វះ​ចន្លោះ ​ឬ​ក៏​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក​ថ្លែងថា​៖​«ដូចជា​ការរក​យុត្តិធម៌​ពី​ភាគី​ពាក់ព័ន្ធ​ វា​ហាក់​ដូចជា​មាន​ភាពឆាប់​រហ័ស​ពេក​ ឬ​ក៏​គ្មាន​ភាពល្អ​ប្រសើរ។ ប៉ុន្តែ​រឿង​ខ្លះ​ក៏​គួរ​តែ​ជំរុញ​ឱ្យ​មាន​ការដោះស្រាយ​បញ្ហា​នីតិវិធី​នៅ​ដំណាក់កាល​ដែល​រឿង​ខ្លះ​ហ្នឹង​ក៏ផ្អិប​ទុក​យូរ​ ដែល​គួរ​តែ​ជំរុញ​​ឱ្យ​មាន​ភាពឆាប់​រហ័សដែរ​។ អ៊ីចឹ​ង​ខ្ញុំ​យល់​ថា ​លឿន ​ឬ​យឺត​យ៉ាង​ម៉េច ​គួរតែ​មាន​ការពិចារណា​ស្វែងរក​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ​មាន​ភាពត្រឹមត្រូវ»៕